ភ្នំពេញៈ កម្ពុជា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១២ ឆ្នាំ​នៃ​ការដាក់បញ្ចូល​បណ្ណសារ សារមន្ទីរ​ទួលស្លែង​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (៣១-កក្កដា-២០០៩ ៣១-កក្កដា-២០២១) កាលពី​ថ្ងៃទី ៣១ ខែកក្កដា ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មនុសុ្ស​ជាតិ​នៅលើ​ពិភពលោក​យល់ដឹង។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​នៅ​ថ្ងៃទី ១ ខែសីហា ថា ការប្រារព្ធ​ពិធី​នេះ ក្រសួង​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​មនុស្សជាតិ​នៅលើ​ពិភពលោក​យល់ដឹង​ និង​ចៀសវាង​ការប្រព្រឹត្ត​នូវ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ទៅនឹង​មនុស្សជាតិ​ដូច​នៅ​ប្រទេស​កម្ពុជា។

លោក​បន្តថា ជា​រៀងរាល់​ឆ្នាំ កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​នេះ​មិនដែល​ខាន​នោះទេ ប៉ុន្តែ​មិនមាន​លក្ខណៈ​ធំដុំ ដូច​ការប្រារព្ធ​ពី​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ទេ។ ការប្រារព្ធ​នេះ​ដោយ​មាន​ការថ្លែង​បទអន្តរាគមន៍ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​តំណាង​ស្ថានទូត និង​អង្គការ​អន្តរជាតិ​នានា​តែប៉ុណ្ណោះ។ «ទោះជា​យ៉ាងណា​សម្រាប់​ឆ្នាំនេះ ក្រសួង​មិនអាច​ធ្វើ​ពិធី​ជួបជុំគ្នា​បាន​នោះទេ​ ដោយ​មាន​ការបង្ហោះ​សារ​ និង​វីដេអូ​តាម​ហ្វេសប៊ុក​មាន​ពិព័រណ៍ និង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត និង​អង្គការ​អន្តរជាតិ​ឱ្យមាន​ការចូលរួម។ ព្រោះនេះ ជា​កម្មវិធី ស្មារតី​ចងចាំ​ពិភពលោក។ យើង​មិនអាច​ចោល​ព្រឹត្តិការណ៍​នេះ​បានទេ»។

លោក​ ហង្ស និស្ស័យ ប្រធាន​គ្រប់គ្រង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ឱ្យដឹង​ដែរ​ថា ក្រោយ​ចូលក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក នា​ឆ្នាំ ២០០៩ ក្រសួង​វប្បធម៌​ដោយមាន​សារមន្ទីរ​ទួលស្លែង ជា​ប្រតិបត្តិករ​បានទទួល​ការគាំទ្រ​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ដើម្បី​អភិរក្ស​ឯកសារ​ទាំងអស់​ដែល​នៅ​សេសសល់​ពី​មន្ទីរ ស ២១ នេះ​ដែលមាន​ជាង ៤ សែន​ទំព័រ។

លោក​បញ្ជាក់ថា ជាពិសេស​កាលពី​ឆ្នាំ ២០១៨ ដោយមាន​ការឧបត្ថម្ភ​ពី​អង្គការ KOICA នៃ​សាធារណរដ្ឋ​កូរ៉េ និង​សម្របសម្រួល ដោយ​អង្គការ​យូណេស្កូ ព្រមទាំង​មាន​ការគាំទ្រ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ DDD សារមន្ទីរ​បាន​ថតចម្លង​ និង​បញ្ចូល​ទិន្នន័យ​បណ្ណសារ​ទៅក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (Database)។

បើតាម​លោក ហង្ស និស្ស័យ តាមរយៈ​គម្រោង​នេះ សារមន្ទីរ​បាន​បង្កើត​គេហទំព័រ​បណ្ណសារ​ដែល​សាធារណជន​អាច​ស្វែងរក​ព័ត៌មាន​របស់​សាច់ញាតិ និង​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែលមាន​ក្នុង​បណ្ណសារដ្ឋាន។ ក្រៅពីនេះ បាន​អភិរក្ស និង​ថែរក្សា​ឯកសារ​ជាង ៤ សែន​ទំព័រ បណ្តុះបណ្តាល​បុគ្គលិក​សារមន្ទីរ និង ការផ្សព្វផ្សាយ​តាមរយៈ​គេហទំព័រ​ដល់​សាធារណជន។

លោក​ថ្លែង​ថា គម្រោង​នេះ​បាន​អនុវត្ត​មកដល់​ឆ្នាំ ២០២១ នេះ ប៉ុន្តែ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ បាន​ធ្វើឱ្យ​គម្រោង​នេះ​ជួប​បញ្ហា​ប្រឈម។ ទោះជា​យ៉ាងណា មន្ទីរ-ស ២១ បាន​ថតចម្លង​ឯកសារ​មាន​ទាំង​រូបថត ចម្លើយសារភាព សៀវភៅ​ខ្មែរក្រហម​ទាំងអស់​បញ្ចូល​ទិន្នន័យ​បណ្ណសារ​ទៅក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (Database)។

លោក​ថ្លែងថា៖ «នៅ​ចំពោះមុខ​នេះ យើង​ថែរក្សា និង​អភិរក្ស​នូវ​រាល់​ឯកសារ​ទាំងអស់នេះ ឱ្យ​គង់វង្ស។ ព្រោះ​គោលដៅ​របស់​យើង​ចង់ឱ្យ​សាធារណជន​គ្រប់​ទីកន្លែង​ចូល​មើល សិក្សា​ស្រាវជ្រាវ​ និង​ប្រើ​បេតិកភណ្ឌ​នេះ​បាន។ ជាពិសេស​យើង​នឹង​ពង្រឹង​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បីឱ្យ​មាន​ការប្រើប្រាស់​កាន់តែ​ច្រើន​នូវ​វេបសាយ​នេះ»៕