ភ្នំពេញៈ នៅ​ថ្ងៃទី ២ ខែសីហា អង្គភាព​ស៊ីម៉ាក់ បានប្រកាស​ពី​ការទទួលបាន​ជោគជ័យ​ជា​លើកដំបូង លើ​ការហ្វឹកហ្វឺន​សុនខ​ចំនួន ៣ ក្បាល​ឱ្យ​ចេះ​ហិត​រកឃើញ​ក្លិន​នៃ​អ្នកជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​សុនខ​ចំនួន ១០ ក្បាល​ បន្ទាប់ពី​ត្រូវបាន​ហ្វឹកហ្វឺន​ដោយ​ក្រុម​គ្រូ​ជំនាញ។

នេះ​បើតាម​ការថ្លែង​របស់​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​នៅក្នុង​ពិធី​ដែល​លោក​បាន​ចុះទៅពិនិត្យ​ និង​វាយតម្លៃ​ការងារ​សិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូវីដ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់មីន ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី ២ ខែសីហា។

លោក ហេង រតនា បន្តថា ក្រោយពី​បានទទួល​សំណាក​ក្លិន (VOC) អ្នកជំងឺ​កូវីដ ១៩ ចំនួន ៤៨ សំណាក​ពី​ក្រុម​ការងារ​បច្ចេកទេស​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​សំណាក​ទាំងនេះ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ PCR និង​ការបណ្តុះ​មេរោគ (cell culture) ដើម្បី​ធានា​សុវត្ថិភាព​សំណាក ក្នុងការបម្រើ​ការងារ​ហ្វឹកហ្វឺន ក្រុម​ជំនាញ​សុនខ​ស៊ីម៉ាក់ បាន​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​ហិតក្លិន​អ្នក​ផ្ទុក​វីរុស​កូវីដ ១៩ នេះ​បាន​តាម​ផែនការ។

លោក​បាន​បន្ថែមថា ក្នុង​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​នេះ សុនខ​ក្រុមទី ១ ចំនួន ៣ ក្បាល ដែល​បាន​ហិត​រកឃើញ​ក្លិន​សំណាក​នៃ​អ្នកជំងឺ​កូវីដ ១៩ ប្រកប​ដោយ​ជោគជ័យ ក្នុង​ដំណាក់កាល​ហ្វឹកហ្វឺន​ស្រាវជ្រាវ​បឋម​នេះ។ រីឯ​សុនខ​ក្រុមទី ២ ចំនួន ៧ ក្បាល​ទៀត​កំពុង​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់។

លោក ហេង រតនា បញ្ជាក់ទៀត​ថា ជា​លក្ខណ:បច្ចេកទេស សុនខ​អាច​ហិត​រកឃើញ​ក្លិន​សំណាក​ក្នុង​រយ:ពេល​ប្រមាណ​តែ ១០-១៥ វិនាទី។ ការប្រើប្រាស់​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូវីដ ១៩ មាន​ប្រសិទ្ធភាព​សម្រាប់​ក្រុម​មនុស្ស​ប្រមូលផ្តុំ​ច្រើន ដូចជា​នៅ​ព្រលានយន្តហោះ ច្រកទ្វារ​អន្តរជាតិ និង​ពហុកីឡដ្ឋាន​ជាដើម។

លោក ហេង រតនា ​ថ្លែងថា៖ «ទន្ទឹមនឹងនេះ​ខ្ញុំ​សូម​រំឭក​ជូន​ថា ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូវីដ ១៩ នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ​ក្នុង​ការរិះរក​គ្រប់​មធ្យោបាយ និង​លទ្ធភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩»។

លោក​បាន​សម្តែង​មោទនភាព​ចំពោះ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ និង​មាន​ក្តីសង្ឃឹម​ជឿជាក់ថា នឹង​អាចឆ្លើយតប​បាន​តាម​ការរំពឹងទុក។ ជាមួយនេះដែរ ផ្អែក​តាម​អ្នកជំនាញ​មិនទាន់​មាន​ភ័ស្តុតាង​ផ្លូវការ​ណាមួយ​បញ្ជាក់ថា មាន​ការឆ្លង​វីរុស​កូវីដ ១៩ ពី​មនុស្ស​ទៅ​សុនខ​ឡើយ។

ទោះជា​យ៉ាងណា​លោក ហេង រតនា ថា សុនខ​ទាំងនេះ​មិន​ទាន់​អាច​យកទៅ​ប្រើប្រាស់​បាន​នៅឡើយ​ទេ ព្រោះ​ត្រូវការ​ពេលវេលា​ដើម្បី​ហ្វឹកហ្វឹន​ផ្ទាល់ និង​ជាក់ស្តែង​ឱ្យ​សុំា​នឹង​ស្ថានភាព និង​មួយវិញទៀត ក៏​វា​អាស្រ័យទៅលើ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ ដែរ ថា​តើ​អាច​ប្រើប្រាស់​នៅពេលណា​បាន។

ជាមួយ​គ្នា​នេះ លោក​រំពឹងថា សុនខ​ទាំងនេះ​ក៏​អាច​នឹង​ហិត​រកឃើញ​អ្នកផ្ទុក​មេរោគ​បំប្លែង​ថ្មី Delta ព្រោះ ក្លិន​មេរោគ​កូវីដ ១៩ ក៏​វា​មិនមាន​ការផ្លាស់ប្តូរ​ខ្លាំង​នោះទេ​ហើយ​អាច​ថា នឹង​សាកល្បង​បន្ថែមទៀត​លើ​បញ្ហា​នេះ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​លោកស្រី​បញ្ជាក់ថា លោកស្រី​មិនទាន់​ទទួលបាន​ព័ត៌មាន​ជុំវិញ​ការប្រកាស​ទទួលបាន​ជោគជ័យ​នៃ​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​ហិតក្លិន​អ្នក​ផ្ទុក​វីរុស​កូវីដ ១៩ នៅ​ឡើយ។

ចំណែក​លោក យស សុវណ្ណ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ប៉ៃលិន បាន​ស្វាគមន៍​ចំពោះ​ការប្រកាស​ពី​ភាពជោគជ័យ​នៃ​ការហ្វឹកហ្វឺន​សត្វ​សុនខ​នេះ​ឱ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩។ ទោះជា​យ៉ាងណា លោក យស សុវណ្ណ ហាក់​មាន​ក្តីសង្ឃឹម​តិចតួច ចំពោះ​សុនខ​ទាំងនេះ ព្រោះ​វា​ជា​ប្រភេទ​សត្វ មិន​ដូច​សម្ភារ​វិទ្យាសាស្ត្រ​ទេ៕

វីដេអូ៖