ព្រៃវែងៈ ​ទីបំផុត​សព​អ្នកជំងឺ​កូ​វីដ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ នាំយកទៅ​បញ្ចុះ​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​វិញ បន្ទាប់ពី​អ្នកភូមិ​រាប់សិប​គ្រួសារ ក្នុង​ឃុំ​ព្រែក​ខ្សាយ (​ក​) នៃ​ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង បាននាំគ្នា​រារាំង​មិន​ឲ្យ​យក​សព​អ្នកជំងឺ​កូ​វីដ ទៅ​កប់​នៅលើ​ទីទួល​បញ្ចុះសព ដែល​ស្ថិតនៅ​ខាងក្រោយ​ភូមិ​របស់​ពួកគេ ដោយ​បារម្ភ​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​របស់​ពួកគេ​។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃទី​ ២ ខែសីហា​។​

លោក លី ចាន់ថា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែក​ខ្សាយ (​ក​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​រសៀល​ថ្ងៃទី​ ១ ខែ សីហា មាន​បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៌​ស្រុក​ពាមរ​ក៌ បាន​ស្លាប់​ក្រោយពី​ឈឺ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​។

ប៉ុន្តែក្រុម​គណកម្មការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ស្រុក​ពាមរ​ក៏ បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ចុះ​ពិនិត្យ​សាកសព​បុរស​នោះ ដោយ​ប្រើ​ឧបករណ៍​រ៉េ​ភី​ត​តេស្ត៍​រក​មេរោគ​កូ​វីដ ​១៩ ជា​លទ្ធផល​សព​បុរស​ជនជាតិខ្មែរ​ឥស្លាម​នោះ មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩​។ ដោយសារ​នៅ​ភូមិ​ចាក់​ខ្លាញ់ គ្មាន​ទីតាំង​បញ្ចុះសព ក្រុមគ្រួសារ​នៃ​សព ក៏បាន​ស្នើសុំ​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ស្រុក​ពាមរ​ក៏ នាំ​សព​បុរស​នោះ​ទៅ​កប់​នៅ​ទីទួល​បញ្ចុះសព ដែល​ស្ថិត​ក្នុងភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ (​ក​) ប៉ុន្តែ ត្រូវបាន​អ្នកភូមិ​នៅ​ទីនោះ​រារាំង​។​

លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការណែនាំ​របស់​គ​ណ​បញ្ជាការ​ឯកភាព​ស្រុក​ពាម​រក៍ អាជ្ញាធរ​យើង​ក៏បាន​ជួយ​សម្របសម្រួល និង​អនុញ្ញាត​ឲ្យ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ដែល​ក្រុមគ្រួសារ​នៃ​សព​បាន​ជួល ចូលទៅ​កាយ​រណ្ដៅ​បញ្ចុះសព​នៅលើ​ទីទួល​នោះ​។ ប៉ុន្តែ​នៅពេលដែល​កាយ​រួច ស្រាប់តែ​អ្នកភូមិ ដែល​ភាគច្រើន​មាន​សព​ជីដូន​ជីតា​និង​សាច់ញាតិ​កប់​នៅ​ទីនោះ បាននាំគ្នា​មក​តវ៉ា រារាំង​មិន​ឲ្យ​ឡានពេទ្យ​ដឹក​សព​បុរស​ជនជាតិ​ឥស្លាម​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​នោះ ចូលទៅ​កប់​នៅ​ទី​នោះទេ​»​។​

បើតាម​លោក លី ចាន់ថា ក្រុម​អ្នកភូមិ​បាន​លើក​ហេតុផល​ជាច្រើន ដើម្បី​ជំទាស់​ក្រុមគ្រួសារ​សព មិន​ឲ្យ​កប់​សព​បុរស ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​នោះ នៅក្នុង​ភូមិ​របស់​ពួកគេ​នោះទេ​។

លោក ម៉ៅ ចំរើន អាយុ ​៤៦ ​ឆ្នាំ ដែល​បាន​ចូលរួម​នៅក្នុង​ការតវ៉ា​នោះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា តាមរយៈ​ការផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ជំងឺ​កូ​វីដ ​១៩​ គឺជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត ព្រោះ​គ្រាន់តែ​អ្នក​ពាក់​ព​ន្ធ័​ប្រយោល​សោះ​ក៏ត្រូវ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ១៤ ​ថ្ងៃ​ដែរ ហើយ​បើ​ដឹងថា​គ្រួសារ​ណា​កើត​កើត​ជំងឺ​នេះ គឺ​គ្មាន​អ្នកណា​ហ៊ាន​ទៅជិត​ទេ ព្រោះ​ខ្លាច​ឆ្លង​។​

លោក​បាន​និយាយទៀតថា​៖ «​ហេតុដូច្នេះ​ហើយ​បានជា​ពួកយើង​ដាច់ខាត​មិន​ឲ្យ​នាំយក​សព​អ្នក​ដែល​កើត​ជំងឺ​កូ​វីដ​ ១៩​ ហ្នឹង​មក​បញ្ចុះ​នៅក្បែ​ភូមិ​របស់​ពួកយើង ព្រោះ​វា​អាច​បង្ក​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​របស់​ពួកយើង​»​។

ជុំវិញ​ករណីនេះ អ្នកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​ជនជាតិខ្មែរ​ឥស្លាម​នោះ មុន​ស្លាប់ មាន​ប្រវត្តិ​កើត​ជំងឺលើសឈាម​និង​ទឹកនោមផ្អែម ហើយ​គេ​បាន​ប្រទះឃើញ​គាត់​ដេកស្លាប់​នៅក្នុង​ផ្ទះ​កាលពី​ថ្ងៃទី​ ៣១ កក្កដា ប៉ុន្តែ​ដើម្បី​ការពារ​តាម​វិធានការ​សុខាភិបាល​ទើប​អ្នកស្រី​បាន​ទាក់ទង​ហៅ​ក្រុមគ្រូពេទ្យ មក​យក​សំណាក​សព​ពិនិត្យ​ជាមុនសិន​បើ​គាត់​អវិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩ ​ទើប​ប្រគល់អោយ​សាច់ញាតិ​រៀបចំ​យកទៅ​ធ្វើបុណ្យ ប៉ុន្តែ​ក្រោយពី​ពិនិត្យ​រួច​លទ្ធផល​បែរជា​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩​ ទើប​គណៈកម្មការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​ ១៩ ​ថ្នាក់ស្រុក​ត្រូវ​ចាត់ចែង​រក​ទីតាំង​សុវត្ថិភាព ដើម្បី​បញ្ចុះសព។​

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ដោយសារ​យើង​ពុំមាន​ទីតាំង​ដី​ទំនេរ​អាច​បញ្ចុះសព​បាន​ទើប​អាជ្ញាធរ​សម្រេចយក​សព​ទៅ​បញ្ចុះ​នៅ​ទីទួល​បញ្ចុះសព​នោះ ដោយសារ​ទីតាំង​នោះ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​។ ចំណែក​សព​មុននឹង​យក​ចេញទៅ​ទីនោះ​គ្រូពេទ្យ​ជំនាញ​បាន​រុំ​ខ្ចប់​យ៉ាង​ជិត​ដាក់​ក្នុង​មឈូស​ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ត្រឹមត្រូវ​ផងដែរ​ប៉ុន្តែ​ដោយសារ​អ្នកភូមិ​មិន​យល់ ហើយ​មានការ​ភ័យខ្លាច​ទើប​នាំគ្នា​ចេញមក​រារាំង​បែបនេះ​»​។

អ្នកស្រីបាន​បន្ថែមថា​៖ «​ក្រោយពី​មានការ​រារាំង​ពី​អ្នកភូមិ​ទាំងនោះ ក្រុមគ្រួសារ​នៃ​សព​ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​យើង​ជួយ​អន្តរាគមន៍ នាំ​សព​បុរស​នោះ​ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​ឯ​ខេត្ត​ត្បូងឃ្មុំ​វិញ​។ ឥឡូវ​បញ្ហា​នោះបាន​ដោះស្រាយ​ហើយ »៕