ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែលមាន​រថយន្ត​នៅក្នុង​ខេត្ត​ចំនួន ១២ របស់​កម្ពុជា អាច​យក​យានយន្ត​របស់​ខ្លួន​មក​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានជំនិះ (ឆៀក) ចល័ត​តាម​ខេត្ត សម្រាប់​ឆ្នាំនេះ ចាប់ពី​ថ្ងៃទី ៦ ខែ សីហា ដល់​ថ្ងៃទី ៣០ ខែធ្នូ នៅ​ទីតាំង ដែល​ជិត​បំផុត​តាម​កាលវិភាគ​កំណត់​ និង​ឱ្យទាន់​ពេលវេលា។

ការអំពាវនាវ​របស់​ក្រសួង​ឱ្យ​ពលរដ្ឋ​ដែលមាន​រថយន្ត​មក​ទទួល​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) ចល័ត​តាម​ខេត្ត​សម្រាប់​ឆ្នាំ ២០២១ នេះ​គឺជា​ការជូនដំណឹង មួយ​អំពី​ការបង្ខិត​សេវា​មក​ជិត​ពលរដ្ឋ​ដើម្បី​ចំណេញ​ពេលវេលា ថវិកា​ និង​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

បើតាម​ក្រសួង​សាធារណការ ខេត្ត​គោលដៅ សំខាន់ៗ ដែល​ពលរដ្ឋ​អាច​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស (ឆៀក) រួមមាន ខេត្តតាកែវ កំពត កែប កោះកុង ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន ស្វាយរៀង មណ្ឌលគិរី ស្ទឹងត្រែង ពោធិ៍សាត់ និង​ខេត្ត​ឧត្តរមានជ័យ។

លោក ទូច សេងឡី ប្រធាន​ក្រុម បច្ចេកទេស​ឆៀក​ចល័ត​របស់​ក្រុមហ៊ុន CMVIC ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការអំពាវនាវ​នេះ​ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹងថា​ឆៀក​ចល័ត​បាន​ទៅដល់​ខេត្ត​របស់ខ្លួន​ ដើម្បីឱ្យ​យក​រថយន្ត​ទៅ​ឆៀក​តាម​កាលកំណត់​របស់​ក្រសួង។ ប្រសិនបើ​ពលរដ្ឋ​ទាំងនោះ​មាន​ភាពយឺតយ៉ាវ​ចាប់ពី ១ ខែ​ឡើងទៅ​នឹងត្រូវ​ផាកពិន័យ​ទៅតាម​ប្រភេទ​យាន។

លោក​បាន​បន្តថា រថយន្ត​ប្រភេទ​ធុន​ស្រាល (ប្រភេទ​ក្បាល ២) ត្រូវ​ផាក​ក្នុង ១ ថ្ងៃ ៥០០ រៀល។ រថយន្ត​ប្រភេទ​ធុន​ធ្ងន់ (ប្រភេទ​ក្បាល ៣ ឡើង) ត្រូវ​ផាក​ក្នុង​មួយថ្ងៃ ២ ០០០ រៀល។ ម្យ៉ាងវិញទៀត ចំពោះ​រថយន្ត​ធុន​ស្រាល​ (ប្រភេទ​ក្បាល ២) ប្រសិន​បើ​លើស​រហូត​ដល់​ជាង ៣ ឆ្នាំ​គឺ​ក្រសួង​គិតតែ ២ ឆ្នាំ​ទេ គឺ​លើកលែង ១ ឆ្នាំ។ ពលរដ្ឋ​អាច​បង់​សេវា​តាម​ធនាគារ​ជា​ដៃគូ។

លោក ទូច សេងឡី បាន​ពន្យល់ថា ក្រសួង​តម្រូវឱ្យមាន​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) ចល័ត​នេះ គឺមាន​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ដែលមាន​រថយន្ត​អាច​យកមក​ឆៀក​បាន​ដោយ​មិន​ចំណាយពេល​យូរ និង​ថវិកា​ច្រើន​នោះទេ។ ក្រសួង​ប្រកាស​ឱ្យ​ពលរដ្ឋ​ដែលមាន​រថយន្ត​យកទៅ​ឆៀក​នេះ​គឺ​ខេត្ត​នោះ​មាន​ទីតាំង​សម្រាប់​ឆៀក​នៅក្នុង​ខេត្ត​របស់​គាត់។

លោក​បាន​បញ្ជាក់ថា៖ «ក្រសួង​ប្រកាស​នេះ ដើម្បីឱ្យ​ពលរដ្ឋ​ដែលមាន​រថយន្ត​យក​រថយន្ត​មក​ឆៀក​ឱ្យទាន់​ពេលវេលា ដែល​ក្រុមការងារ​គាត់​ចុះ។ ឧទាហរណ៍​ក្រុមការងារ​គាត់​ចុះ ១ សប្តាហ៍។ បើ​គាត់​ខកខាន គាត់​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ ដោយ​យក​រថយន្ត​ទៅ​ឆៀក​នៅ​ខេត្ត​ណា​ដែលមាន​កន្លែង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​នេះ។ ឬមួយ​ក៏​អាច​រង់​ចាំជើង​ក្រោយ​ទៀត ព្រោះ​ខេត្ត​នីមួយៗ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ទៅដល់​ខេត្ត​គោលដៅ​មាន​ចំនួន ៥ ដង ទៅ ១០ ដង​ក្នុង​ឆ្នាំ»។

លោក​ ទូត សេងឡី បានបញ្ជាក់​ទៀតថា បើ​ពលរដ្ឋ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) នគរបាល​ចរាចរណ៍ អាច​ផាក​ ឬ​បើ​ហួស​សុពលភាព​អាច​ត្រូវបាន​ផាកពិន័យ។ ខេត្ត​មួយចំនួន​ក៏​កំពុង​ធ្វើ​ទីតាំង​ឆៀក​នេះ នៅក្នុង​អំឡុង​ពេលធ្វើ​មិនទាន់​ហើយ​ក្រុមការងារ​នៅតែ​ចុះ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដដែល​ ដើម្បី​កុំឱ្យ​គាត់​ធ្វើចំណាក​ពី​ខេត្ត​របស់ខ្លួន និង​មាន​ការចំណាយ​ច្រើន។

តាម​លិខិត​ចុះ​ថ្ងៃទី ១៦ ខែ​មិថុនា ឆ្នាំ ២០២១ របស់​ក្រុមហ៊ុន CMVIC បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​រៀបចំ​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ចល័ត​ឆ្នាំ ២០២១ ដែល​មាន​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ចល័ត​ចំនួន ៤ គ្រឿង (ក្រុមហ៊ុន CMVIC ចំនួន ៣ គ្រឿង និង​ក្រុមហ៊ុន HK Car Inspection ចំនួន ១ គ្រឿង) ដើម្បី​បម្រើសេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ចល័ត​នៅតាម​បណ្តា​ខេត្ត​ដែល​ពុំទាន់​មាន​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត៕