ភ្នំពេញៈ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ប្រជាកសិករ​ក្នុងឆ្នាំនេះ​មាន​សម្ទុះ​លឿន​ជាង​ឆ្នាំមុន ដោយ​គិត​ត្រឹម​ដំណាច់​ខែកក្កដា​កន្លងទៅ​សម្រេចបាន​រហូត​ជាង ៩៧% នៃ​ផ្ទៃដី​ផែនការ​ដាំដុះ​សរុប​ជាង ២,៦ លាន​ហិកតា។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​របស់លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

របាយការណ៍​បាន​បង្ហាញថា បច្ចុប្បន្ន​ប្រជាកសិករ​ប្រមាណ​ជាង ៩៩ ភាគរយ បាន​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ជំនួស​សត្វ​គោក្របី ក្នុង​ការងារ​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ពេលវេលា​កម្លាំង​ពលកម្ម និង ជួយ​កែសម្រួល​គុណភាព​ដី​ឱ្យ​ល្អប្រសើរ​ជាង​មុន។ ក្នុងនោះ​ការភ្ជួរ​រាស់​ដី​ដោយ​ប្រើ​គ្រឿងយន្ត​កសិកម្ម​សម្រេច​បាន ២ ៥៣៥ ០២២ ហិកតា ស្មើនឹង ៩៩,៣៨% ខណៈ​ការភ្ជួរ​រាស់​ដោយ​ប្រើ​កម្លាំង​សត្វ​គោក្របី​សម្រេច​បាន ១៥ ៨៤២ ហិកតា​ស្មើនឹង ០,៦២%។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ វេង សាខុន ក៏បាន​បញ្ជាក់​ក្នុង​របាយការណ៍​ដែរ​ថា៖ «គិត​ត្រឹម​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ការងារ​ព្រោះ និង​ស្ទូងស្រូវ​រដូវវស្សា​សម្រេច​បាន​ជាង ២,៤ លាន​ហិកតា ស្មើនឹង ៩៤,០៣% នៃ​ផែនការ​ជាង ២,៦ លាន​ហិកតា លឿន​ជាង​ឆ្នាំមុន​ចំនួន ១៦៦ ១៣៦ ហិកតា ខណៈ​ការងារ​ប្រមូលផល​ស្រូវ​រដូវវស្សា​សម្រេចបាន​ចំនួន ១២៣ ១៧៣ ហិកតា ស្មើនឹង ៥,០២% នៃ​ផ្ទៃដី​ដែល​បាន​អនុវត្ត​សរុប​ដោយ​ទទួលបាន​បរិមាណ​ផល​ចំនួន ៥០៣ ៥១៩ តោន»។

ក្រៅពី​ការបង្កបង្កើន​ផលដំណាំ​ស្រូវ ប្រជាកសិករ​ក៏បាន​ដាំដុះ​ដំណាំ​សាកវប្បកម្ម​ និង​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ផងដែរ។ ក្នុងនោះ​បាន​ដាំ​ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី រួមមាន ពោតស ដំឡូងជ្វា និង បន្លែ​គ្រប់មុខ សរុប​បាន​ចំនួន ៤៨ ២០៧ហិកតា ស្មើនឹង ៨៧,៧០% នៃ​ផែនការ​ចំនួន ៥៤ ៩៦៦ ហិកតា យឺត​ជាង​ឆ្នាំមុន​ចំនួន ១ ៣៣៥ ហិកតា បើ​តាម​របាយការណ៍​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី រួមមាន ពោតក្រហម ដំឡូងមី សណ្ដែកបាយ​សណ្ដែកដី សណ្ដែកសៀង និង អំពៅ សរុប​បាន​ចំនួន ៧៣១ ៣០៧ ហិកតា ស្មើនឹង ៨៩,២២ % នៃ​ផែនការ​ចំនួន ៨១៩ ៦២៩ ហិកតា លឿន​ជាង​ឆ្នាំមុន​ចំនួន ២ ១២៧ ហិកតា។

ល្បឿន​ការងារ​បង្កបង្កើនផល​ដ៏គួរ​ឱ្យ​កត់សម្គាល់​នេះ ប្រជាកសិករ​អះអាងថា ដោយសារ​របប​ទឹកភ្លៀង​ក្នុងឆ្នាំនេះ​មានការ​ធ្លាក់​រាយប៉ាយ​បានល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ចាប់តាំងពី​ដើមរដូវវស្សា​មក​ម្ល៉េះ។

ប្រជាកសិករ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង អ្នកស្រី ខៀវ លម្អង អាយុ ៤៥ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ខែសីហា​ថា មកទល់​ពេល​នេះ ស្រូវ​ដើម​រដូវវស្សា​របស់គាត់​ចំនួន ៥ ហិកតា​កំពុង​បែកគុម្ព​ និង​ចេញ​ផ្កា​ស្រុះគ្នា​ល្អ​ណាស់ ហើយ​វា​អាច​នឹង​ប្រមូល​ផល​បាន​នៅ​ដំណាច់​ខែសីហា​នេះ។

អ្នកស្រី​លម្អង​និយាយ​ពោរពេញ​ដោយ​ក្ដីសង្ឃឹម​ថា៖ «គ្រួសារ​ខ្ញុំ​មិនដែល​ជួប​បញ្ហា​ខ្វះខាត​ស្រូវ​អង្ករ​នោះទេ ព្រោះ​ជាទូទៅ​ពួកយើង​ធ្វើ​ស្រូវ​បាន​ជា​មធ្យម​ពី ៤,៥ តោន​ទៅ ៥,៣ តោន​ក្នុង ១ ហិកតា ហើយ​ក្នុង ១ រដូវ ពួកយើង​ធ្វើ​ស្រូវ​បាន ២ ដង គឺ​ដើមរដូវ និង​ចុងរដូវ»។

បើតាម​អ្នកស្រី​លម្អង ដំណាំ​ស្រូវ ដែល​គាត់​ដាំ​ជា​ប្រភេទ​ស្រូវស្រាល ដែល​អាច​ដាំ​តែ​ក្នុង​ចន្លោះ​ពី ៨០ ថៃ្ង​ទៅ ៨៥ ថ្ងៃ​ប៉ុណ្ណោះ អាច​ប្រមូលផល​បាន និង​មិន​ត្រូវការ​ទឹក​ច្រើន​នោះទេ។ ប៉ុន្តែ​ត្រូវការ​ការថែទាំ បោចស្មៅ និង​ដាក់​ជី​ឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​នៃ​ដំណាំស្រូវ ដែល​បាន​ណែនាំ​ដោយ​មន្ត្រី​ជំនាញ។

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ថ្ងៃទី ២ ខែសីហា ការ​បង្កបង្កើនផល​ស្រូវ​របស់​កសិករ​ក្នុង​ខេត្ត​នេះ​បាន​សម្រេច​សរុប​ជាង ២៧ ម៉ឺន​ហិកតា ស្មើនឹង​ជាង ៨២ ភាគរយ​នៃ​ផែនការ​ជាង ៣២ ម៉ឺន​ហិកតា លឿន​ជាង​ឆ្នាំមុន​ចំនួន​ជាង ៦ ម៉ឺន​ហិកតា។

លោក​បញ្ជាក់ថា៖ «យ៉ាងណាក៏ដោយ នៅ​ដំណាច់​ខែសីហា ឬ ដើមខែ​កញ្ញា​ខាងមុខនេះ បងប្អូន​ប្រជាកសិករ​យើង​នឹងធ្វើការ​ដាំដុះ​បាន ១០០ ភាគរយ ឬ ច្រើនជាង​ផែនការ ដែល​យើង​បានកំណត់ ព្រោះ​ដល់ពេល​នោះ របាយទឹក ភ្លៀង​នឹង​ធ្លាក់​ជោកជាំ គ្របដណ្ដប់​គ្រប់​ទីកន្លែង ដែល​ធ្វើឱ្យ​មាន​ប្រភពទឹក​គ្រប់គ្រាន់ សម្រាប់​ការងារ​បង្កបង្កើនផល»៕

វីដេអូ៖