ភ្នំពេញៈ ជំនួយ​វ៉ាក់​សាំង​បង្ការ​វីរុស​កូវីដ ​១៩ ប្រភេទ ​Oxford​ AstraZeneca ចំនួន​ ៤១ ម៉ឺន​ដូស ​របស់​ចក្រ​ភព​អង់​គ្លេស​ ​គ្រោង​នឹង​ដឹក​តាម​ជើង​យន្ត​ហោះ​មក​ដល់​កម្ពុជា​នៅ​ពេ​ល​រសៀល​ ថ្ងៃ​ទី​ ៤​ ខែ​សីហា។​ ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី៣​ ​ខែ​សីហា​ ​របស់​នាយក​ដ្ឋាន​ព័ត៌​មាន​ នៃ​ក្រសួង​ការ​ពារ​ជាតិ​។​

ការ​ផ្សព្វ​ផ្សាយ​នេះ​បា​ន​ឱ្យ​ដឹង​ថា​៖​ ​«តាម​គម្រោង​ វ៉ាក់​សាំង ​Oxford AstraZeneca ​ដែល​ជា​ការ​បរិច្ចាគរ​បស់​ចក្រ​ភព​អង់​គ្លេស​ចំនួន​ ​៤១៥ ០០០ ​ដូ​ស ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភា​គី ​ជូន​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី ​៤​ ​ខែ ​សីហា​ ​ឆ្នាំ​ ​២០២១​»​​។​​​

តាម​គម្រោង​ដែល​បាន​គ្រោង​ទុក​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នឹង​ទៅ​ទទួល​វ៉ាក់​សាំង​ ​ដែល​ជាការ​បរិច្ចាគ​របស់​ចក្រភព​អង់គ្លេស ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ​កម្ពុជា-​អង់គ្លេស​។​

រហូត​មក​ដល់​ពេល​នេះ​ការ​ផ្ដល់​ជំនួយ​វ៉ាក់​ប្រឆាំង​កូវី​ដ​ ១៩​ មក​កម្ពុជា​ ជា​ទ្វេភា​គី​ ​មាន​ចិនបាន​ផ្តល់​វ៉ាក់​សាំង​ជាង​ ៣ ​លាន​ដូ​ស។ ​ជប៉ុនបាន​ផ្ដល់ ១ ​​លាន​ដូ​ស​។​ ​អាមេរិក​បាន​ផ្ដល់ ​១ ​លាន​ដូ​ស ​និង​អង់គ្លេស ​ចំនួន ៤១ ​ម៉ឺន ៥​ ពាន់​ដូ​ស​។​​

ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​យុទ្ធ​នាកា​រ​ចាក់​វ៉ាក់​សាំង​ រហូត​មក​ដល់​ថ្ងៃទី​ ២ ​ខែ ​សីហា​ ​ឆ្នាំ ​២០២១​ ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​ ៧៤,១៨% ​ធៀប​ជា​មួយ​ចំនួន​ប្រជាជន​គោល​ដៅ ​១០​ លាន​នាក់ ​និង​លើ​កុមារ​និង​យុវវ័យ​អាយុ​ពី ​១២​ ឆ្នាំ ​ទៅ​ក្រោម​ ១៨​ ឆ្នាំ ​មាន​ ៤,០៥%​ ធៀប​ជា​មួយ​នឹង​ក្រុម​គោល​ដៅ ​១.៩៦៦.៩៣១ ​នាក់​៕​