កំពង់​ឆ្នាំងៈ តុលាការខេត្ត​កំពុងឆ្នាំង​ បានសម្រេច​ឃុំ​ខ្លួនបុរស​ម្នាក់​ ក្នុង​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី ៣ សីហា​ ពាក់ព័ន្ធ​បទ​សម្លាប់​នារី​ម្នាក់​ នៅ​ភូមិ​ច្រក​រមៀត​ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច​ ឆ្នាំង​កាលពីដើម​ខែសីហា។

លោក​ ហង្ស សុជាតិ​ ប្រធាន​មន្ទីរ​យុត្តិធម៌​ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៤ សីហា​ថា​ បុរស​​ត្រូវ​ចោទ​ឈ្មោះ សុង ស៊ុត អាយុ ៤០ ឆ្នាំ មុខរបរ​ទិញ-លក់​អេតចាយ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​​ចេញ​ដីកា ឃុំខ្លួន​ហើយពី​ថ្ងៃទី ៣ សីហា។

លោក​ថ្លែងថា៖ «មូលហេតុ​ដែល​ជន​ត្រូវ​ចោទ​សម្លាប់​នារី​រងគ្រោះ​ គឺ​ផ្តើម​ពី​ការទិញ​អេតចាយ​បង្កើតជា​ទំនាស់​ពាក្យសម្តី​គ្នា។ នេះ​សន្និដ្ឋាន​បឋម»។

លោក​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ ​សុង ស៊ុត មាន​របរ​ទិញ-លក់​អេតចាយ ហើយ​ត្រូវជា​បងថ្លៃ​ជនរងគ្រោះ​ឈ្មោះ​កៃ រ៉​ហ្វី​អះ ភេទ​ស្រី អាយុ ២៦ ឆ្នាំ​ ជា​កសិករ រស់នៅ​ភូមិ​ច្រក​រមៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក​ ហង្ស សុជាតិ​ មិនបាន​ប្រាប់​លម្អិត​ ពាក់ព័ន្ធ​អំពើ​មនុស្សឃាត​នេះ​ទេ​ ប៉ុន្តែ​មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​មួយរូប​ ប្រាប់​តាម​សម្តី​សាក្សី​នៅ​រសៀល​ថ្ងៃទី ៤ សីហា​ថា មុន​កើតហេតុ​គឺ​នៅ​ម៉ោង​ប្រហែល ​១០ ព្រឹក​ ថ្ងៃទី ១ សីហា​ នារី​រងគ្រោះ ​បាន​យក​សំបក​កំប៉ុង​ស្រា​ប៊ៀ​ និង​សំណល់​អេតចាយ​យកទៅលក់​ឱ្យ​បងថ្លៃ​ (ជនដៃដល់)។

មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​គេ​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ ​តែ​អ្នក​នៅក្បែរនោះ​ក៏​គេ​មិន​ចាប់អារម្មណ៍​ថា​ កើតជា​អំពើហិង្សា​អី​ដែរ។

ម​ន្រី​​រូប​នេះ​បន្តទៀតថា ​បន្តិចក្រោយមក​ ក៏​ស្រាប់​តែមាន​អំពើហិង្សា​ដោយ​ជនដៃដល់​ បាន​យកដៃ​វាយ​ជនរងគ្រោះ និង​បោក​ទៅ​នឹង​ដី​បណ្តាលឱ្យមាន​ស្នាមរបួស​ជាច្រើន​កន្លែង។

នៅពេលនោះ​ក៏មាន​ការផ្អើលឆោឡោ​ ដល់​សាច់ញាតិ​របស់​ជនរងគ្រោះ​ ហើយ​​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​ តែ​ដោយ​ជនរងគ្រោះ​របួសធ្ងន់​ពេក ​ក៏​ដាច់ខ្យល់​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ។

មន្ត្រី​ដដែល​បន្តថា៖ «យើង​ចាប់គាត់​ព្រោះថា​ គាត់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង»៕