ព្រះសីហនុៈ គណៈកម្មកា​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ខេត្ត​ជាប់​មាត់សមុទ្រ​ចំនួន ៣ រួមមាន ខេត្ត​ព្រះសីហនុ កំពត និង​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី ៣ ខែសីហា បាន​រួមគ្នា​រៀបចំ​ពិធី​ដុត​បំផ្លាញចោល​គ្រឿងញៀន​ជាង ៤៦៨ គីឡូក្រាម។ នា​ថ្ងៃ​នោះដែរ បុរស​ម្នាក់​ក៏ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជាង​ ៤ គីឡូក្រាម។

លោក​ លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តា​នីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា វត្ថុតាង​គ្រឿងញៀន​ជាង ៤៦៨ គីឡូក្រាម ដែល​គណៈកម្មកា​ត្រួតពិនិត្យ​គ្រឿងញៀន​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន ៣ នាំយកមក​ដុតបំផ្លាញ​ចោល​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ៣ សីហា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​ពី​ការបង្ក្រាប​កាលពី​ឆ្នាំ ២០២០ ចំនួន ២០៥ ករណី។

លោក​បន្តថា តាម​គម្រោង​គ្រឿងញៀន​ទាំងនោះ​ត្រូវ​ដុត​បំផ្លាញចោល​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា។ ប៉ុន្តែ​ដោយសារ​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ខេត្ត​ទាំង ៣ ខាងលើ​មាន​ភាពចាំបាច់ និង​មមាញឹក​ខ្លាំង​ក្នុងការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ទើបត្រូវ​លើក​កម្មវិធី​ដុតបំផ្លាញ​គ្រឿងញៀន​ទាំង​នោះមក​ធ្វើ​នៅ​ថ្ងៃទី ៣ ខែសីហា​វិញ។

លោក​ តុងហួត បញ្ជាក់ថា៖ «បរិមាណ​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ​អាច​នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ពិសេស​យុវជន។ មិនតែប៉ុណ្ណោះ​វា​ក៏​នឹង​បង្ក​ឱ្យ​កើតមាន​អំពើហិង្សា​អំពើ​ឃាតកម្ម ឧក្រិដ្ឋកម្ម នឹង​បទល្មើស​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ផងដែរ​ ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​វា​មិនទាន់​ពេលវេលា​ទេនោះ»។

លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំងនោះ មុនពេល​ដុតបំផ្លាញ​ថ្លែងថា ថ្វីដ្បិត​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​កន្លងមក​នេះ កម្ពុជា​បាននិង​កំពុង​ជួប​ប្រឈម​បញ្ហា​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ តែ​វា​មិនអាច​រារាំង​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេស​បានឡើយ។ ជាក់ស្ដែង វត្ថុតាង​គ្រឿងញៀន​ជាង ៤៦៨ គីឡូក្រាម ដែល​ត្រូវបាន​នាំយកមក​ដុតបំផ្លាញ​នាពេលនេះ​គឺ​កម្លាំង​សមត្ថកិច្ច​ទាំង ៣ ប្រភេទ​រឹបអូស​បាន​ពី​ការបង្ក្រាប​បទល្មើស​ចំនួន ២០៥ ករណី នៅ​ខេត្ត​ជាប់មាត់​សមុទ្រ។

លោក​បញ្ជាក់ថា៖ «ការដុត​បំផ្លាញ​គ្រឿងញៀន​នាពេលនេះ គឺជា​សារ​ឆ្លើយតប និង​ជា​សកម្មភាព​ដែល​បង្ហាញ​ឱ្យ​សាធារណជន​ទូទៅ​បានឃើញ​អំពី​វត្ថុតាង​គ្រឿងញៀន​ដែល​បង្ក​ហានិភ័យ​ និង​នាំឱ្យមាន​ភាពអន្តរាយ​ត្រូវបាន​ដុតបំផ្លាញ​ចោល»។

លោក​បន្ថែមថា៖ «បញ្ហា​ជំងឺ​កូវីដ ១៩ មាន​សភាព​រីករាលដាល​ខ្លាំង ដែល​តម្រូវឱ្យ​គ្រប់គ្នា​ត្រូវអនុវត្ត​វិធានការ ៣កុំ ៣ការពារ​ជា​ប្រចាំ និង​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ឈានទៅដល់​ការបញ្ចប់​ការឆ្លង​នៅ​ថ្ងៃ​ណាមួយ។ ប៉ុន្តែ​បញ្ហា​គ្រឿងញៀន​នឹង​មិនងាយ​រក​ទីបញ្ចប់​ឡើយ»។

ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះដែរ តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៣ ខែសីហា​បានសម្រេច​ឃុំខ្លួន​បុរស​វ័យ ៣១ ឆ្នាំ​ម្នាក់ ដោយ​ចោទ ប្រកាន់ ២ បទល្មើស ក្រោយ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​បាន ៣ ថ្ងៃ ជាមួយ​វត្ថុតាង​គ្រឿងញៀន​ជាង ៤ គីឡូក្រាម។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនជាប់ចោទ​ឈ្មោះ​ ហ៊ុន សារ៉េត អាយុ ៣១ ឆ្នាំ​មាន​ទីលំនៅ​សង្កាត់​ទួលស្វាយព្រៃ ខណ្ឌ​បឹងកេងកង ត្រូវបាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ក្រោយពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ជាង ៤ គីឡូក្រាម។

លោក​បញ្ជាក់ថា៖ «ជនសង្ស័យ​ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទសម្អាត​ប្រាក់ ហើយ​បាន​បង្គាប់​ឱ្យ​នគរបាល​យុត្តិធម៌​នាំយកទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅ​ថ្ងៃក្រោយ»។

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​រយៈពេល ៦ ខែ ក្នុង​ឆ្នាំ ២០២១ នេះ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង ៣ ពាន់​ករណី ហើយ​ក្នុងនោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាង ៧ ពាន់​នាក់ និង​ចាប់យក​គ្រឿងញៀន​បាន​សរុប​ជាង ៨៥០ គីឡូក្រាម៕

វីដេអូ៖