ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង (ក.ប.ប) បាន​បង្ក្រាប​អំពើ​មិន​សុចរិត​ក្នុង​ការធ្វើ​អាជីវកម្ម​ចំនួន ៥៦ ករណី និង​បាន​អនុវត្ត​វិធានការ​ដំបូង​នៃ​ការពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នៅក្នុង​ខែកក្កដា​នៅ​ទូទាំងប្រទេស។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ខែសីហា​ថា ក្នុង​រយៈពេល ១ ខែ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ពិសេស​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី​នីតិវិធី​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់។

លោក​បាន​អះអាងថា មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គ​នាយកដ្ឋាន ក.ប.ប. បាន​ចុះ​ទៅតាម​គោលដៅ និង​មុខសញ្ញា​ដែល​កំណត់ដោយ​អគ្គនាយកដ្ឋាន ដើម្បី​ស្រាវជ្រាវ និង​កំណត់​បទល្មើស ចំពោះ​អំពើ និង​ការអនុវត្ត​ធុរកិច្ច​មិន​សុចរិត ពាក់ព័ន្ធ​នឹង​ទំនិញ និង​សេវា។

លោក​បាន​បញ្ជាក់ថា៖ «ក្នុង​ខែកក្កដា​កន្លងទៅ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ បាន​រកឃើញ​បទល្មើស​ចំនួន ៥៦ ករណី។ បទល្មើស​ដែល​ត្រូវបាន​រកឃើញ ភាគច្រើន​ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​មិន​សុចរិត​ក្នុង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ ការធ្វើ​អាជីវកម្ម​ទំនិញ​ក្លែងបន្លំ​គុណភាព (ដូចជា) អាល់កុល ទំនិញ​ហួស​រយៈពេល​ប្រើប្រាស់ ទំនិញ​គ្មាន​ ឬ​មាន​ស្លាក​សញ្ញា​មិន​អនុលោម»។

ជាមួយ​នឹង​ការចុះអនុវត្ត​នៃ​ខែ​ដំបូង​នេះ លោក ផាន អូន បាន​និយាយថា ការអនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ គឺ​បាន​ជួបនឹង​បញ្ហា​មួយចំនួន ដែល​ធ្វើឱ្យ​ការងារ​ចុះ​អនុវត្តមាន​ភាពលំបាក។

លោក​បាន​អះអាង​ពី​ផលលំបាក​ទាំងនោះ​ថា៖ «ដូចជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា នៅ​កំពុងមាន​សម្ទុះ​មិនទាន់​ថមថយ​នៅឡើយ ធ្វើឱ្យ​ការងារ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ដើម្បី​កំណត់​បទល្មើស​ជួប​ការរាំងស្ទះ។ ម្យ៉ាងទៀត ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ទើប​ត្រូវបាន​អនុវត្ត ការយល់ដឹង​របស់​អាជីវករ​នៅ​ពុំទាន់​បាន​ស៊ីជម្រៅ​នៅឡើយ»។

យោងតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ បានឱ្យដឹងថា ច្បាប់​នេះ​សំដៅ​ធានា​ឱ្យ​មាន​កិច្ចការពារ​ដល់​អ្នកប្រើប្រាស់ ដើម្បី​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយស្មោះ​ត្រង់ និង​ការប្រកួតប្រជែង​ដោយ​សុចរិត។

យោងតាម​ច្បាប់​នេះ ក៏បាន​ចែង​ពី​ការដាក់ទោសទណ្ឌ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន ផលិតករ ពាណិជ្ជករ អាជីវករ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​នឹង​ច្បាប់​នេះ ដោយ​ការពិន័យ​ជា​ប្រាក់ និង​ការដាក់ទោសទណ្ឌ​ក្នុង​ពន្ធនាគារ៕