ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ រួមទាំង​កុមារ និង​យុវវ័យ​បាន​ជាង ៧ លាន ៤ សែន​នាក់ រហូតមកដល់​ដើមខែ​សីហា​នេះ ដែល​មាន​ភាគរយ​ខ្ពស់បំផុត​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង ១៧ នៅលើ​ពិភពលោក​ដែល​ផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដល់​គ្រូបង្រៀន​ដំបូង​គេ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៣ ខែសីហា បានឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ សម្រាប់​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង បាន​ចំនួន ៧ ៤១៨ ៤៥៣ នាក់ ឬ​ស្មើនឹង ៧៤,១៨ ភាគរយ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់ និង​ចាក់​ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ទៅ​ក្រោម ១៨ ឆ្នាំ បាន​ចំនួន ៧៩ ៦៧៦ ឬ​ស្មើនឹង ៤,០៥ ភាគរយ ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ប្រមាណ ២ លាន​នាក់ ដែលនាំឱ្យ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៧ ៤៩៨ ១២៨ នាក់។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UN) កាលពី​ថ្ងៃទី ៣ ខែសីហា ស្ដីពី​ការគាំទ្រ​របស់ UN ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ថ្នាក់ជាតិ​របស់​កម្ពុជា​បាន​ឱ្យ​ថា ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែលមាន​ភាគរយ​ខ្ពស់បំផុត​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ​របស់ខ្លួន នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង ១៧ នៅលើ​ពិភពលោក​ដែល​ផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដល់​គ្រូបង្រៀន​ដំបូង​គេ។

UN បាន​ឱ្យ​ដឹងថា ចាប់តាំងពី​មាន​ការឆ្លង​សហគមន៍​ខ្នាត​ធំ​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​កាលពី​ខែកុម្ភៈ ឆ្នាំ ២០២១ យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា បានអនុម័ត​ដាក់ឱ្យ​ដំណើរការ​តាម​ភូមិសាស្ត្រ​អាទិភាព​ជាពិសេស​នៅតាម​តំបន់ និង​ទីក្រុង​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​កូវីដ ១៩ ហើយ​នៅតែ​បន្ត​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ។

UN បញ្ជាក់ថា៖ «ការស្ទាក់ស្ទើរ​ក្នុង​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​កម្ពុជា មាន​កម្រិត​ទាប បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក»។

UN បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង គឺជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព ការចាក់​វ៉ាក់សាំង​គួរតែ​ត្រូវបាន​អមដោយ​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព។

អង្គការ​សហប្រជាជាតិ នៅតែ​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​ដល់​អាជ្ញាធរ​ក្នុង​ការអនុវត្ត​វិធានការ ដូចជា​ការតាមដាន​រក​ប្រភព​ចម្លង​យុទ្ធសាស្ដ្រ​នៃ​ការធ្វើ​តេស្ត ការរក​ករណី​វិជ្ជមាន​ដំបូង ការនៅ​ដាច់ដោយឡែក និង​ការថែទាំ​ព្យាបាល​ក៏ដូចជា​ការពាក់ម៉ាស់​ ​អនាម័យ​ដៃ និង​ការរក្សា​គម្លាត​ពីគ្នា​ជាដើម។

អង្គការ​សហប្រជាជាតិ​បានផ្ដល់​អនុសាសន៍ មនុស្ស​ពេញវ័យ និង​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​មេរោគ រួមទាំង​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​បុគ្គលិក​សង្គម មនុស្ស​ចាស់ និង​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​គួរតែ​បន្ត​ផ្តល់​អាទិភាព​ដល់​ការចាក់​វ៉ាក់សាំង។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថ្លែង​ពេល​នាំយក​អំណោយ​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅ​ប្រគល់ជូន​លោកតា​ និង​លោកយាយ​អាយុ​ជាង ១០០ ឆ្នាំ​ដែល​បាន​ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នៅ​ខេត្ដ​កំពត កាលពី​ថ្ងៃទី ២ ខែសីហា ថា វ៉ាក់សាំង​ដែល​កម្ពុជា​កំពុងតែ​ប្រើប្រាស់ ជាពិសេស​វ៉ាក់សាំង​ដែលមាន​ការសិក្សា​យ៉ាងហ្មត់ចត់​ពី​អង្គការ​សុខភាព​ពិភពលោក​ដែល​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់ គឺ​សុទ្ធសឹង​ជា​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៅក្នុង​ការបង្កើត​បាន​នូវ​កងការពារ​ដើម្បី​ទប់ទល់​ជាមួយនឹង​វីរុស​កូវីដ ១៩។

លោកស្រី​បាន​ថ្លែងថា៖ «ការសន្និដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា ទោះបីជា​យ៉ាងណាក៏ដោយ វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដែល​យើង​កំពុងតែ​ប្រើប្រាស់ ដែល​ស្ថិតនៅ​ការដាក់ឱ្យ​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅតែ​ជា​ឧបករណ៍​ដែលមាន​សារៈសំខាន់​សម្រាប់​វ៉ៃ​បក​ជាមួយ​នឹង​វីរុស​កូវីដ ១៩ ទោះជា​ប្រភេទ​ណាក៏ដោយ»។

លោកស្រី​បាន​ថ្លែង​បន្តទៀតថា៖« វ៉ាក់សាំង​នេះ វា​នៅតែមាន​សារៈសំខាន់​សម្រាប់​បុគ្គល​គ្រប់រូប នៅពេល​ដែល​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ គឺ​វ៉ាក់សាំង​បាន​ជួយ ទោះបីជា​យើង​ឆ្លង ក៏​សរីរាង្គ​យើង​បញ្ចេញ​នូវ​កងការពារ​ដើម្បី​ទប់ទល់ បើ​ទប់ទល់​ទៅ​មិន​ឈ្នះ ១០០ ភាគរយ ក៏​វា​បាន​ធ្វើឱ្យ​វីរុស​ធ្លាក់ចុះ​នូវ​ឥទ្ធិពល​របស់​វា ដូច្នេះ​ស្ថានភាព​ជំងឺ​របស់​អ្នក​ចាក់​វាក់សាំង​គឺ​មិន​ធ្ងន់ធ្ងរ​ទេ»៕