ភ្នំពេញៈ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រាប់​កុំឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ថៃ ចល័ត​ ឬ​វិល​ត្រឡប់មក​កម្ពុជា ក្នុងពេល ១៤ ថ្ងៃ ខណៈ ដែល​កំពុង​តែមាន​ការផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ ១៩ នាពេលនេះ ព្រោះ​អាជ្ញាធរ​ថៃ​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​ល្មើស នឹង​បម្រាម។

ការប្រកាស​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​ស្ថានភាព​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ក្នុងប្រទេស​ថៃ មាន​សម្ទុះ​ខ្លាំងក្លា ហើយ​នាំឱ្យ​ពលករ​ខ្មែរ​ជាច្រើន​បាន​សម្រុក​មក​កម្ពុជា​វិញ និង​ថែមទាំង​បាន​នាំយក​នូវ​ជំងឺ​កូវីដ ១៩ បំប្លែង​ថ្មី ចូល​កម្ពុជា​ផងដែរ។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញ​នៅ​ថ្ងៃ ៣០ កក្កដា ស្នើ​ពលករ​ខ្មែរ ចូលរួម​ការសហការ ដោយ​ផ្អាក​ការធ្វើដំណើរ ឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា-ថៃ ចំនួន ១៤ ថ្ងៃ។

ក្រសួង​បញ្ជាក់ថា៖ «កុំ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់ខ្លួន ឆ្ពោះ​មក​ព្រំដែន​កម្ពុជា-ថៃ ចំនួន ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែកក្កដា​នេះ រហូតដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។ ប្រសិនបើ​មានធុរៈ​ចាំបាច់ ឬ​ចប់​ការងារ ត្រូវ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ សូម​បងប្អូន​មេត្តា​រង់ចាំ​រហូតដល់​ក្រោយ​ថ្ងៃទី ១២ ខែសីហា»។

ក្រសួង​បន្តថា ប្រសិនជា​បងប្អូន​ធ្វើដំណើរ​មក​ព្រំដែន​កម្ពុជា-ថៃ តាម​មធ្យោបាយ​ណាមួយ​ក៏ដោយ គឺ​បងប្អូន​នឹង​ត្រូវគេ​តម្រូវឱ្យ​ធ្វើដំណើរ​វិលត្រឡប់​ទៅ​កន្លែង​ដើម​វិញ ហើយ​ម្ចាស់​រថយន្ត ឬ​មេខ្យល់ ដែល​បំផុស​ ឬ​ដឹកជញ្ជូន​បងប្អូន​ពលករ​គឺ​ល្មើស​នឹង​បម្រាម​របស់​អាជ្ញាធរ​ថៃ ហើយ​ត្រូវ​ប្រឈម​នឹង​ការចាត់វិធានការ​តាមច្បាប់​ផងដែរ។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ​ក៏​បាន​ប្រកាស​ដែរ​ថា ក្នុង​រយៈពេល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រសិនជា​បងប្អូន​ពលករ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើការ ឬ​មាន​បញ្ហា​ជីវភាព​លំបាក​ខ្លាំង​គឺអាច​ទំនាក់ទំនង​ទៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​ស្ថានទូត ក៏ដូចជា​ក្រុមការងារ​ស្ម័គ្រចិត្ត​ពិនិត្យ និង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន។

លោក ហេង សួរ កាលពី​ថ្ងៃទី ២៩ កក្កដា បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេសប៊ុក​របស់លោក​ថា ចាប់ពី​ម៉ោង​នេះ​តទៅ សូម​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​កុំ​ចល័ត​ចេញពី​កន្លែង ដែល​ខ្លួន​កំពុងស្នាក់នៅ​ឆ្ពោះ​មក​ព្រំដែន​កម្ពុជា-ថៃ។

លោកបញ្ជាក់​ថា៖ «ចំពោះមុខ ប្រសិនជា​បងប្អូន​ធ្វើដំណើរ​មក​ព្រំដែន​កម្ពុជា-ថៃ តាម​មធ្យោបាយ​ណាក៏ដោយ គឺ​បងប្អូន​នឹងត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ​តម្រូវឱ្យ​ធ្វើដំណើរ​វិល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ»។

លោក លឹម សុផុន ក្រុម​ការងារ​នៃ​អង្គការ​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ខែកក្កដា​ថា ក្នុង​ពេលនេះ សម្ទុះ​នៃ​ការវិលត្រឡប់​របស់​ពលករ​ខ្មែរ ចូល​ប្រទេស គឺ​ពិតជា​មាន​ភាពខ្លាំងក្លា​ខ្លាំងណាស់។ លោក​បន្តថា ពលករ-ខ្មែរ បានធ្វើការ​ចល័ត​ទីតាំង ជាពិសេស​សម្រុក​មក​តាម​ព្រំដែន​កម្ពុជា ថៃ ដើម្បី​បាន​ចូលក្នុង​ប្រទេស​វិញ។ ប៉ុន្តែ​ពួកគេ មិនបាន​ដឹងថា ការវិលត្រឡប់​បែបនេះ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ប៉ុនណា​នោះទេ។

លោក​បាន​រៀបរាប់ថា៖ «ពួកគាត់ ភាគច្រើន​សម្រុក​ទៅ​ពេលយប់ តាមរយៈ​មេខ្យល់ ដោយសារ​តែ​ពួកគេ​បារម្ភ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​ថៃ ដែលមាន​ការឆ្លង​ខ្លាំង។ ពេលមកដល់​ព្រំដែន ពួកគាត់​មិនបាន​ដឹងថា ព្រំដែន​មាន​រឹតបន្តឹង​ទេ ហើយ​នាំឱ្យ​ពលករ​ខ្មែរ​វិលវល់​មិនដឹង​ទៅណា ហើយ​ពិបាក​រក​កន្លែង​ស្នាក់​ទៀត»។

កាលពី​ពាក់កណ្តាល​ខែកក្កដា កម្ពុជា បានប្រកាស​រកឃើញ​វីរុស​បំប្លែង​ថ្មី Delta ចំនួន ៣៧ ករណី​ថ្មី ដោយ​ក្នុងនោះ​មាន ១៣ នាក់​ជា​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រក​អូរបីជាន់ និង​អូរស្មាច់។ ចំណែក ២១ នាក់​ទៀត គឺជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ដូចគ្នា ដោយមាន​អ្នកខ្លះ​ចូលមក​តាម​ច្រក​ប៉ោយប៉ែត និង​ច្រក​ម៉ាឡៃ ខណៈ ៣ នាក់​ទៀត គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​មកដល់​កម្ពុជា តាម​អាកាសយានដ្ឋាន។

កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ B.1.617.2 (Delta) សរុប​ចំនួន ៧៥ នាក់ ដែល​សុទ្ធតែ​ជា​ករណី​នាំចូល​គិត​ចាប់ពី​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ ២០២១៕