ភ្នំពេញៈ ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ អំពាវនាវ​ឱ្យ​វិនិយោគ​បន្ថែមទៀត​លើ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ ដើម្បី​សុខុមាលភាព និង​និរន្តរ​ភាពប្រសើរ ឡើង​របស់​កម្ពុជា បន្ទាប់ពី​អត្រា​នៃ​ការបំបៅកូន​ដោយ​ទឹកដោះ​នៅ​កម្ពុជា កំពុង មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់។

ការអំពាវនាវ​នេះ បានធ្វើ​ឡើង​ស្រប​ពេល ដែល​ប្រទេស​ជាង ១២០ នៅ​ទូទាំង​ពិភពលោក រួមគ្នា​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ សម្រាប់​ការរស់រាន សុខភាព និង​សុខុមាលភាព​ម្តាយ និង​កូនៗ​របស់​ពួកគាត់ ក៏ដូចជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ទាំងមូល។

ទន្ទឹមនឹងនេះ សមាជិក​នៃ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា (អង្គការ Helen Keller អង្គការ Alive & Thrive និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ-កម្ពុជា) ក្នុង​ភាពជា​ដៃគូ​ជាមួយ​កម្មវិធី​អាហារូបត្ថម្ភ​ថ្នាក់ជាតិ អង្គការ GIZ, MUSUFO, USAID, RTI និង​អង្គការ​យូនីសេហ្វ ក៏បាន​ប្រកាស​ទិវា​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២១ ក្រោម​ប្រធានបទ «យើង​ទាំងអស់​រួមគ្នា គាំពារ និង​គាំទ្រ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ»។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​សមាជិក​នៃ​សម្ព័ន្ធ​អង្គការ​ទាំងនេះ​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ៣ ខែសីហា​បាន​លើកឡើងថា បើទោះបី​ជា​ការបំបៅកូន​ជា​រឿង​របស់​បុគ្គល​ជាមួយ​ម្តាយ​យ៉ាងណាក្តី ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ទិវា​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ២០២១ សូម​អំពាវនាវ​ដល់​គ្រួសារ សហគមន៍ រដ្ឋាភិបាល និង​សង្គម​ទាំងមូល​រួមគ្នា​វិនិយោគ និង​គាំទ្រ​ការបំបៅកូន​ដោយ​ទឹកដោះម្តាយ សម្រាប់​ពិភពលោក​មួយ​ដែលមាន​សុខភាព និង​និរន្តរភាព​ជាង​មុន។

អង្គការ​ទាំងនោះ​បាន​លើកឡើង​ថា «ទោះបីជា​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ប្រារព្ធ​ធ្វើឡើង​ តែ​ក្នុង​រយៈពេល ១ សប្តាហ៍ ពោលគឺ​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៧ ខែសីហា​ក្តី តែ​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ការពារ លើកកម្ពស់ និង​គាំទ្រ​ដល់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​បន្តធ្វើ​ពេញ ១ ឆ្នាំ»។

ចាប់តាំងពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១០ អត្រា​នៃ​ការបំបៅកូន​ដោយ​ទឹកដោះ​តែ ១ មុខ​នៅ​ប្រទេស​កម្ពុជា​ (សមាមាត្រ​នៃ​ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​តែ ១ មុខ​ចាប់ពី​កើត​រហូតដល់​អាយុ ៦ ខែ​ស្រប​ទៅ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក) កើនឡើង​យ៉ាងខ្លាំង ពោលគឺ​ចាប់ពី ១១ ភាគរយ​រហូតដល់ ៧៤ ភាគរយ។

ចាប់ពី​ឆ្នាំ ២០០១ មក កម្មវិធី​អាហារូបត្ថម្ភ​ថ្នាក់ជាតិ​របស់​ក្រសួង​សុខាភិបាល​ជាមួយ​ដៃគូ​អាហារូបត្ថម្ភ​សំខាន់ៗ​នាពេល​នោះ (អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ និង​អង្គការ​ Helen Keller) ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ជា​រៀងរាល់​ឆ្នាំ។

ដោយ​មើលឃើញ​ពី​កំណើន​នៃ​ការបំបៅកូន​ដោយ​ទឹកដោះម្តាយ​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់ ការ​ប្រារព្ធ​ត្រូវបាន​បញ្ឈប់​នៅ​ឆ្នាំ ២០១០ ដោយយោង​ទៅតាម​ការសន្និដ្ឋាន​នាពេលនោះ​ថា សាធារណជន​មាន​ការយល់ដឹង​ទូលំទូលាយ​ពី​សារៈសំខាន់​នៃ​ការបំបៅកូន​ដោយ​ទឹកដោះ​ហើយ។

ប៉ុន្តែ​របាយការណ៍​សិក្សា​ថ្មី​មួយ​ដែល​ចេញ​នៅ​ឆ្នាំ ២០១៤ បែរជា​បង្ហាញថា ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​បាន​ធ្លាក់ចុះ ហើយ​ការប្រើ​ផលិតផល​ទឹកដោះគោ​មាន​ការកើនឡើង​ទៅ​វិញ ដែល​បង្ក​នូវ​គ្រោះថ្នាក់​ដល់​សុខភាព​ និង​ការរស់រាន​មាន​ជីវិត​របស់​កុមារ​ក៏ដូចជា ធ្វើឱ្យ​ប៉ះពាល់​ដល់​ការចំណាយ និង​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ។ ហេតុនេះ​ហើយ​ទើប​ទិវា​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​ចាប់ពី​ឆ្នាំ ២០១៥ ដោយ​មាន​ការចូលរួម​ពី​កម្មវិធី​អាហារូបត្ថម្ភ​ថ្នាក់ជាតិ និង​អង្គការ​ដៃគូ។ នេះ​បើតាម​សេចក្តី​ប្រកាស​រួម​ដដែល។

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ-កម្ពុជា​បាន​ឱ្យ​ដឹងថា ដោយ​គោរព​ទៅតាម​ការណែនាំ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ការ​ប្រារព្ធ​ទិវា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ឆ្នាំ​នេះ​បាន​កំណត់​ធ្វើឡើង​តាម​អនឡាញ​ក្នុងនោះ​មាន​ការចែកចាយ​វីដេអូ ការជជែក​ពិភាក្សា​ផ្សាយ​ផ្ទាល់ និង​ការឆ្លើយ​សំណួរ តាម​បណ្តាញ​សង្គម​ជាដើម។

អង្គការ​នេះ​បាន​បញ្ជាក់ថា ក្រៅពី​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ឪពុក ជីដូន​ជីតា អាណាព្យាបាល បុគ្គលិក​សុខាភិបាល អ្នកដឹកនាំ​សហគមន៍ និង​សមាជិក​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​សហគមន៍​ដែល​អាច​ចែករំលែក​បទពិសោធ​ និង​ប្រើប្រាស់​សិទ្ធិ​អំណាច និង​ពេញចិត្ត​ចំពោះ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នឹង​ក្លាយជា​ក្រុម​គោលដៅ​នៃ​ការផ្សព្វផ្សាយ​នៃ​កម្មវិធី​ផ្សាយ​តាម​អនឡាញ​ទាំងនេះ។

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ-កម្ពុជា​បាន​បញ្ជាក់ថា «ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ បាន​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ថែមទៀត​ក្នុង​ការគាំទ្រ និង​វិនិយោគ​លើ​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះម្តាយ។

ការបំបែក​ម្តាយ និង​កូន ការរំខាន​ពី​ការទទួលបាន​សេវា​សុខភាព​ដូចជា​ការប្រឹក្សា​ពី​ការបំបៅកូន និង​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទឹកដោះគោ​ដោយ​គ្មាន​សីលធម៌ ក្នុង​អំឡុងពេល​ដែល​ជំងឺ​រាតត្បាត​សកល កំពុង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ការអនុវត្ត​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ។ តម្រូវការ​នៃ​ការវិនិយោគ និង​គាំទ្រ​ដល់​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​កាន់​តែមាន​ភាពធំធេង​ថែមទៀត»៕