ភ្នំពេញៈ លោក​ គង់ គាំ អតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី បាន​ព្យាករ​ថា អ្នកនយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ជាប់​បម្រាម​ចំនួន ១ ភាគ ៣ នៃ​ចំនួន ១១៨ រូប​ នឹង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅមុន​ការបោះឆ្នោត​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ដោយ​មិន​ចង់​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់លោក សម រង្ស៊ី និង «ក្រុម​ក្រៅច្បាប់ ក្រៅប្រទេស​នោះឡើយ»។

លោក សម រង្ស៊ី កាលពី​ថ្ងៃ ១៧ ខែកក្កដា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា ចាប់ផ្តើម​គិតគូរ​បង្កើត រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​កម្ពុជា​ដោយ​យក​គំរូ​តាម​ប្រទេស​ភូមា ដើម្បី​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ។

លោក គង់ គាំ ដែល​បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ខែសីហា​ថា ដោយ​មើលឃើញ​ពី​បញ្ហា​នេះ អ្នកនយោបាយ​នៃ​អតីត CNRP ដែល​ជាប់​បម្រាម​អាច​បន្ត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ព្រោះ​ពួកគេ មើលឃើញ​អ្នកនយោបាយ​មួយចំនួន​រួចហើយ ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​បាន​បង្កើត​គណបក្ស​ថ្មី កាន់តែ​ច្រើនឡើង។

អ្នកនយោបាយ​ចាស់វស្សា​រូបនេះ​បន្តថា អ្នកនយោបាយ​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ គឺ​បង្ហាញ​ពី​ការ​អស់ជំនឿ​ចំពោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​អាចមាន​វត្តមាន​ឡើងវិញ​នោះទេ ជាពិសេស​នោះ​គឺ​គ្មាន​សង្ឃឹមថា មេដឹកនាំ​កំពូល​ទាំង ២ របស់​ពួកគេ​គឺ​លោក សម រង្ស៊ី និង​លោក​ កឹម សុខា មិនអាច​ធ្វើ​នយោបាយ​ឡើងវិញ​បានទេ។

លោក គង់ គាំ ពន្យល់​ទៀតថា ចំណុច​មួយទៀត​នោះ គឺ​អតីត​សមាជិក​សង្គ្រោះ​ជាតិ​ទាំងនោះ គឺ​ចង់​រលាស់​ខ្លួន និង​មិន​ចង់​ពាក់ព័ន្ធ សកម្មភាព​ក្រៅប្រទេស ជាពិសេស​គម្រោង​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​លោក សម រង្ស៊ី ដែល​នាំឱ្យ​មាន​ទុក្ខទោស​បន្តទៀត។

លោក គង់ គាំ ​បញ្ជាក់ថា៖ «ខ្ញុំ​ព្យាករ​ហើយ​ ខ្ញុំ​ក៏​មាន​មាត់ចាប​មាត់​ព្រាប​មួយចំនួន​ថា អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូលរួម​ជាមួយ​គណបក្ស​ថ្មី»។

លោក​ ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃថ្លែងថា រហូត​មកដល់​ពេលនេះ មិនទាន់​មាន​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ណា​ផ្សេងទៀត ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​បន្តទៀត​នោះទេ។

ប៉ុន្តែ​លោក​បញ្ជាក់ថា រហូតមក​ទល់​ពេលនេះ​មាន​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៤ រូប​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​នយោបាយ​ឡើងវិញ និង ចំនួន ២ រូប​ផ្សេងទៀត ត្រូវបាន​បដិសេធ។

ទោះជា​យ៉ាងណា លោក ឈឹម កាន មិនទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ថា តើ​នឹងមាន​សមាជិក​អតីត​សង្គ្រោះ​ជាតិ​ថែមទៀត ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះទេ ប៉ុន្តែ​បើ​មាន​លោក​នឹង​ពិនិត្យ​ពិចារណា​ក្នុង​ការផ្តល់​ជូន​ទៅតាម​នីតិវិធី​ឡើងវិញ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ១ សីហា បាន​ថ្លែង​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប គឺ​លោក ជូង ជូងី និង លោក ញឹម គឹមញុល​ ដោយសារ​តែ​បុគ្គល​ទាំង ២ នេះ​បាន​ប្រព្រឹត្ត​បទល្មើស​បន្ថែម ដែល​ផ្ទុយ​ពី​ការសម្រេច​របស់​តុលាការ។

លោក ហ៊ុន សែន ​ថ្លែងថា៖ «ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការសម្រេច​មនុស្ស​ដែល​គេ​ដកសិទ្ធិ​ត្រូវសុំ​សិទ្ធិ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គាត់​រាយការណ៍​មក គាត់​ត្រូវ​ភ្ជាប់​មក​ជាមួយ​នឹង​មនុស្ស​ហ្នឹង​បន្ទាប់​តុលាការ​កាត់​ដកសិទ្ធិ​គាត់ តើ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ បើ​អត់​មាន​ខុស​ទេ យើង​អនុញ្ញាត​ឱ្យ​គាត់»។

ទោះជា​យ៉ាងណា លោក នាយករដ្ឋមន្ត្រី​ក៏​មិន​ពឹង​លើ​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទាំងស្រុង​ដែរ ដោយ​លោក​ថា ទោះបី​រដ្ឋមន្ត្រី​មហាផ្ទៃ​រាយការណ៍​ថា សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បានស្នើ​សុំ​នោះ មិនដែល​ប្រព្រឹត្ត​ខុស​ប៉ុន្តែ លោក​ព្យាករ​ដឹងថា ម្នាក់​នោះមក​បំផ្លាញ​ហើយ គឺ​លោក​មិន​ឱ្យ​សិទ្ធិ​នោះទេ។

លោក ហ៊ុន សែន បញ្ជាក់ថា បើ​រូបលោក​មិន​ព្រម​ចុះហត្ថលេខា ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ក៏​ព្រះមហាក្សត្រ​ទ្រង់​មិន​ឡាយ​ព្រះហស្ត​លេខា ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ជា​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ដែល​ទើប​បង្កើត​ថ្មី​ថ្លែងថា នៅ​មុនពេល​បោះឆ្នោត ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ខាងមុខ សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​កាន់តែ​ច្រើន​នឹង​បន្ត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ព្រោះ​ដំណោះស្រាយ​មាន​ភាពរ៉ាំរ៉ៃ នៅក្នុង​រយៈពេល ៣ ឬ ៤ ឆ្នាំ​មកនេះ។

លោក​បាន​ថ្លែងបន្តថា មួយវិញ​ទៀត លទ្ធភាព​ក្នុង​ការរក​ដំណោះស្រាយ ទាំងគ្រប់​យន្តការ បន្ទាប់ពី​ការផ្តាច់​អនុគ្រោះ​ពន្ធ EBA ហាក់​មិនមាន​សម្ពាធ​ដែល​ធ្វើឱ្យមាន​ដំណោះស្រាយ​ទេ។ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ជួប​បញ្ហា​ជំងឺ​កូវីដ ១៩ នេះ បរទេស​ក៏ដូចជា​សហរដ្ឋអាមេរិក ដែល​ចង់ឃើញ​ការវិល​ត្រឡប់មកវិញ​នូវ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​ផងដែរ។

លោក​បញ្ជាក់ថា៖ «វា​ហាក់ដូចជា​គេ​បំភ្លេច​ទៅហើយ​គេ​លែង​ចាត់ទុកជា​អាទិភាព​ទៅហើយ នៅក្នុង​អំឡុងពេល​នេះនោះ។ ដូច្នេះ​អ្នកនយោបាយ​ប្រាកដ​ជា​មើលឃើញ​រឿង​ទាំងអស់​ហ្នឹងហើយ​បើសិន​ជា​មើលឃើញ​រឿង​ទាំងអស់​ហ្នឹង ហើយ​អាច​ពិចារណា​ចូលរួម​ប្រកួតប្រជែង​តទៅទៀត ហើយ​ប្រកួតប្រជែង​តទៅទៀត កើត​មាន​បាន​ទាល់តែ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ។ ដូច្នេះ​យល់ថា​អាច​នឹងមាន​ទៀត»។

គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​សម្រេច​រំលាយ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៧ និង​ហាម​មិនឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន ១១៨ រូប ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ៕