
ក្រុមជនសង្ស័យត្រូវនគរបាលបញ្ជូនទៅតុលាការ ករណីលួចទ្រព្យ។ រូបថត ប៉ូលិស
បន្ទាយមានជ័យៈ នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ៩ នាក់ទៅតុលាការ នៅថ្ងៃទី ៣ ខែ សីហា បន្ទាប់ពីបានឃាត់ខ្លួនពួកគេពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពេលយប់ដោយបន្លំខ្លួនជាអ្នកអូសរទេះ និងដើរស្ពាយការុងរើសអេតចាយ នៅភូមិផ្សារកណ្តាល និងភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ថ្លែងពីម្សិលមិញថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ៩ នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី ៣ ខែសីហា។
លោកថា ករណីបែបនេះច្រើនកើតមាននៅក្រុងប៉ោយប៉ែត ដោយសារពលរដ្ឋនៅទីនោះមួយចំនួនជាអ្នកធ្វើការងាររកស៊ីមិនសូវស្នាក់នៅផ្ទះ ចំណែកនៅទីរួមខេត្តមិនមានករណីនេះកើតឡើងទេ។
លោកថ្លែងថា៖ «ដោយសារអ្នកប៉ោយប៉ែតគាត់រវល់ការងារទៅនេះទៅនោះបាត់មិនសូវនៅផ្ទះទេ ហើយផ្ទះគាត់ច្រើនកន្លែង។ អ៊ីចឹងនៅពេលកម្លាំងយើងរវល់ចេញទៅការពារកូវីដបិទខ្ទប់ផងអីផង ជនឆ្លៀតឱកាសក៏ចេញធ្វើសកម្មភាព ហើយចំពេលកម្លាំងល្បាតឃើញក៏ចាប់ឃាត់តែម្តង»។
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យទាំង ៩ នាក់ទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តកាលពីរសៀលថ្ងៃទី ២ ខែសីហា។
លោកអធិការប្រាប់ថា ពេលដែលកងកម្លាំងនគរបាលចុះល្បាតនៅយប់ថ្ងៃទី ៣១ ខែសីហា ក៏ប្រទះឃើញជនសង្ស័យចំនួន ២ នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយមានស្ពាយការុង ដោយសង្ស័យសមត្ថកិច្ចបានឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូប៊ីណេទឹកកន្លះការុង ទើបនាំខ្លួនពួកគេមកសួរនាំ។
ក្រោយបានចម្លើយសារភាពពីជនសង្ស័យទាំង ២ នាក់នេះ នៅថ្ងៃទី ១ ខែសីហា កម្លាំងសមត្ថកិច្ចក៏បានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកថែមបានចំនួន ៧ នាក់ទៀតនៅចំណុចផ្ទះជួលក្នុងភូមិគីឡូលេខ ៤ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន កង្ហារត្រជាក់ ១ ចានបង្គន់ ១ ភ្លើងហ្វា១ ឧបករណ៍បន្ទប់ទឹក និងខ្សែភ្លើងមួយចំនួន កញ្ចក់-សូឡាចំនួន ៦ ដុំ ឌីសង់ទ័រ ១៦ រ៉ឺម៉កកង់បី១ កាំបិតខ្វែ ១ ពូថៅ ២ ដាវ ១ និងដបជក់គ្រឿងញៀន។ ពួកគេបានលួចយករបស់គេនៅក្នុងផ្ទះដែលអត់មានមនុស្សនៅ៕