ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ-កម្ពុជា​នៅ​ថ្ងៃទី ៣ ខែសីហា ​បាន​ផ្ញើលិខិត​អបអរសាទរ​ជូន​ចំពោះ​លោក Vuong Dinh Hue ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋសភា​នីតិកាល​ទី ១៥ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ នេះ​បើតាម​រដ្ឋសភា​កម្ពុជា។

លិខិត​របស់​លោក ហេង សំរិន ផ្ញើជូន​ចំពោះ​លោក Vuong Dinh Hue បាន​ថ្លែងថា៖ «តាងនាម​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម​ប្រធាន​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី ១៥ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ក្នុង​អំឡុងពេល​សម័យ​ប្រជុំ​លើក​ទី ១ កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ កន្លង​ទៅ​ថ្មីៗ​នេះ»។

លោក​ ហេង សំរិន បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​លោក Vuong Dinh Hue នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​សាធារណរដ្ឋ-សង្គមនិយម​វៀតណាម​ចំណងមិត្តភាព ភាពជា​អ្នកជិតខាង​ល្អ យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏ទូលំទូលាយ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ។

លោក​បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់​លោក Vuong Dinh Hue ចំណង​មិត្តភាព ភាពជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏ទូលំទូលាយ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នឹង​កាន់តែ​រីកលូតលាស់​បន្ថែមទៀត​ក្នុង​ពេលអនាគត​ ដើម្បី​ជា​ឧត្តមប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ជា​បងប្អូន។

ជាមួយ​គ្នា​នេះ លោក ហេង សំរិន បាន​ថ្លែងអំណរគុណ​ចំពោះ​វៀតណាម​ដែល​បានផ្តល់​ម៉ាស់​មុខ​ចំនួន​រាប់ម៉ឺន​ម៉ាស់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ប្រើប្រាស់​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដែល​បាននិង​កំពុង​រាតត្បាត​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។

លោក​ថ្លែងថា៖ «ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ»៕