ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់ថា ផលប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាច​អនុញ្ញាត​ដល់​ការបើក​ដំណើរការ​ឡើងវិញ សម្រាប់​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​នានា​យ៉ាងហោចណាស់​ថ្នាក់​អនុវិទ្យាល័យ​សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា ២០២១-២០២២ នៅ​ខែកញ្ញា ឬ​ខែតុលា​ខាងមុខ។ តំណាង​គ្រឹះស្ថាន​សិក្សា​ឯកជន​សាទរ ហើយ​ថា បាន​ត្រៀម​រួចរាល់​សម្រាប់​បវេសនកាល​នេះ។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​បែបនេះ ក្នុងពេល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដល់​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ដល់ ១៧ ឆ្នាំ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃ​ទី ១ ខែសីហា។

លោក​ថ្លែងថា៖ «ការចាក់​វ៉ាក់សាំង​លើ​កុមារ និង​យុវវ័យ​ផលប្រយោជន៍ គឺ​យើង​អាច​បើក​ដំណើការ​ឡើងវិញ​នូវ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​នានា។ យ៉ាងហោចណាស់​យើង​អាច​ចាប់ផ្ដើម​បើក​សាលារៀន​ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ​សម្រាប់​បវេសនកាល ២០២១-២០២២ នៅ​ខែកញ្ញា​ ឬ​ខែតុលា​ខាងមុខ»។

លោក​បញ្ជាក់ថា ការបើក​សាលារៀន​ឡើងវិញ​នេះ គឺ​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​លើ​ការអប់រំ​របស់​កុមារ និង​យុវវ័យ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​របស់​សង្គម។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​បាន​ផ្ដល់​ផលប្រយោជន៍ ទី ១ ការពារ​ការឆ្លង​នៅក្នុង​ក្រុមគ្រួសារ។ ទី ២ ធានាបាន​នូវ​ទំពាំង​ស្នងឫស្សី​ដែល​មាន​សុខភាព​រឹងមាំ។ ទី ៣ កាត់បន្ថយ​អត្រា​មរណៈភាព​កុមារ និង​យុវវ័យ។ ទី ៤ ចាប់ផ្ដើម​បើក​សាលារៀន​ឡើងវិញ។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី ការបិទ​សាលារៀន​មួយរយៈ​ពេលកន្លងមក​បាន​បង្ក​ផលប៉ះពាល់​គុណភាព​នៃ​ការរៀនសូត្រ។ លោក​ថ្លែងថា៖ «ខ្ញុំ​បាន​ជម្រាប​ហើយ ការព្រួយបារម្ភ​ធំ​បំផុត​របស់​ពិភពលោក ឬ​បើ​មិន​របស់​ពិភពលោក គឺជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​របស់ខ្ញុំ គឺ​ការបាត់បង់​ធនធាន​មនុស្ស​ដែល​យើង​ត្រូវ​បណ្ដុះ​ចេញ»។

លោក​បន្ថែមថា ទោះបី​កម្ពុជា​បានរៀបចំ​ឱ្យ​សិស្ស​ទទួលបាន​ការសិក្សា​តាម​អនឡាញ​ក៏​មិន​ដូច​ការរៀន​ផ្ទាល់ដែរ។ ដូច្នេះ​ការចាក់​វ៉ាក់សាំង​សព្វគ្រប់​ដល់​កុមារ និង​យុវវ័យ គឺ​បានផ្ដល់​ឱកាស​ដល់​ការបើក​សាលារៀន​ឡើងវិញ។

លោក​ ហ៊ុន សែន ថ្លែងថា៖ «គ្រូ​ក៏បាន​ចាក់ សិស្ស​ក៏បាន​ចាក់ ដូច្នេះ​វា​មិនសូវ​ព្រួយ ហើយ​បើសិនជា​ឆ្លង វា​កាត់បន្ថយ​ការចម្លង ហើយ​បើសិន​វា​ឆ្លង ក៏​វា​មិន​ឈឺធ្ងន់ធ្ងរ​ដែរ វា​ដូច​ផ្ដាសាយ​ធម្មតា​អ៊ីចឹង»។

ទាក់ទង​នឹង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្នើឱ្យ​យោង​តាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី។ ប៉ុន្ដែ​កាលពី​ថ្ងៃទី ២២ ខែកក្កដា លោក រស់ សុវាចា បាន​បញ្ជាក់ថា ការបើក​ឱ្យ​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ឡើងវិញ​ជាជំហានៗ​នឹង​អាច​ធ្វើឡើង​នៅពេល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩ ដល់​កុមារ​ប្រមាណ ២ លាន​នាក់​ចប់​រួចរាល់​នាពេល​ខាងមុខ។

លោក​ ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា សាទរ​ចំពោះ​ការបញ្ជាក់​របស់​លោក​នាយករដ្ឋមន្ដ្រី​ចំពោះ​ការបើក​សាលារៀន​ឡើងវិញ​នេះ។ លោក​ថា គ្រឹះស្ថានសិក្សា​ឯកជន​ក៏បាន​រំពឹង និង​ត្រៀមលក្ខណៈ​រួចហើយ​ក្នុង​ការសហការ​ជាមួយ​ក្រសួង​អប់រំ​លើ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នា​ខែកញ្ញា ឬ​តុលា​ខាងមុខ​នេះដែរ​ ដើម្បី​ផ្ដល់​ការអប់រំ ការបង្រៀន និង​ការរៀន​ដល់​សិស្ស​ឱ្យបាន​ទាន់ពេល​ក្នុង​បវេសនកាល​ថ្មី។

លោក​ថ្លែងថា៖ «នៅពេល​យើង​អាច​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​យ៉ាងហោចណាស់​ពី​ថ្នាក់​អនុវិទ្យាល័យ គឺជា​រឿង​ល្អ​មែនទែន ក្នុង​នាម​ខ្ញុំ​ជា​តំណាង​ខាង​វិស័យ​អប់រំ​ឯកជន គឺ​គាំទ្រ​មែនទែន​នូវ​ចំណាត់ការ និង​ការសម្រេចចិត្ដ​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី។ ព្រោះ​សិស្ស​របស់​យើង​ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់ ទី ១២ ដែលមាន​អាយុ​ពី ១៣ ដល់ ១៨ ឆ្នាំ គឺជា​ធនធាន​កម្លាំង​សេដ្ឋកិច្ច​ដ៏ខ្លាំង​មែនទែន​សម្រាប់​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​របស់​យើង​ក្នុងអំឡុង​ពេល ៥-១០ ឆ្នាំ​ខាងមុខ​ទៀត»។

បើតាម​លោក បូឡែន ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក៏បាន​ជួយ​សម្រួល​ច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ដ​សារពាង្គកាយ និង​ការសិក្សា​របស់​សិស្ស បន្ទាប់ពី​ពួកគេ​ខកខាន​ចូលរៀន​រយៈពេល​ជិត ២ ឆ្នាំ​កន្លងមក ដែល​កំពុង​ប្រឈម​ផលប៉ះពាល់​ខ្លាំង ដោយសារ​តែ​ការរស់នៅ​តែ​ក្នុង​ផ្ទះ និង​ក្នុង​បន្ទប់​ដែល​បិទ​ជិត។

អង្គការ​សហប្រជាជាតិ (UN) តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី ២០ ខែកក្កដា​បាន​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ឱ្យបាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​បញ្ចៀស​ការបន្ត​ធ្លាក់ចុះ​នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស។

បើតាម​សេចក្ដី​ប្រកាស​របស់ UN ការអប់រំ​មាន​សារៈសំខាន់​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន និង​សក្តានុពល​ពេញ​មួយជីវិត​របស់​កុមារ៕

វីដេអូ៖