ភ្នំពេញ៖ សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស ១៨ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ខណៈ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ១ ៦៩១ ទីតាំង និង​អនុវត្ត​វិធានការ​ច្បាប់​បាន ៨២២ ករណី នៅ​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១។

សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) នៅ​ថ្ងៃ​ទី ៤ ខែ​សីហា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស ១៨ នាក់​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​ច្បាប់ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ ពួក​គេ​ពាក់ព័ន្ធ​នឹង​បទល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធាន​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ១ ៦៩១ ទីតាំង និង​អនុវត្ត​វិធានការ​ច្បាប់​មាន​ចំនួន ៨២២ ករណី ឃាត់​ខ្លួន​មនុស្ស​មក​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ១ ៣៥៤ នាក់ និង​ឃាត់​យានយន្ត​ចំនួន ៧៣៤ គ្រឿង ពិន័យ​ជា​ប្រាក់ ចំនួន ៣០ ៧០០ ០០០ លាន​រៀល​ផង​ដែរ៕