
មន្ត្រីឧទ្យានុរក្សឃាត់ខ្លួនក្រុមជនសង្ស័យទាំង រួមនឹងវត្ថុតាង កាលពីថ្ងៃទី ៣១ កក្កដា។ រូបថត សហការី
ខេត្តស្ទឹងត្រែងៈ មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី ២ ខែសីហា បានបញ្ជូនជនសង្ស័យ ៥ នាក់ ទៅតុលាការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៣១ ខែកក្កដា។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ថ្លែងពីម្សិលមិញថា៖ «រហូតមកដល់ល្ងាចថ្ងៃទី ២ ខែសីហា នេះ មន្ត្រីជំនាញបរិស្ថានបានកសាងសំណុំរឿងរួចរាល់នឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់តែម្តង»។
លោក ស្រេង ជាហេង ថ្លែងថា មន្ត្រីឧទ្យានុរក្សដែលល្បាតដែនជម្រកសត្វព្រៃ ព្រៃឡង់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះទៅចំណុចព្រៃស្រះ៣ នៃព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារស្ថិតក្នុងភូមិអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ៣១ ខែកក្កដា។
ពេលកំពុងល្បាតនៅទីនោះ ក៏ប្រទះឃើញបទល្មើសជាក់ស្តែង កម្លាំងសមត្ថកិច្ចបរិស្ថានក៏បានឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់នោះភ្លាម។ ក្រោយសាកសួរទើបដឹងថា ពួកគេទាំងនេះរស់នៅភូមិច្រេត ឃុំច្រេត ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ស្រេង ជាហេង បញ្ជាក់ថា ក្រោយការឃាត់ខ្លួនកាលពីថ្ងៃ ៣១ កក្កដានោះ ក្រុមជនសង្ស័យទាំង ៥ នាក់ រួមនឹងវត្ថុតាងបទល្មើសរណារយន្ត ៤ គ្រឿង ត្រូវបានបញ្ជូនមកកាន់ស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ និងនៅថ្ងៃទី ១ សីហា កម្លាំងឧទ្យានុរក្សក៏បានបញ្ជូនបន្តមកកាន់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការតាមច្បាប់។
លោក ប៊ី វ៉ាន់នី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែងបានគាំទ្រចំពោះការអនុវត្តច្បាប់របស់មន្ត្រីបរិស្ថាន និងគាំទ្រឱ្យការអនុវត្តច្បាប់នោះមានវិសាលភាពកាន់តែធំធេងជាងនេះ ចំពោះការអារឈើខុសច្បាប់ក្នុងខេត្តស្ទឹងត្រែង៕