កំពង់ស្ពឺៈ កុមារី​វ័យ ១២ ឆ្នាំ​ម្នាក់ ត្រូវបាន​ឪពុកម្ដាយ​ប្រទះឃើញ​ស្លាប់ ដោយ​ចងក​ជាប់​នឹង​ចម្រឹង​បង្អួច​សង្ស័យ​ជា​អំពើ​អត្តឃាត​ ប៉ុន្តែ​ក្រុមមន្ត្រី​នគរបាល​ជំនាញ​ដែល​ចុះ​ធ្វើ​កោសល្យវិច័យ​សព​កុមារី​រងគ្រោះ ថា ការស្លាប់​របស់​នាង គឺជា​អំពើ​ឃាតកម្ម និង​កំពុង​បន្ត​ស៊ើបអង្កេត​ស្វែង​រកមុខសញ្ញា​ជនសង្ស័យ។

លោក ឃុត ផាន់ណា នាយ​នគរបាល​ប៉ុស្តិ៍​កាត់​ភ្លុក បាន​ថ្លែងថា កុមារី​រងគ្រោះ​ឈ្មោះ គ្រឿន ស្រីរ័ត្ន មាន​លំនៅ​ភូមិ​វាលស្វាង ឃុំ​កាត់ភ្លុក ស្រុក​បសេដ្ឋ ត្រូវបាន ឪពុកម្ដាយ ប្រទះឃើញ​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ក្នុង​ស្ថានភាព​ចងក​ជាប់​នឹង​ចម្រឹង​បង្អួច​ ដែល​សង្ស័យ​ជា​ករណី​ធ្វើ​អត្តឃាតកម្ម​ដោយ​ខ្លួនឯង។

លោក​ថា៖ «ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ក្រុមមន្ត្រី​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​អង្គភាព​ការពារ​កុមារ ដែល​បាន​ចុះ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សាកសព​កុមារី​រងគ្រោះ បាន​អះអាងថា ការស្លាប់​របស់​កុមារី​រងគ្រោះ គឺជា​អំពើ​ឃាតកម្ម»។

ផ្អែក​តាម​ការរៀបរាប់​របស់​ឪពុកម្ដាយ ស្ថានភាព​នៃ​សព​ជនរងគ្រោះ គឺ​ត្រូវ​បាន​គេ​សម្លាប់​ដោយ​យក​ក្រណាត់​ខោជើងវែង ចងក​ជាប់​នឹង​ចម្រឹង​បង្អួច​ដែលមាន​កម្ពស់ ១,២ ម៉ែត្រ​ពី​កម្រាល​ឥដ្ឋការ៉ូ ប៉ុន្តែ​ជើង​របស់​នាង​គឺ​នៅ​ឈរ​ជាប់​នៅលើ​ការ៉ូ​នោះ​ដូច​ធម្មតា ដែល​ស្ថានភាព​នេះ​បង្ហាញថា នាង​មិនមែន​ធ្វើអត្តឃាត​ខ្លួនឯង​នោះទេ។ នេះ​បើតាម​របាយការណ៍​អង្គភាព​ការពារ​កុមារ។

លោក James McCabe នាយក​ប្រតិបត្តិ អង្គភាព​ការពារ​កុមារ (CPU) បញ្ជាក់​ថា ៖ «ភ័ស្តុតាង​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ និង​នៅលើ​សាកសព​បាន​បង្ហាញ​យើង​ថា នេះ​មិនមាន​ជា​អំពើ​អត្តឃាត​នោះទេ ហើយ​ជា​លទ្ធផល​យើង​បាន​បង្កើតជា​ក្រុមការងារ​ចម្រុះ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ជា​ករណី​ឃាតកម្ម​វិញ»។

លោក ឆិល ណាគ្រី ឪពុក​កុមារី​រងគ្រោះ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កូន​របស់លោក​មិនដែល​ឈ្លោះ​ទាស់ទែង​ជាមួយ​ក្មេងៗ​នៅ​ផ្ទះ​ជិតខាង​គ្នា​នោះទេ។ ចំណែក​លោក​ជា​ឪពុកម្ដាយ​ក៏​មិន​ដែលមាន​ឈ្លោះ​ជាមួយ​អ្នកជិតខាង​ណា​ដែរ ព្រោះ​អ្នកជិតខាង​ភាគច្រើន​សុទ្ធតែជា​បងប្អូន​ជីដូនមួយ។

លោក​និយាយថា នៅ​ល្ងាច​ថ្ងៃកើតហេតុ ក្រោយ​ត្រឡប់​ពី​ស្ទូងស្រូវ​នៅឯ​ស្រែ ប្រពន្ធ​របស់​លោក​ក៏​រៀបចំ​ធ្វើ​ម្ហូបអាហារ។ ប៉ុន្តែ​មិនឃើញ​កូនស្រី​របស់លោក​នោះទេ។ បន្ទាប់មក​លោក​ក៏ឮ​សំឡេង​ម្ដាយក្មេក​លោក​ស្រែកថា «ជួយ​ផង! អារ័ត្ន​ចងក!»។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​បាន​ស្ទុះ​ចូលទៅ​ក្នុងផ្ទះ ហើយ​ឃើញ​កូនស្រី​ខ្ញុំ ចងក​ស្លាប់​ជាប់​នឹង​ចម្រឹង​បង្អួច ជាមួយ​ក្រណាត់​ខោជើងវែង។ ប៉ុន្តែ​ជើង​របស់​នាង​ឈរ​នៅលើ​កម្រាល​ឥដ្ឋការ៉ូ ហើយ​មាន​ស្នាម​ក្រចក​មុត​ក​ផ្នែក​ខាងក្រោម​ចង្កា»។ លោក​បន្ថែមថា៖ «ឃើញ​ដូច្នេះ ពួកយើង​ជា​ឪពុកម្ដាយ គិតថា​នាង​ចងក​សម្លាប់ខ្លួន ប៉ុន្តែ​បើសិន​ជា​នាង​ពិតជា​ត្រូវបាន​គេ​សម្លាប់ ដូច​ការអះអាង​របស់​មន្ត្រី​នគរបាល​ជំនាញ​មែន​នោះ មិនដឹងថា នាង​ភ័យខ្លាច និង​ឈឺចាប់​កម្រិតណា​ទេ»។ លោក ណាគ្រី ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​មុខ​ជន​ដៃដល់​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កូនស្រី​របស់លោក។

នៅពេល​នេះ ក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ជនសង្ស័យ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់។ នេះ​បើតាម លោក អ៊ុំ ចំរើន អធិការ​ស្រុក​បសេដ្ឋ​ថ្លែង​ពី​ម្សិលមិញ។ លោក​ថា ប៉ុន្តែ​មកទល់​ពេល​នេះ​ក្រុម​សមត្ថកិច្ច​ក៏ដូចជា​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គភាព​ការពារ​កុមារ នៅ​មិនទាន់​រកឃើញ​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នេះ​នៅឡើយ​ទេ៕