ភ្នំពេញៈ​ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) បានប្រកាស​ពី​លទ្ធផល​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ១ ០១៨ ទីតាំង និង​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ និង​ពិន័យ​សរុប​ចំនួន ៥៤៨ នាក់ ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​នៅ​ថ្ងៃទី ៣ ខែសីហា។

សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) បានឱ្យដឹងថា នៅ​ថ្ងៃទី ៣ ខែសីហា សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ១ ០១៨ ទីតាំង និង​អនុវត្ត​វិធានការ​ច្បាប់​មាន​ចំនួន ៣៧២ ករណី ដោយ​ឃាត់ខ្លួន (អប់រំ និង​ពិន័យ) ចំនួន ៥៤៨ នាក់​ឃាត់​យានយន្ត ២១៥ គ្រឿង​ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៣២ លាន​រៀល។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា មួយរយៈ​ពេលកន្លងមក អាជ្ញាធរ​មិនបាន​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​ទៅ​តុលាការ ឬ​ឃុំខ្លួន​នោះឡើយ ដោយ​អាជ្ញាធរ​ប្រើ​វិធានការ​ស្រាលៗ​សិន។ ប៉ុន្តែ​ចាប់ពី​យប់​ថ្ងៃទី ៣ ខែសីហា​តទៅ​ នឹង​ចាត់​វិធានការ​តឹងរ៉ឹង មាន​ការឃាត់ខ្លួន​មនុស្ស និង​មាន​ការផាកពិន័យ​ធ្ងន់ធ្ងរ ឬក៏​អាចមាន​វិធានការ​ច្បាប់ ប្រសិនបើ​គាត់​នៅតែ​ល្មើស​នូវ​បម្រាម​គោចរ​នេះ។

បើតាម​លោក សាន សុខ សីហា កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្លៀកពាក់​ឈុតពេទ្យ​ចេញ​ប្រតិបត្តិការ តាមផ្លូវ​តូចធំ ដើម្បី​ចាប់​អ្នក​ជួបជុំ​ផឹកស៊ី ឬ​ល្មើស​នឹង​បម្រាម​គោចរ​យក​មក​ធ្វើការ​ផាកពិន័យ និង​អនុវត្តតាម​វិធានការ​ច្បាប់។

លោក​ថ្លែងថា៖ «ជា​លទ្ធផល​យើង​ឃាត់​បាន​មនុស្ស​ចំនួន ២១ នាក់​នៅ​យប់​ថ្ងៃទី ៣ ខែ​សីហា និង​ឃាត់​បាន​យានយន្ត​សរុប ១៥២ គ្រឿង (រថយន្ត ៣៨ គ្រឿង) ពិន័យ​រួច ៤៨ គ្រឿង​យកមក​រក្សាទុក​នៅ​ខណ្ឌ​ចំនួន ៤៣ គ្រឿង»។

ដោយឡែក​សម្រាប់​ខេត្ត​ពោធិ៍សាត់​លោក ខូវ រីដា អភិបាលរង​ខេត្ត​នេះ​ថ្លែង​ពី​ម្សិលមិញ​ថា ការអនុវត្ត​វិធានការ​រដ្ឋបាល​សម្រាប់​ខេត្តពោធិ៍សាត់​គឺ​ប្រើការ​អប់រំ​ច្រើន​ដោយសារ​តែ​បញ្ហា​ប្រឈម​ចំពោះមុខ​មិនសូវ​មាន​កើតឡើង​នោះទេ ព្រោះ​ពលរដ្ឋ​មាន​ការយល់ដឹង​ច្រើន។

លោក​ថ្លែងថា៖ «ដំណាក់កាល​នេះ​ខ្ញុំ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ យើង​អត់​ទាន់​ដាក់​ទោសទណ្ឌ​អី​ទេ​ដោយសារ​អ្វីដែល​គាត់​កំពុងតែ​ធ្វើ​នេះ មិនមែន​ជា​រឿង​ធំដុំ​ពេក​ទេ យើង​អាច​អប់រំ​បាន យើង​អប់រំ តែ​កាលណា​អប់រំ​មិនបាន​បាន​យើង​ចាត់វិធានការ​ច្បាប់​តាម​កាលៈទេសៈ» ។

បើតាម​លោក ខូវ រីដា សម្រាប់​ខេត្តពោធិ៍សាត់ គឺមាន​ការរឹតបន្តឹង និង​ចុះ​អប់រំ​ផ្សព្វផ្សាយ ណែនាំ​បាន​លទ្ធផល​ល្អប្រសើរ។ អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​មាន​ការប្រមូលផ្តុំ​គ្នា​ឡើយ​ទោះបី​នៅតាម​ភូមិ​ឃុំ​ក៏ដោយ។

លោក​ថ្លែងថា «ឯកឧត្តម​អភិបាលខេត្ត លោក​ដាក់​បទបញ្ជា​ទាំងអស់​ទៅលើ​អាជ្ញាធរ កងកម្លាំង​ប្រដាប់អាវុធ​មូលដ្ឋាន​ហ្នឹង ត្រូវ​រឹតបន្តឹង​អប់រំ​ផ្សព្វផ្សាយ និង​ណែនាំ អ៊ីចឹង​មាន​ដាក់​បារ៉ាស់​ដាក់​អី ដើម្បី​សួរនាំ​ពន្យល់​ហេតុផល ហើយ​និង​ក្រុម​ល្បាត​ម៉ូតូ​តាម​ខ្នង​ផ្ទះ​ខ្លាច​មាន​ប្រមូលផ្តុំ​ផឹកស៊ី គឺ​យើង​ត្រូវ​ផ្អាក​ក្នុង​មួយរយៈពេល​ហ្នឹង​ដើម្បី​សុវត្ថិភាព»។

លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ថ្លែង​ពី​ម្សិលមិញ​ថា ជា​ការកត់សម្គាល់​ចំពោះ​ការអនុវត្ត​វិធានការ​សុខាភិបាល​នៅ​ខេត្តស្វាយរៀង មិន​មាន​ការល្មើស​ច្រើន​នោះទេ សំខាន់​គឺ​ការអប់រំ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម​ទាំងអស់​គ្នា​ប្រសើរ​ជាង។

លោក​ថ្លែងថា៖ «កន្លងមក​យើង​មាន​ផាកពិន័យ​ប្រមាណ ៥ ករណី​ហើយ អ៊ីចឹង​នៅ​ខេត្ត​យើង​មាន​តួលេខ​ឃាត់​ផាកពិន័យ​ដែរ តែ​មិន​ច្រើន​ទេ សំខាន់​មានការ​អប់រំ​ណែនាំ​ឱ្យបាន​ច្រើន​វិញ តែបើ​យើង​គិតតែ​រឿង​ពិន័យ​នោះ វា​ក៏​ច្រើន​ដែរ ប៉ុន្តែ​ជួនកាល​កំហុស​ល្មមៗ យើង​អត់ឱន​ឱ្យ​គាត់ ហើយ​ណែនាំ​អប់រំ​បន្ថែម​សិន​ទៅ បើសិន​ណា​កំហុស​គាត់​នៅ​ដដែល យើង​នឹង​ចាត់វិធានការ​ច្បាប់»។

ចំណែក​នៅ​ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​នេះ​បាន​ថ្លែងថា ខេត្តបាត់ដំបង​មាន​កងកម្លាំង​អន្តរាគមន៍​របស់​សមត្ថកិច្ច​ល្បាត​ទាំង​កម្លាំង​នគរបាល និង​អាវុធហត្ថ​ក្នុង​ការពិនិត្យ​មើល​អ្នក​ល្មើស​បម្រាម​គោចរ​នៅពេល​យប់ ប៉ុន្តែ​ជា​លទ្ធផល​មិនមាន​អ្នក​ល្មើស​ឡើយ។

លោក​ថ្លែងថា៖ «តាំងពី​យើង​មាន​វិធានការ​នេះ​មក គឺ​មិនមាន​អ្នក​ល្មើស​លួច​ជួបជុំ​ផឹកស៊ី ឬ​ល្មើស​បម្រាម​គោចរ​នោះទេ ព្រោះ​ពេលនេះ​យើង​កំពុង​អនុវត្ត​វិធានការ​ខ្លាំង»។ អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​អប់រំ​រួចហើយ​ដោយ​មិនអាច​លើកលែង​ឡើយ បើ​ឃើញ​ល្មើស​គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​វិធានការ​ច្បាប់៕