ភ្នំពេញៈ ក្រសួង​សុខាភិបាល ចេញផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការអនុវត្ត​យុទ្ធនាការ​ជាតិ ក្រោម​ប្រធានបទ «រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ១៩» ដោយ​រំពឹងថា គ្រប់គ្នា​បន្ត​ចូលរួម​អនុវត្ត និង​គោរព​តាម​វិធាន​បាន​ខ្ជាប់ខ្ចួន ដើម្បី​កាត់ផ្តាច់​ការចម្លង។

សេចក្តី​ណែនាំ​ដែលមាន​កម្រាស់ ៤៣ ទំព័រ និង ១០ ចំណុច​បាន​រៀបរាប់​ពី​ទិដ្ឋភាព​រួម ដែល​បាន​កំពុង​កើតមានឡើង នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​វិបត្តិ​កូវីដ ១៩ ដោយ​ភ្ជាប់​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ចំនួន ២ ចំណុច​ក្នុង​ការទំនាក់ទំនង​អន្តរ​បុគ្គល និង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​អនុវត្ត​យុទ្ធនាការ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ។

បន្ថែម​ពីនេះ សេចក្តី​ណែនាំ​ក៏​បាន​កំណត់​ពី​សកម្មភាព​រាប់​ចាប់ពី​យុទ្ធនាការ​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ និង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន និង​ការការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​វិធានការ ៣ កុំ និង ៣ ការពារ។

សេចក្តី​ណែនាំ​បាន​សង្កត់​ធ្ងន់​ថា៖ «យុទ្ធនាការ​នេះ ត្រូវការ​សម្ភារ​មួយចំនួន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន​អំពី​គោល​រឿង​នៃ​យុទ្ធនាការ។ សម្ភារ​រួមមាន​សារ​អប់រំ​ដែល​បាន​ផលិត​កន្លងមក និង​សម្ភារ​បន្ថែម​មួយចំនួន ដូចជា​អាវយឺត មួក ពាក្យស្លោក រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ១៩ បដា និង​សារ​សំឡេង ស្ប៉ត​វិទ្យុ ទូរទស្សន៍​ដែល​នឹង​ផលិត​ជា​បន្តបន្ទាប់»។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍ​ទៅកាន់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែលជា​បន្ទុក​ធំ​លើស​សមត្ថភាព​ប្រព័ន្ធ​ប្រពោធនកម្ម​សម្រាប់​ការព្យាបាល​ធ្ងន់ធ្ងរ (ICU) ប្រសិនបើ​ពុំ​មាន​ការដាក់ចេញ និង​អនុវត្ត​ជាបន្ទាន់ នូវ​យុទ្ធសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព​បន្ថែម​នោះទេ។

លោកស្រីបន្តថា វីរុស​កូវីដ ១៩ កំពុង​ចរាចរ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ និង​មាន​ករណី​ឆ្លង​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល ករណី​ធ្ងន់ធ្ងរ និង​ស្លាប់​កំពុង​កើនឡើង​ផងដែរ។ ដូច្នេះហើយ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ៦ ចំណុច សំដៅ​ទប់ស្កាត់ រលក​ទី៣ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ដើម្បី​ត្រៀម​ខ្លួន​រស់​ជាមួយ​ជំងឺ​កូវីដ ១៩ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី គឺជា​ភាពចាំបាច់ ដែល​គ្រប់គ្នា ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​តាម។

លោកស្រី​បាន​បញ្ជាក់ថា៖ «ការចូលរួម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ សហគមន៍ ព្រមទាំង​ស្ថាប័ន និង​វិស័យ​ឯកជន​ក្នុង​ការអនុវត្ត​វិធានការ​បង្ការ និង​ការពារ​ខ្លួន​ពី​មេរោគ​កូវីដ ១៩ គឺជា​កត្តា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការកាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

ដូច្នេះ​លោកស្រី​បាន​សង្កត់ធ្ងន់​ថា ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ឡើងវិញ​ក្នុង​ការប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស វិធានការ ៣ ការពារ និង ៣ កុំ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ធ្វើការ​ជូនដំណឹង​ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត បន្ត​ជំរុញ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូវីដ ១៩ ដោយ​ប្រើប្រាស់​សារ​អប់រំ​សុខភាព​ដែល​បាន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​កន្លងមក។

លើសពីនេះ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព អនុគណៈកម្មការ​អប់រំ​បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ​បាន​រៀបចំ​បន្ថែម​នូវ​សេចក្ដី​ណែនាំ​អនុវត្ត​យុទ្ធនាការ​ជាតិ​រួមគ្នា​ទទួលខុសត្រូវ ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ១៩ ដែល​យុទ្ធនាការ​នាពេល​នេះ ផ្ដោតខ្លាំង​ទៅលើ​ការជំរុញ​ការទទួល​ខុសត្រូវ​របស់​បុគ្គល គ្រួសារ សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​សេវា​ឯកជន អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទទួលខុសត្រូវ​ក្នុង​ស្មារតី​សាមគ្គីភាព​ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូវីដ ១៩។

សូមជម្រាបថា រហូតមកដល់​ថ្ងៃ ៣០ កក្កដា​នេះ កម្ពុជា​រកឃើញ​ករណី​ជំងឺ​កូវីដ​ឆ្លង​សរុប​ជិត ៨ ម៉ឺន​នាក់ ​ក្នុងនោះ​ចំនួន​អ្នក​បាត់បង់​អាយុជីវិត​មាន​រហូតដល់​ជិត ១ ៤០០ នាក់៕

វីដេអូ៖