
គ្រូពេទ្យយកសំណាកប្រជាពលរដ្ឋដែលជាករណីសង្ស័យវីរុសកូវីដ ១៩ បំប្លែងថ្មី កាលពីយប់ថ្ងៃទី ១ សីហា។ រូបថត TYDA page
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសកូវីដ ១៩ បំប្លែងថ្មីឈ្មោះដែលតា (Delta) ចំនួន ១០៩ ករណីនៅថ្ងៃទី ៣១ ខែកក្កដា និងនៅថ្ងៃទី ១ ខែសីហា ដោយយោងតាមលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃអាទិត្យបានឱ្យដឹងថា លទ្ធផលវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលរកឃើញវីរុសបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) មានចំនួន ៤៣ នាក់ ស្រី ២១ នាក់ នៅថ្ងៃទី ៣១ ខែកក្កដា និង ៦៦ នាក់ ស្រី ២៧ នាក់ នៅថ្ងៃទី ១ ខែសីហា។
អ្នកជំងឺទាំងនោះមាន ៥ នាក់នៅរាជធានីភ្នំពេញ ដែលជាពលករមកពីប្រទេសថៃ ម្នាក់ អ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែតខាងរោគស្ត្រីម្នាក់ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងអ្នកដំណើរបរទេសមកពីប្រទេសម៉ាឡេស៊ី ១ នាក់។
ក្រៅពីនោះ ជាអ្នកជំងឺនៅបណ្តាខេត្តផ្សេងៗមាននៅខេត្តកំពង់ចាម ២ នាក់ ឧត្តរមានជ័យ ៣៤ នាក់ បន្ទាយមានជ័យ ៧ នាក់ បាត់ដំបង ៥ នាក់ ប៉ៃលិន ២៩ នាក់ សៀមរាប ២២ នាក់ ត្បូងឃ្មុំ ២ នាក់ ព្រៃវែង ២ នាក់ និងខេត្តកំពង់ធំ ១ នាក់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំឭក និងអំពាវនាវ ដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របទៅតាមពាក្យស្លោកថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
បើតាមលោក ម៉ម ប៊ុនហេង ការរស់នៅធម្មតាតាមបែបគន្លងថ្មីនេះគឺ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ ជាពិសេសពពួកវីរុសប្រភេទបំប្លែងថ្មីដែលតា ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាជាយថាហេតុណាមួយ។
លោកថ្លែងថា៖ «សូមបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ ១៩ (រួមទាំងពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវតែចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងហ្មត់ចត់»។
ដោយឡែកបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័កត្រូវតែគោរពតាមគោលការណ៍ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី។
បន្ថែមលើនោះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវកុំឱ្យទៅកាន់ទីតាំង ៣ «ជ» កន្លែងមនុស្សជួបជុំអ៊ូអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត ព្រោះគឺជាទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានការជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ។

ប្រជាពលរដ្ឋតម្រង់ជួររង់ចាំការធ្វើតេស្តរកមេរោគកូវីដ ១៩ បំប្លែងថ្មីដែលតា។ រូបថត TYDA page
លោកថ្លែងថា៖ «សូមកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នៅពេលដល់វេនសូមចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា»។
រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។
តាមសេចក្តីសម្រេចនោះ រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។
ក្នុងសេចក្តីសម្រេចសរសេរថា៖ «ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta»។ ការបិទនេះមានរយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣ និង ៤៥ នាទី ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។
អភិបាលរង និងជាមន្ត្រីនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ ថ្លែងពីម្សិលមិញថា អ្នកជំងឺកូវីដ ១៩ ប្រភេទដែលតា ដែលបានរកឃើញនៅខេត្តសៀមរាបជាង ២០ នាក់ គឺដាក់ឱ្យសម្រាកព្យាបាលនៅដាច់ដោយឡែកមិនឡូកឡំជាមួយអ្នកជំងឺកូវីដ ១៩ ផ្សេងទៀតនោះទេ ប៉ុន្តែក្នុងមន្ទីរពេទ្យបង្អែកខេត្តជាមួយគ្នា។
លោកថ្លែងថា៖ «យើងដាក់គាត់ឱ្យសម្រាកព្យាបាលនៅដោយឡែក មានន័យថា យើងដាក់គាត់ឱ្យនៅបន្ទប់តែគ្នាគាត់ មិនលាយឡំជាមួយអ្នកជំងឺកូវីដផ្សេងទេ ប៉ុន្តែនៅក្នុងមន្ទីរពេទ្យតែមួយ អ៊ីចឹងទាំងគ្រូពេទ្យទាំងអីហ្នឹង ត្រូវប្រយ័ត្នជាងធម្មតា ខាងគ្រូពេទ្យគាត់ចេះចាត់ចែងហើយ ឱ្យតែប្រកាន់វិធានការសុខាភិបាលបានល្អនោះមិនអីទេ កុំឱ្យតែនៅខាងក្រៅដែលយើងមិនដឹង»។
លោក លី សំរិទ្ធ បញ្ជាក់ថា តាមការសន្និដ្ឋានជំងឺកូវីដ ១៩ ដែលបំប្លែងខ្លួនថ្មីប្រភេទដែលតាភាគច្រើនអ្នកចម្លងគឺពលករមកពីប្រទេសថៃ ព្រោះការរកឃើញដំបូងគឺ ពលករ បន្ទាប់មកទៀត គឺអ្នកពាក់ព័ន្ធនឹងពលករ ប៉ុន្តែយ៉ាងណានៅក្នុងសហគមន៍ ក៏មានមួយចំនួនមិនមានប៉ះពាល់ជាមួយពលករដែរ។
ទោះជាយ៉ាងណាក៏ដោយចំណុចនេះលោកបញ្ជាក់ថា៖ «យើងមិនអាចថាមេរោគអត់កើតពិសេសនោះទេ កាលណាយើងអត់ដឹងប្រភព ប៉ុន្តែភាគច្រើនគឺមកពីហ្នឹងហើយ ពលករមកពីថៃ គ្រាន់តែថា ស្វែងរកមូលដ្ឋានប្រភពដើមវាអត់បាន។ ឧទាហរណ៍ សូម្បីតែកាន់លុយ ឬហុចរបស់ពីអ្នកឈឺទៅអ្នកជា ហើយដែលយើងអត់ដឹងថាគាត់មានកូវីដ អ៊ីចឹងអាហ្នឹងហើយដែលគាត់អត់ចាប់អារម្មណ៍»៕