ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​ជាមួយ​រដ្ឋមន្រី្ត​ការបរទេស​សហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ-សហរដ្ឋអាមេរិក លើក​ទី ២ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​វីដេអូ។

រដ្ឋមន្ត្រីការបរទេស​ប្រទេស​មេគង្គ​ផ្សេងទៀត ដែល​រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម និង​អគ្គលេខាធិការ​អាស៊ាន ក៏​នឹងចូលរួម​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ​ផងដែរ។

ក្រសួងការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ២ ខែសីហា ថា អង្គប្រជុំ​នឹង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ-សហរដ្ឋ-អាមេរិក​លើក​ទី១ដែល​ធ្វើឡើង​កាលពី​ឆ្នាំ ២០២០ តាម​ប្រព័ន្ធ​វីដេអូ។

ក្រសួង​ការបរទេស​បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​ក៏​នឹង​កំណត់​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ដើម្បី​លើកកម្ពស់ និង​ជំរុញ​បន្ថែមទៀត លើ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធានាបាន​នូវ​អនុតំបន់​មេគង្គ​ដែលមាន​ស្ថិរភាព ភាពរឹងមាំ​ធន់​នឹង​វិបត្តិ​ការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន និង​វិបុលភាព​ប្រកបដោយ​ចីរភាព។

បើតាម​ក្រសួង​ការបរទេស រដ្ឋមន្ត្រីការបរទេស​ទាំងអស់​នឹង​រួមគ្នា​គិតគូរ​ពិចារណា​ទៅដល់​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​ផែនការ​ស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច-សង្គម​ប្រកបដោយ​ចីរភាព​របស់​អនុតំបន់​ក្រោយ​ជំងឺ​រាតត្បាត។

ក្រសួង​បញ្ជាក់ថា៖ «កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ-សហរដ្ឋអាមេរិក លើក​ទី ២ នេះ​នឹង​បញ្ជាក់​អំពី​មិត្តភាព​ដ៏រឹងមាំ និង​កិច្ចសហការ​ដ៏ជោគជ័យ រវាង​បណ្តា​ប្រទេស​ទន្លេ-មេគង្គ និង​សហរដ្ឋអាមេរិក ហើយ​និង​ផ្តល់នូវ​កាលានុវត្តភាព ប្រកបដោយ​សក្តានុពល សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់លាក់ និង​មាន​ផលប្រយោជន៍ ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​អនុតំបន់​មេគង្គ និង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២ ខែសីហា ថា តាមរយៈ​កិច្ចសហប្រតិបត្តិការភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋអាមេរិក​កន្លង​មក​សហរដ្ឋ​អាមេរិក​បាន​ជួយ​កម្ពុជា​លើ​វិស័យ​បរិស្ថាន ធនធានធម្មជាតិ ការអប់រំ និង​សន្តិសុខ​ក្នុង​ការប្រើប្រាស់​ទឹកទន្លេ​មេគង្គ។

លោក​ថ្លែងថា៖ «គេ​រួមគ្នា​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ពីព្រោះ​គំនិត​ផ្តួចផ្តើម​មេគង្គ-អាមេរិក​កន្លងមក​ហ្នឹង ផ្តោត​ខ្លាំង​ទៅលើ​បម្រែបម្រួល​អាកាសធាតុ។ មាន​គម្រោង​ច្រើន​ដែល​ត្រូវបាន​ដាក់ចេញ​តាមរយៈ​យន្តការ​មេគង្គ-សហរដ្ឋអាមេរិក ដែល​នៅ​ក្នុងនោះ​ការអប់រំ ក៏បាន​រំលេច​នៅក្នុង​មេគង្គ-សហរដ្ឋ-អាមេរិក​ដែរ»។

លោក គិន ភា ថ្លែងថា នៅក្នុង​កិច្ចប្រជុំ​មេគង្គ-សហរដ្ឋ​អាមេរិក​លើក​ទី ២ នេះ សហរដ្ឋ​អាមេរិក ប្រហែល​ផ្តោត​ខ្លាំង​លើ​ការប្រើប្រាស់​ទឹកទន្លេ​មេគង្គ ហើយ​ប្រហែលជា​លើក​បញ្ហា​ប្រទេស​ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​ខ្សែទឹក​ខាងលើ ដែលជា​ការព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក ដែល​ចង់​សំដៅលើ​ប្រទេស​ចិន។

លោក​បារម្ភ​ថា យន្តការ​ភាពជា​ដៃគូ​មេគង្គក្រោម-សហរដ្ឋ-អាមេរិក ជា​យន្តការ​ប្រកួតប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន ប៉ុន្តែ​បើសិន​ចិន និង​អាមេរិក​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញ​ទៅមក សម្រាប់​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ វា​នឹងមាន​ផលប្រយោជន៍​សម្រាប់​កម្ពុជា​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «អ្វី​ដែល​បារម្ភ​ហ្នឹង គឺ​រឿង​ក្តៅ​មួយចំនួន​ភាគច្រើន​ត្រូវបាន​លើក​ដែរ នៅពេល​គេ​ប្រជុំ ហើយ​លើក [ឡើង] ហ្នឹង គឺពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន ការប្រើប្រាស់​ទឹក ការបំពុល​បរិស្ថាន ការសាងសង់​ទំនប់​វារីអគ្គិសនី​ជាដើម»។

លោក ភា បាន​លើកឡើងថា កម្ពុជា​គួរ​រក្សា​គោលការណ៍​ពហុភាគី​និយម ហើយ​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​រវាង​សហរដ្ឋ​អាមេរិក ចិន និង​ប្រទេស​មេគង្គ​ផ្សេងទៀត តាម​លក្ខណៈ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក។ ការធ្វើ​បែបនេះ​គឺជា​រឿង​ផ្តល់​ផលចំណេញ​ជាជាង​ចាប់យក​ប្រទេស​ណាមួយ ហើយ​វាយប្រហារ​ប្រទេស​ណាមួយ ឬ​ឱ្យ​តម្លៃ​ប្រទេស​ណាមួយ ហើយ​ទម្លាក់​តម្លៃ​ប្រទេស​ណាមួយ។

លោក​បាន​បញ្ជាក់ថា៖ «យើង​ព្យាយាម​ទាញយក​ផលប្រយោជន៍​ទៅតាម​គំនិត​ផ្តួចផ្តើម ទៅតាម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន​ដើម្បី​ផលប្រយោជន៍​ជាតិ​យើង»៕