ភ្នំពេញៈ អង្គការ WWF នៅ​ថ្ងៃទី ៣១ ខែកក្កដា បាន​លើកឡើងថា មន្ត្រី​ល្បាត បាន​ដើរតួនាទី​ស្នូល​ក្នុង​ការការពារ​វប្បធម៌ និង​ការរស់នៅ​របស់​ប្រជាជន ដែល​ពឹងអាស្រ័យ និង​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​ធម្មជាតិ បើទោះបី​ជា​កំពុង​មាន​ការរាតត្បាត​ជំងឺ​កូវីដ-១៩ ក៏ដោយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF នៅ​ល្ងាច​ថ្ងៃទី ៣១ ខែកក្កដា បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល និង​អង្គការ WWF បាននិង​កំពុង​សហការ​យ៉ាងជិតស្និទ្ធ​ក្នុង​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ដែល​ស្ថិតនៅក្នុង​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត និង​តំបន់​ព្រៃ​លិចទឹក​មេគង្គ ដោយ​ក្នុងនោះ​មាន​មន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​ឆ្មាំ​ទន្លេ​សរុប​ចំនួន ២០០ នាក់។

អ្នក​ទាំងនោះ​កំពុង​ធ្វើការ​ជាប់លាប់​ទាំងថ្ងៃ​ទាំងយប់​ ដើម្បី​ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ប្រព័ន្ធ​សេវា​អេកូឡូស៊ី ដែល​ផ្គត់ផ្គង់​ដល់​ការរស់នៅ​របស់​មនុស្ស និង​សត្វ​ក្នុង​នោះ​មាន​អាហារ ទឹក ខ្យល់​បរិសុទ្ធ ប្រភព​ថាមពល​ក៏ដូចជា​ឱកាស​ការងារ ដែល​អាច​ផ្តល់​ប្រាក់ចំណូល​គ្រួសារ​សម្រាប់​សហគមន៍​មូលដ្ឋាន។ បន្ថែម​ពីលើ​ការអនុវត្ត​ភារកិច្ច​ដោយ​មន្ត្រី​ល្បាត​សមាជិក​សហគមន៍​សរុប​ចំនួន ៦៦០ នាក់​ផ្សេងទៀត​ក៏បាន និង​កំពុង​ចូលរួម​ក្នុង​សកម្មភាព​ល្បាត​ជាប្រចាំ​នៅក្នុង​តំបន់​ការពារ​ព្រៃ​សហគមន៍។

ទោះជា​យ៉ាងណា​ក៏ដោយ មន្ត្រី​ល្បាត​ត្រូវ​ប្រឈម​នឹង​ហានិភ័យ ស្ថានភាព​លំបាក និង​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ផ្សេងៗ​រួមមាន​ដូចជា​ទឹកជំនន់ អគ្គិភ័យ សត្វ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ជំងឺ​ដូចជា​ជំងឺគ្រុនចាញ់ គ្រុនឈាម កូវីដ ១៩ ក៏ដូចជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការក្លាយ​ជា​គោលដៅ​របស់​ជនល្មើស​ ខណៈ​ពួកគេ​ចុះ​អនុវត្ត​ច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដូចជា ការបរបាញ់​សត្វព្រៃ​ខុសច្បាប់ ការកាប់​ព្រៃឈើ ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ និង​នេសាទ​ខុសច្បាប់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ​នេះ​សរសេរ​ថា៖ «មន្ត្រី​ល្បាត​កំពុង​ស្ថិតនៅ​ជួរមុខ​រួមចំណែក​គ្រប់គ្រង​ភាពអាសន្ន​នៃ​វិបត្តិ​កូវីដ ១៩ ហើយ​ពួកគេ​ដើរ​តួនាទី​ស្នូល​ក្នុង​ការការពារ​វប្បធម៌ និង​ការរស់នៅ​របស់​ប្រជាជន​ដែល​ពឹង​អាស្រ័យ និង​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​ធម្មជាតិ»។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ថ្លែងថា ខណៈពេល​ប្រជាជន​ជាច្រើន​បន្ត​ធ្វើការ​ពី​ផ្ទះ​ ក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​កូវីដ ១៩ មន្ត្រី​ល្បាត​ទាំងអស់​កំពុង​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ជួរមុខ​នៃ​ការអភិរក្ស​ធនធាន​ធម្មជាតិ។ រាប់​ចាប់ពី​ការដោះ​អន្ទាក់​ចេញពី​ទីជម្រក​សត្វព្រៃ ការទប់ស្កាត់​ការបរបាញ់​សត្វព្រៃ​ខុសច្បាប់ និង​ការបំផ្លាញ​ជម្រក​ព្រៃឈើ ដូចជា​ការកាប់​ព្រៃឈើ ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ជាដើម។

លោក កែវ សុភគ៌ បាន​ថ្លែងថា៖ «កាតព្វកិច្ច​របស់​មន្ត្រី​ល្បាត មិន​ត្រឹមតែ​ទប់ស្កាត់​បទល្មើស​សត្វព្រៃ ការពារ​ទីជម្រក​ព្រៃ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ មន្ត្រី​យើង​ក៏​អនុវត្ត​ការងារ​ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ផ្សេងទៀត​កុំឱ្យ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ផងដែរ»។

បើតាម​លោក សុភគ៌ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២១ នេះ ការបង្ក្រាប​សកម្មភាព​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​រឹបអូស​បាន​សាច់​សត្វព្រៃ​ខុសច្បាប់​សរុប​ចំនួន ៦០ គីឡូក្រាម ដែល​មន្ត្រី​ល្បាត​បាន​ដុតបំផ្លាញ​ចោល។ សម្រាប់​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ សាច់​សត្វព្រៃ​ខុសច្បាប់​សរុប​ចំនួន ៣ ៣១៩ គីឡូក្រាម ក្នុងនោះ​រួមមាន​សាច់សត្វ​ឈ្លូស អណ្តើកព្រេច ជ្រូកព្រៃ ត្រកួត កាំប្រមា ទន្សោង ខ្ទីង និង​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ​ស្លាប់​ចំនួន ១៧៦ ក្បាល​ផ្សេងទៀត ត្រូវ​ក្រុមមន្ត្រី​ល្បាត​រឹបអូស​បាន​មុន​ពេល​គេ​យកទៅ​ប្រើប្រាស់​ជា​អាហារ និង​ឱសថ។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​ថ្លែងថា អង្គការ WWF កោតសរសើរ ដល់​មន្ត្រី​ល្បាត​ទាំងអស់​ដែលមាន​ការលះបង់​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច​នៅ​ជួរមុខ​ជាប្រចាំ​ថ្ងៃ ដើម្បី​បុព្វហេតុ​ការពារ​ទ្រព្យសម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​យើង ជាពិសេស​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លង​កូវីដ១៩។

ការសិក្សា​ថ្មី​មួយ​ដោយ​អង្គការ WWF បាន​បង្ហាញថា សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែលជា​គោលដៅ​នៃ​ការបរបាញ់​ខុសច្បាប់ និង​ការចាប់​ដោយ​ការដាក់​អន្ទាក់ រួមមាន​សត្វ​ជ្រូកព្រៃ សំពោច និង​ពង្រូល​ជាដើម សុទ្ធសឹង​ជា​ប្រភេទ​សត្វ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការចម្លង​មេរោគ ទៅ​មនុស្ស​ប្រសិន​បើ​មាន​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​សត្វ​ទាំងនេះ។

បើតាម​លោក សេង ទៀក ខណៈ​អង្គការ WWF កំពុង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​គ្រប់​អាជ្ញាធរ​នៅ​ថ្នាក់​ខេត្ត ក្នុង​ការគ្រប់គ្រង​តំបន់​ការពារ​ព្រៃធម្មជាតិ និង​តំបន់​អភិរក្ស​ធនធាន​ជលផល នៅក្នុង​តំបន់​ទេសភាព​ទាំង ២ ក្នុងនោះ​មាន​ការផ្តល់​ការគាំទ្រ​ចាំបាច់​នានា​សម្រាប់​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដែរ។

លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការដាក់​ចេញ​នូវ​វិធានការ​សមស្រប ដើម្បី​បញ្ឈប់​ការជួញដូរ​សត្វព្រៃ​ជាពិសេស​ប្រភេទ​ថនិកសត្វ​សត្វ​ស្លាប និង​ឧរុង្គសត្វ​ដែលមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការចម្លង​មេរោគ​ទៅ​មនុស្ស៕