ភ្នំពេញៈ សិស្ស និងយុវវ័យមួយចំនួននៅភ្នំពេញ និងខេត្ដព្រះសីហនុ អះអាងថា ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច ពួកគេមានសុខភាពល្អធម្មតា និងមានអារម្មណ៍សុវត្ថិភាពជាងមុន ដោយសារមានវ៉ាក់សាំងការពារខ្លួន ខណៈថ្ងៃដំបូងនៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះមានកុមារនិ ងយុវវ័យជាង ៣៦ ០០០ នាក់ បានស្ម័គ្រចិត្ដចាក់តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យបានឱ្យដឹងថា នៅថ្ងៃទី ១ ខែសីហា ដំណើការចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យបានចាក់ជូនកុមារ និងយុវវ័យបានចំនួន ៣៦ ៨៣០ នាក់។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ដល់កុមារ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុនចិន។
ចំណែករបាយការណ៍បឋមរបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ១ ខែសីហា បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង ៩ ក្នុងក្រុង-ស្រុកទាំង ៥ នៃខេត្តព្រះសីហនុសម្រេចចាក់បាន ៤ ៧១៦ នាក់ក្នុងនោះស្រី ២ ៤៥០ នាក់។
យុវសិស្សម្នាក់ឈ្មោះ យិន ណេង អាយុ ១៦ ឆ្នាំកំពុងរៀនថ្នាក់ទី ៩ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានប្រាប់កាលពីម្សិលមិញថា រូបគេ និងមិត្ដរួមថ្នាក់រៀនជាមួយគ្នាចំនួន ១០ នាក់បានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងក្នុងថ្ងៃបើកយុទ្ធនាការដំបូង ហើយក្រោយចាក់រួចពួកគេគ្មានអាការខុសប្លែកនៅក្នុងខ្លួននោះទេ គឺមានសភាពល្អធម្មតា។ ប៉ុន្ដែមានអារម្មណ៍ឃ្លានចំណីអាហារ និងញ៉ាំបាយបានច្រើនជាងពេលមុនចាក់វ៉ាក់សាំង។
យុវសិស្សរូបនេះនិយាយថា៖ «ខ្ញុំចាក់នៅសាលារៀនរបស់ខ្ញុំនៅខេត្ត។ ចំពោះអារម្មណ៍ខ្ញុំវិញគឺសប្បាយចិត្តជាងមុន ព្រោះយើងមានវ៉ាក់សាំងជួយការពារពីជំងឺកូវីដ ១៩»។
យិន ណេង សប្បាយចិត្ដក្រោយពេលទទួលព័ត៌មានថា ក្រោយចាក់វ៉ាក់សាំងបានគ្រប់គ្នា នឹងមានការរៀបចំបើកសាលារៀនឡើងវិញ។ យុវសិស្សរូបនេះបន្តថា៖ «ខ្ញុំគិតថា វាក៏ល្អព្រោះរៀនតាមប្រព័ន្ធអេឡិចត្រូនិកអត់សូវមានអ្នកចូលរៀន»។
យុវតីម្នាក់ឈ្មោះ ជា មេសាអាយុ ១៨ ឆ្នាំរស់នៅរាជធានីភ្នំពេញលើកឡើងថា ក្រោយចាក់វ៉ាក់សាំងរួចប្រមាណ ១ ថ្ងៃ នាងហាក់បីដូចជាមានសភាពងងុយគេងជាងពេលធម្មតា ប៉ុន្ដែពេលនេះក៏មានសភាពធម្មតាឡើងវិញ។
យុវតីរូបនេះប្រាប់ថា៖ «ខ្ញុំផ្ទាល់ក្រោយចាក់វ៉ាក់សាំងហើយ គឺដូចជាចុកដៃស្ដាំ ត្រង់កន្លែងចាក់នោះបន្តិចហើយងងុយគេង ក្រោយមកក៏មានសភាពធម្មតា។ ឥឡូវខ្ញុំមានអារម្មណ៍សុវត្ថិភាពជាងមុន ហើយសង្ឃឹមថា បានចូលរៀននៅសាលាវិញក្នុងពេលឆាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១ សីហា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់កុមារ និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំទៅ ១៧ ឆ្នាំ នៅវិមានសន្តិភាព។ ក្នុងពេលនោះ លោកនាយករដ្ឋមន្ដ្រី ក៏បាននាំចៅៗរបស់លោកជាង ១០ នាក់ ទៅចាក់វ៉ាក់សាំងផងដែរ។
លោក ហ៊ុន សែន បានបង្ហាញអារម្ភកថាតាមរយៈផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យ អាយុចាប់ពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំ ដែលរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី ៣០ ខែកក្កដាថា ការដាក់ចេញឱ្យអនុវត្តនូវផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើកុមារ និងយុវវ័យ គឺសំដៅបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នៅក្នុងចំណោមកុមារយុវវ័យព្រមទាំងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬការបាត់បង់អាយុជីវិតដែលបណ្តាលមកពីជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖« ការចាក់វ៉ាក់សាំងអាចជួយការពារដល់កុមារ-យុវវ័យពីផលប៉ះពាល់អវិជ្ជមាននៃការលូតលាស់ផ្នែកស្មារតី និងរាងកាយទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយជួយកុមារ-យុវវ័យឱ្យវិលត្រឡប់មករស់នៅប្រកបដោយសុវត្ថិភាព តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការវិលត្រឡប់ទៅកាន់សាលារៀនវិញ ការជួបជុំមិត្តភក្តិ ការចូលរួមកម្មវិធីសំខាន់ៗដូចជាការហាត់ប្រាណ ការលេងកីឡា និងការប្រគំតន្ត្រីជាដើម ដែលសុទ្ធតែជាសកម្មភាពសំខាន់ និងចាំបាច់ក្នុងការរួមចំណែកដល់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតី ផ្លូវកាយផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ-យុវវ័យ»៕