ភ្នំពេញៈ នគរបាល​ចរាចរ​ណ៍ខេត្តតាកែវ​ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ៣​ ខែ​សីហា ២​ ថ្ងៃ​ បន្ទាប់ពី​​ជន​នេះ បាន​បង្ក​គ្រោះថ្នាក់​ បើក​រថយន្តបុក​គ្រូ​ពេទ្យសត្វ​ម្នាក់​ស្លាប់​ នៅ​ភូមិ​ជួស ឃុំ​ជី​ខ្មា​រ ស្រុក​ទ្រាំង។​

លោក ​សៅ សំណាង នាយការិយាល័យ​នគរបាល​ចរាចរ​ណ៍ផ្លូវគោក​ ខេត្តតាកែវ​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ២ សីហា​ថា ​ជនសង្ស័យ​ឈ្មោះ គឹម លាង​ស្រ៊ុន ភេទ​ប្រុស​អាយុ ៤៥ ឆ្នាំ។ រីឯ​ជនរងគ្រោះ​ឈ្មោះ​ អ៊ូច ធា ភេទ​ប្រុស​អាយុ ៥៤ ឆ្នាំ​ រស់នៅ​ភូមិ​អណ្តែង​សាំង ឃុំ​ជី​ខ្មា​រ ស្រុក​ទ្រាំង។

លោក​ឱ្យដឹងថា​ ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​ទ្រាំ​ង បញ្ជូនមក​ការិយាល័យរបស់​លោក ​នៅ​ថ្ងៃទី ២ សីហា​ បន្ទាប់ពី​បង្កហេតុ​រួច ហើយ​លោក​នឹង​ប​ញ្ជូ​ន​បន្តទៅ​សាលាដំបូង​ខេត្តតាកែវ​នៅ​ថ្ងៃទី ៣ សីហា។

លោក​ថ្លែងថា៖ «ករណី​នេះ សមត្ថកិច្ច​ខ្ញុំ​នៅ​រង់ចាំ​ទទួល​លិខិតបញ្ជាក់​មរណភាព​ ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ ដើម្បី​ជា​ឯកសារ​ជូន​តុលាការ។ បទល្មើស​នេះ​ បើ​យើង​មិនទាន់​ទទួល​បណ្តឹង​ ពី​ក្រុមគ្រួសារ​ជន​រង​គ្រោះ​ក៏ដោយ​គឺ​ជនរងគ្រោះ​ជាប់​បណ្តឹង​រួចស្រេច​ហើយ»។

លោក​ ជាវ សុខា​ អធិការរង​ទទួល​ផែន​នគរបាល​សណ្តាប់ធ្នាប់​ ស្រុក​ទ្រាំង បាន​ឱ្យដឹង​នៅ​ថ្ងៃទី ២ សីហា​ដែរ​ថា​ គ្រោះថ្នាក់ចរាចរ​ណ៍នេះ ​កើតឡើង​រវាង​រថយន្ត ១ គ្រឿង បើក​បុក​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា។

លោក​និយាយ​តាម​សម្តី​សាក្សី​ថា​ មុនពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត ១ គ្រឿង​ ម៉ាក​កា​មេ​រី​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-0697 ជិះ​គ្នា ៤ នាក់​ ចាស់ ២ នាក់​ក្មេង ២ នាក់ (គ្រួសារ​តែមួយ) បាន បើក​ក្នុង​ល្បឿន​លឿនក្នុង​​ទិសដៅ​​ពី​ជើង​ទៅ​ត្បូង។

លុះ​បើក​ដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​បាន​បើក​ជែង​វ៉ា​រថយន្ត​ដឹក​ដី ១ គ្រឿង​ទៀត​ក្នុងស្ថានភាព​ផ្លូវ​កោង។

ពេលនោះ​ ដោយសា​រថយន្ត​បង្ក​មាន​ល្បឿន​លឿន ​ក៏​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឱ្យ​​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង។

លោក​បញ្ជាក់ថា ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​នៅ​ទីតាំង​កើតហេតុ​ បាន​នាំគ្នា​ចោមរោម​មើល និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែរ ​ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក ​ក៏​ដាច់ខ្យល់​ស្លាប់ទៅ។

ពេលនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ជី​ខ្មា​រ ហើយ​នគរបាល​ប៉ុស្តិ៍​ បាន​រាយការណ៍​បន្ត​មក​នគរបាល​ស្រុក​ទ្រាំង​ដើម្បី ចុះ​អន្តរាគមន៍​។

បើតាម​លោក​សុខា​ថា៖ «ជនរងគ្រោះ បាន​ស្លាប់។ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​ខណៈ​ជនបង្ក​របួស​បែក​មុខ មាត់។ រីឯ​ប្រពន្ធ​​ជន​បង្ករ រង​​របួសធ្ងន់​ហើយ​កូនប្រុស​ស្រី២នាក់​របួសស្រាល»៕