
ពលករខ្មែរពេលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនខេត្តឧត្តរមានជ័យ កាលពីខែកក្កដា។ រូបថត រដ្ឋបាលខេត្តឧត្តរមានជ័យ
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) ចំនួន ១០៩ ករណីក្នុងនោះចំនួន ៤៣ នាក់រកឃើញនៅថ្ងៃទី ៣១ ខែកក្កដា និង ៦៦ នាក់ទៀត រកឃើញនៅថ្ងៃទី ១ ខែសីហា ដោយលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ១ ខែសីហា បានឲ្យដឹងថា លទ្ធផលវិភាគដែលរកឃើញវីរុសបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ៤៣ នាក់ មានស្រី ២១ នាក់នៅថ្ងៃទី ៣១ ខែកក្កដា និង ៦៦ នាក់ ស្រី ២៧ នាក់ នៅថ្ងៃទី ១ ខែសីហា។ អ្នកជំងឺទាំងនោះ មាន ៥ នាក់នៅរាជធានីភ្នំពេញ ដែលជាពលករមកពីថៃ និងអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្ត្រី បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ី ១ នាក់។
ក្រៅពីនោះ ជាអ្នកជំងឺនៅបណ្តាខេត្តផ្សេងៗដូចជា កំពង់ចាម ២ នាក់ ឧត្តរមានជ័យ ៣៤ នាក់ បន្ទាយមានជ័យ ៧ នាក់ បាត់ដំបង ៥ នាក់ ប៉ៃលិន ២៩ នាក់ សៀមរាប ២២ នាក់ ត្បូងឃ្មុំ ២ នាក់ ព្រៃវែង ២ នាក់ កំពង់ធំ ១ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭក និងអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចឱ្យសោះg> ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ។
លោកថ្លែងថា៖ «សូមបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការពង្រឹង ការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ ១៩ (រួមទាំងពពួកបំប្លេងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងហ្មត់ចត់ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១»។
ដោយឡែកបុគ្គលដែលតម្រូវឲ្យធ្វើចត្តាឡីស័កត្រូវតែគោរពតាមគោលការណ៍ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី៕