ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​យក​វ៉ាក់សាំង AstraZeneca ជា​ដូស​ទី៣ សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ភាពស៊ាំ ដែល​ជំហាន​ដំបូង​នឹង​អនុវត្ត​ចំពោះ​កម្លាំង​ជួរមុខ និង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ខណៈ​លោក​ក៏បាន​បញ្ជា​ឱ្យ​បញ្ជូន​ស្បៀង​ជូន​ពលករ​ខ្មែរ​ដែល​កំពុង​ជាប់គាំង​នៅតាម​ព្រំដែន​ក្នុងប្រទេស​ថៃ ដែល​មិនទាន់​អាច​អនុញ្ញាត​ឱ្យ​ត្រឡប់​ចូល​ប្រទេស​វិញ​បាន​ផងដែរ។

ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៃ​ការប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ជូន​ក្មេង និង​យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំ​ទៅ​ក្រោម ១៨ ឆ្នាំ នា​ព្រឹក​ថ្ងៃទី ១ សីហា នៅ​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​បានសម្រេច​យក​វ៉ាក់សាំង AstraZeneca ជា​ដូស​ទី៣ សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ រួច​ទាំង ២ ដូស។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ក៏បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ថែមទៀត សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ប្រភេទ​ផ្សេង ដើម្បី​បានទទួល​វ៉ាក់សាំង​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​ល្អ​ប្រសើរ។

លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​យក​ការសម្រេច​ហើយ អនុញ្ញាត​ឱ្យ​ចាក់​ដូស​ទី៣ ដោយ​ប្រើប្រាស់ AstraZeneca ធ្វើជា​ដូស​ជំរុញ។ អ្នក​ដែល​បាន​ចាក់​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ត្រូវ​យក AstraZeneca ធ្វើជា​ដូសជំរុញ ហើយ​ត្រូវបញ្ជូន​ជាបន្ទាន់​ទៅ​អនុវត្ត​នៅ​ខ្សែត្រៀម​ជួរមុខ​តាម​ព្រំដែន​កម្ពុជា ថៃ»។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ការចាក់​ដូស​ទី៣ នេះ​អាច​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ ព្រោះ​ការចាក់​វ៉ាក់សាំង​ដូស​ទី ៣ គឺ​ត្រូវ​ការចាក់​តែ ១ ដូស​ប៉ុណ្ណោះ ដែល​នឹង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការផ្តល់​វ៉ាក់សាំង​ដូស​ទី៣ ជូន​ដល់​ពលរដ្ឋ។

សម្រាប់​វ៉ាក់សាំង AstraZeneca ជា​ដូស​ទី៣ ដែល​ត្រៀម​ចាក់​ជូន​ពលរដ្ឋ​ក្នុង​ពេលនេះ គឺជា​វ៉ាក់សាំង​ដែល​ទទួលបាន​ពី​ប្រទេស​ជប៉ុន អង់គ្លេស ខណៈ​លោក​ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​ចរចា​បន្ថែមទៀត ក្នុង​ការទិញ​វ៉ាក់សាំង AstraZeneca នេះ​តាមរយៈ​យន្តការ​កូវ៉ាក់។

ចំណែក​ការទប់ស្កាត់​ការនាំចូល​វីរុស​កូវីដ​ថ្មី​ដែលជា​ប្រភេទ​ ដែលតា វិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ពន្ធ​ឱ្យ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់​ការនាំចូល​ពី​ប្រទេស​ជិតខាង ព្រោះ​បើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​រីករាលដាល​ពាសពេញ​ប្រទេស ហើយនឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែមទៀត។

បន្ថែម​ពីលើ​នេះ​ទៀត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទទូច​ដល់​ពលករ​ខ្មែរ សូមកុំ​ទាន់​ត្រឡប់​ចូល​កម្ពុជា ក្នុងពេល​នេះ ព្រោះ​ការចូល​របស់​ពលរដ្ឋ​នៅពេលនេះ​គឺអាច​នឹង​នាំយក​នូវ​វីរុស​ប្រភេទ​ថ្មី​ដែល​តា ដែលនាំឱ្យ​មាន​ឆ្លង​រីករាលដាល​ចូលក្នុង​ប្រទេស​កាន់តែខ្លាំង។

លោក​បាន​បញ្ជាក់ថា៖ «កុំឱ្យ​ដែលតា ចូលមក​ស្រុក​ខ្មែរ និង​ឱ្យ​បណ្តា​ខេត្ត​តាម​ព្រំដែន មាន​ពេល​ដកដង្ហើម​ផង ដែល​មកដល់ពេលនេះ មាន​ជាង ១ ម៉ឺន ២ ពាន់​ហើយ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក អ៊ីចឹង​ហើយ​បាន​បន្ត​អំពាវនាវ។ បើតាម​បណ្តា​ខេត្ត​ដែលមាន​បងប្អូន​មក​នោះ គឺ​ពិនិត្យមើល​ការផ្គត់ផ្គង់​ស្បៀង ដើម្បីឱ្យ​ខាង​ថៃ​គាត់​សហការ​កុំឱ្យ​បងប្អូន​យើង​មក។ យើង​អាច​រុញ​ស្បៀង​ពី​កម្ពុជា​យើង​ទុកឱ្យ​គាត់​នៅ​ខាង​ថៃ។ យើង​នឹង​ទទួលយក​ពួកគាត់»។

វ៉ាក់សាំង​ AstraZeneca ដែល​ជា​ជំនួយ​ពី​ជប៉ុន ពេល​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី ២៣ កក្កដា។ហេង ជីវ័ន

លោក លឹម សុផុន មន្ត្រី​ឃ្លាំមើល​ពលករ​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ពលករ​ខ្មែរ​ជាច្រើន​បាន​សម្រុក​មក​កម្ពុជា​វិញ ហើយ​បាន​ជាប់គាំង​នៅតាម​ព្រំដែន។ ពេលនេះ លោក​ក៏​កំពុង​សហការ​ជាមួយ​ស្ថានទូត​កម្ពុជា ដើម្បី​បន្ត​ផ្តល់​ស្បៀង​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ខ្វះខាត និង​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ ១៩ នេះ។ ប៉ុន្តែ​លោក​មើលថា ការជួយ​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ដែល​ទាមទារ​ឱ្យមាន​វិធាន​ថ្មីៗ​បន្ថែម​ទៀត។

លោក​បាន​បញ្ជាក់ថា៖ «បើទោះបី​ស្ថានទូត និង​ស្ថាប័ន​ពាក់ព័ន្ធ​ខំ​ជួយ​ខ្នះខ្នែង​យ៉ាងណា​ក៏​ខ្ញុំ​ជឿថា ការចែក​ស្បៀងអាហារ ថ្នាំសង្កូវ​នេះ មិន​គ្រប់​នោះទេ។ ព្រោះ​ថ្មីៗនេះ សម្ទុះ​នៃ​ការរីករាលដាល​កូវីដ ១៩ នៅក្នុង​ប្រទេស​ថៃ​ខ្លាំង ឆ្លង​ស្ទើរ​សឹងតែ​គ្រប់គ្នា​ហើយ ឆ្លង​លឿន​មែនទែន»។

កាលពី​ថ្ងៃ​ម្សិលមិញ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏​បាន​ប្រកាស​ដែរ​ថា វ៉ាក់សាំង​បង្ការ​កូវីដ​ចំនួន ១ លានដូស​បន្ថែមទៀត ដែលជា​ជំនួយ​ជំហាន​ទី៥ របស់​ចិន​ជូន​កម្ពុជា​បានមក​ដល់​រាជធានី​ភ្នំពេញ​ហើយ ហើយ​ចិន​នឹង​នៅ​ធ្វើជា​ខ្នងបង្អែក​សម្រាប់​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្ពុជា ដរាបណា​ជំងឺ​វីរុស​កូវីដ​នៅ​កម្ពុជា​មិនទាន់​បញ្ចប់។

ជាមួយ​នឹង​ប្រកាស​នេះ ស្ថានទូត​ចិន​ក៏បាន​អះអាងថា នេះ​ជា​ជំនួយ​វ៉ាក់សាំង​លើក​ទី៥ របស់​ភាគី​ចិន​ជូន​មក​កម្ពុជា។ រហូតមកទល់​ពេលនេះ ចំនួន​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​ជូន​មក​កម្ពុជា​មាន​ចំនួន​សរុប ៣,២ លាន​ដូស។

ស្ថានទូត​ចិន​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ «ចិន​និង​កម្ពុជា គឺជា​បងប្អូន​ល្អ​ប្រៀប​ដូច​ដៃ និង​ជើង និង​ជា​មិត្តភក្តិ​ល្អ​ក្នុង​សហគមន៍​វាសនា​រួម។ ភាគី​ចិន នឹង​បន្ត​ធ្វើជា​កម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​ដ៏រឹងមាំ និង​ជា​បង្អែក​យុទ្ធសាស្ត្រ​វ៉ាក់សាំង​សម្រាប់​កម្ពុជា និង​គាំទ្រ​មិន​ងាករេ​ដល់​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស​នៅក្នុង​កម្ពុជា។ ដរាបណា​វីរុស​កូវីដ​នៅ​កម្ពុជា​មិនទាន់​បញ្ចប់ ការផ្តល់​ជំនួយ​របស់​ចិន​មក​កម្ពុជា​ក៏​មិនអាច​បញ្ឈប់​បានឡើយ»។

ចាប់តាំងពី​មាន​ការផ្ទុះឡើង​នូវ​ជំងឺ​កូវីដ ១៩ មក ចិន និង​កម្ពុជា​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក និង​រួមគ្នា​ជម្នះ​រាល់​ការលំបាក​ទាំងឡាយ បង្កើត​បាន​ជា​គំរូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​វីរុស​នៅក្នុង​សហគមន៍​អន្តរជាតិ។ ចាប់តាំងពី​ដើមឆ្នាំ ២០២១ នេះ​មក​ចិន​បានផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ​ដល់​កម្ពុជា​សរុប ១៨,៧ លានដូស​ក្នុង​នោះ ៣,២ លាន​ដូស​ជា​ជំនួយ​ឥតសំណង និង ១៥,៥ លានដូស​ជា​ការបញ្ជាទិញ​របស់​ភាគី​កម្ពុជា។

ក្នុងពេល​ឆាប់ៗ​នេះ​ភាគី​ចិន​នឹង​ផ្តល់ជំនួយ​ជា​សម្ភារ​បន្ទាន់​ជូន​ដល់​ភាគី​កម្ពុជា សម្រាប់​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស​ដែលមាន​តម្លៃ​សរុប​ជាង ២០ លាន​យន់​ក្នុង​នោះ​រួមមាន ម៉ាស៊ីន​អុកស៊ីហ្ស៊ែន សម្រាប់​វេជ្ជសាស្ត្រ ម៉ាស៊ីន​ជំនួយ​ដកដង្ហើម និង​សម្លៀកបំពាក់​ការពារ​ជាដើម​ ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩។ នេះ​បើ​យោងតាម​ការអះអាង​របស់​ស្ថានទូត​ចិន៕