ភ្នំពេញៈ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន បណ្តាល​ឱ្យ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញមួយ​ទំហឹង ធ្វើឱ្យ​រថយន្ត​រួញ​ខ្ទេច​ចូលគ្នា កាលពី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី ៣ សីហា នៅ​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅ​ ទី៣ ខណ្ឌ​ពោធិ៍សែនជ័យ។

លោក សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ៣ សីហា​ថា បុរសរងគ្រោះ​ឈ្មោះ សុន សុភាព ​ហៅ​ ចាវ អាយុ ២៦ ឆ្នាំ មុខរបរ បើកបរ​រថយន្ត​មាន​លំនៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ។

លោក​បន្តថា៖ «ឥឡូវនេះ​ខាង​ជំនាញ​កំពុង​ស្រាវជ្រាវ​ទាក់ទង​ទៅ​ក្រុមគ្រួសារ​គាត់។ យើង​ក៏​កំពុង​ពិនិត្យ​លើ​គ្រោះថ្នាក់​នេះ​ថា​ប៉ះពាល់​អ្វីខ្លះ?»។

លោក​ រតនា បាន​រំឭក​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិចស៊ីស NX200t ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-1056 ដែលមាន​ជនរងគ្រោះ​បើក​នៅក្នុង​រថយន្ត​តែ​ម្នាក់ឯង​បាន​បើកបរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច ក្នុង​ល្បឿន​លឿន។

លុះ​បើករថយន្ត​ដល់​ចំណុចកើតហេតុ ម្យ៉ាង​ដោយសារ​ផ្លូវកោង​ផង​នោះ ជនរងគ្រោះ​បាន​បួង​ចង្កូត​ហើយ​គេ​ឃើញ​រថយន្ត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង១ដើម។ ប៉ុន្តែ​ដោយ​កម្លាំង​ល្បឿន​លឿន ក៏​បន្ត​ទៅបុក​របង​ថ្ម​នៃ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ បណ្ដាល​ឲ្យ​រថយន្ត​ដាច់​ជា ២ កំណាត់។ រីឯ​អ្នកបើកបរ​រថយន្ត​បាន​កៀប​ស្លាប់​ជាប់​នៅក្នុង​រថយន្ត។

លោក​បន្តថា ក្រោយ​កើតហេតុ​ភ្លាម នគរបាល​មូលដ្ឋាន​បាន​ចុះ​ធ្វើ​អន្តរាគមន៍ និង​រាយការណ៍​បន្តទៅ​អធិការនគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ។ បន្ទាប់មក​លោក​អធិការ​ខណ្ឌ​បាន​រាយការណ៍​បន្ត​មក​ការិយាល័យ​ចរាចរណ៍​របស់លោក​ដែលជា​ផ្នែក​ជំនាញ។ លោក​ សែម រតនា បន្តថា បន្ទាប់ពី​កម្លាំង​ជំនាញ​របស់លោក​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យឃើញ​ថា ជនរងគ្រោះ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ទេ៕