ភ្នំពេញៈរដ្ឋមន្ត្រី​ក្រសួងការបរទេស លោក​ ប្រាក់ សុខុន ​អំពាវនាវ​ដល់​អាស៊ាន​ ឱ្យជួយ​សម្រាល​ការលំបាក​របស់​ប្រជាជន​ក្រីក្រ ក្នុង​នោះ​ក៏​មាន​​ពល​រដ្ឋ​​កម្ពុជា​ផងដែរ ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដោយសារ​ជំងឺ​កូ​វីដ ១៩។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ អន្តរជាតិ នា​ថ្ងៃទី ៣ សីហា បាន​ដកស្រង់​សម្តី​លោក ​ប្រាក់ សុខុន ថា៖ «ខណៈដែល​អាស៊ាន​ កំពុង​ប្រឈមមុខ​នឹង​ផលប៉ះពាល់​ ដែល​បង្កដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដែល​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ មកលើ​ប្រជាជន​ក្រីក្រ អាស៊ាន​ គួរ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​កាត់បន្ថយ​ការលំបាក ​របស់​ប្រជាជន​ទាំងនោះ ​និង​បន្ត​វឌ្ឍនភាព​ នៃ​ការកាត់បន្ថយ​ភាពក្រីក្រ»។

លោក​ ប្រាក់ សុខុន បាន​ស្នើឡើង​ដូច្នេះ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី៥៤ កាលពី​ថ្ងៃទី ២ ខែសីហា​ តាម​ប្រព័ន្ធ​វីដេអូ។

លោក​ស្នើ​ដល់​អាស៊ាន​ ឱ្យមាន​ការធានា​ឱ្យបាន​នូវ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ប្រកបដោយ​ចីរភាព និង​កំណើន​សម្រាប់​តំបន់ តាមរយៈ​ការសម្រេច​ឱ្យបាន​ នូវ​ក្របខ័ណ្ឌ​ការរៀបចំ​ច្រករបៀង​ ធ្វើដំណើរ​ក្នុង​តំបន់​អាស៊ាន និង​ការធ្វើ​ប្រតិបត្តិការ​នៃ​ម​ជ្ឈមណ្ឌល​អាស៊ាន​ សម្រាប់​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​និង​ជំងឺ​ដែល​កំពុង​កើតមាន។

លោក​ថ្លែងថា ការ​ធានាថា ការចូលរួម​របស់​អា​ស៊ាន ​ជាមួយ​ដៃគូ​ខាងក្រៅ គឺ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​អាស៊ាន​ដែល​ស្រប​នឹង​គោលការណ៍​អាស៊ាន​រួមមាន ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ បាន​ពិភាក្សា​អំពី​វិធីសាស្ត្រ​ពង្រឹង​ការអនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​តំបន់ផ្សេងៗ រួមមាន​មូលនិធិ​អាស៊ាន​ ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ ១៩។

មជ្ឈមណ្ឌល​អាស៊ាន​ សម្រាប់​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ ​និង​ជំងឺ​ដែល​កំពុង​កើតមាន។

ការរៀបចំ​ច្រករបៀង​ធ្វើដំណើរ​អាស៊ាន​ និង​ក្របខ័ណ្ឌ​ស្តារឡើងវិញ​ គ្រប់​ជ្រុងជ្រោយ​​របស់​អាស៊ាន​ក្នុង​កិច្ចខិតខំ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ និង​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម​ដែល​បណ្តាលមកពី​វិបត្តិ​នេះ។

ប្រទេស​ជា​សមាជិក​អាស៊ាន​ បានលើកឡើង​អំពី​តម្រូវការ​ក្នុងការ​ចាប់ផ្តើម​ឱ្យមាន​អភិក្រម​រួម​ប្រកបដោយ​បរិ​យា​ប័ន្ន​​និង​រឹងមាំ​ ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​ប្រឈមភ្លាមៗ ជាពិសេស​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ ១៩ និង​ធានាបាន​នូវ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា៖ «ក្នុងន័យនេះ​កិច្ចប្រជុំ​បាន​ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ និង​ផែនការ​អនុវត្ត​ក៏ដូចជា​គំនិត​ផ្តួចផ្តើមសំខាន់ៗផ្សេងទៀត​ដែល​បាន​ឯកភាពគ្នា​រួច​ រួមមាន​កិច្ចព្រមព្រៀង​ច្រករបៀង​ធ្វើដំណើរ​ នៅក្នុង​តំបន់​អាស៊ាន​ ដើម្បី​ធានាថា ​អាស៊ាន​ងើប​ចេញពី​ជំងឺ​រាតត្បាត​កូ​វីដ១៩ ប្រកបដោយ​ភាព​កាន់តែ​រឹងមាំ​ជាង​មុន»។

លោក​ ប្រាក់ សុខុន បាន​លើក​ឡើង​​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ ក្នុងការ​ជំរុញ​តំបន់​និយម​ និង​ពហុភាគី​និយម​ក៏ដូចជា​ពង្រឹង​និម្មាបនកម្ម​តំបន់​ ដែល​បើកចំហ​ ឱ្យមាន​តម្លាភាព ​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ផ្អែកលើ​គោលការណ៍​ច្បាប់​ដោយ​យក​អាស៊ាន​ជា​ស្នូល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ ដោយ​ឈរលើ​ផលប្រយោជន៍​ទៅវិញទៅមក។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បាន​ប្តេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​របៀបវារៈ​សិទ្ធិមនុស្ស រួមទាំង​ការការពារ​ និង​លើកកម្ពស់​សេរីភាព​ស្នូល​ របស់​ប្រជាជន​អាស៊ាន​និង​បាន​ជំ​រុញឱ្យ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាន់តែ​សកម្ម​ក្នុង​ការបំពេញ ភារកិច្ច​ ដើម្បី​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​ទូទាំង​អាស៊ាន ជាពិសេស​អំឡុងពេល​ដ៏​លំបាក​ ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​​ នៅ​​ថ្ងៃទី ៣ ខែសីហា ថា អាស៊ាន​បានដាក់​ចេញ​នូវ​យន្តការ​ជាច្រើន ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​វិបត្តិ​ដោយសារ​កូ​វីដ ១៩ និង​បាន​បង្កើតជា​មូលនិធិ​អាស៊ាន​ សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ​ក្នុង​បរិបទ​កូ​វីដ ១៩ និង​ក្រោយ​កូ​វីដ ១៩។

លោក​ថ្លែងថា៖ «អាស៊ាន​បានដាក់​ចេញមក​ហ្នឹង​ គឺ​ភាគច្រើន​ជា​កិច្ចព្រមព្រៀង ជា​ឯកសារ​ដែលមាន​នៅលើ​តុ​ហ្នឹង​ច្រើនជាង​ការអនុវត្ត​ជាក់ស្តែង»។

លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​​នៅ​ថ្ងៃទី ៣ ខែសីហា ថា ការគាំទ្រ​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត ​ក្នុងកំឡុងពេល​មាន​វិបត្តិ​សុខភាព​សាធារណៈ​ និង​ឱនភាព​សេដ្ឋកិច្ច​ គឺជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​នានា។

លោក​ថ្លែងថា៖ «អាស៊ាន​ បាន​បង្កើត​ផែនការ​ស្តារឡើងវិញ ​ក្នុង​តំបន់ ប៉ុន្តែ​ការអនុវត្ត​នៅតែ​ជា​បញ្ហា។ ដូច្នេះ​អាស៊ាន​ចាំបាច់​ ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ​ ដើម្បី​អនុវត្ត​គោលនយោបាយ​ទាំងអស់​ ដែល​ទាក់ទង​នឹង​ការស្តារ​សេដ្ឋកិច្ចសង្គម​ក្រោយ​ជំងឺ​រាតត្បាត»។

លោក វណ្ណា​រិ​ទ្ធ បញ្ជាក់​ថា ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស និង​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវការ​ការជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែមទៀត៕