
សមត្ថកិច្ចនៅក្នុងខណ្ឌមានជ័យ បានឃាត់សួរអ្នកធ្វើដំណើរក្នុងម៉ោងបិទបម្រាមគោចរ កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា។ ហ៊ាន រង្សី
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) កាលពីម្សិលមិញបានប្រកាសពីលទ្ធផលអប់រំផ្សព្វផ្សាយច្បាប់រយៈពេល ១ ថ្ងៃ ដោយបានធ្វើឡើងចំនួន ១ ០១៨ ទីតាំង និងអនុវត្តវិធានការច្បាប់បាន ៣៧២ ករណី ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) បានឲ្យដឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្កល ដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នៅថ្ងៃទី ៣ ខែសីហា អនុវត្តវិធានការអប់រំផ្សព្វផ្សាយច្បាប់បានចំនួន ១ ០១៨ ទីតាំង និងអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី ដោយឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់ ឃាត់យានយន្ត ចំនួន ២១៥ គ្រឿង ពិន័យជាប្រាក់ ចំនួន ៣២ លានរៀល។
នៅយប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២១ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគ្រងសម្លៀកបំពាក់ឈុតពេទ្យ ចេញប្រតិបត្តិការណ៍តាមផ្លូវតូចធំ ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ ដែលល្មើសនឹងបម្រាមគោចរ យកមកធ្វើការផាកពិន័យ និងអនុវត្តតាមវិធានការច្បាប់ផងដែរ៕