ព្រះសីហនុៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​អះអាងថា សព​បុរស​ម្នាក់​ដែល​ប្រទះឃើញ​នៅ​ឆ្នេរខ្សាច់​នៅ​ព្រឹក​ថ្ងៃ ៤ សីហា ក្រោយពេល​បាត់ខ្លួន​ក្នុង​ទឹកសមុទ្រ​ ខណៈ​គាត់​ និង​មិត្តភក្ដិ ៣ នាក់​ទៀត​បាន​ចុះ​ហែល​ទឹក​លេង​នៅ​ឆ្នេរ​អូរត្រេះ ១ កាលពី​ល្ងាច​ថ្ងៃទី ៣ ខែ​សីហា​នោះ គឺមាន​អាជីព​ជា​មេធាវី។

លោក ឃាង ភារម្យ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា សព​បុរស​ដែល​គេ​ប្រទះឃើញ​នោះ ឈ្មោះ ជូ ជាគុយ អាយុ ២៩ ឆ្នាំ​មាន​អាជីព​ជា​មេធាវី និង​មាន​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ល្ងាច​ថ្ងៃកើតហេតុ (ល្ងាច​ថ្ងៃទី ៣ ខែសីហា) លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខេត្ត​ចុះ​រុករក​ជនរងគ្រោះភ្លាមៗ​ផងដែរ​ ក្រោយ​ទទួលដំណឹង​ពី​ការបាត់​ខ្លួន​បុរស​រូបនោះ​លិច​ចូលក្នុង​សមុទ្រ។

លោក​បាន​បញ្ជាក់ថា៖ «ក្រុម​ឆ្មាំ​សមុទ្រ​របស់​យើង​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​មុជទឹក​នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ក្រុម​អ្នក​មុជទឹក​មកពី​កោះរ៉ុង​បាន​នាំគ្នា​មុជទឹក​រាវរក​អស់​រយៈពេល​ជាច្រើន​ម៉ោង តែ​រក​មិន​ឃើញ។ ប៉ុន្តែ​ព្រឹក​មិញ​នេះ [ព្រឹក​ថ្ងៃ​ពុធ] ស្រាប់តែ​គេ​ឃើញ​សព​របស់គាត់​បាន​ផុស​អណ្ដែត​មកទើរ​លើ​ឆ្នេរ​ខ្សាច់​ក្នុង​ចម្ងាយ ១,៣ គីឡូម៉ែត្រ ពី​ទីកន្លែង​កើតហេតុ»។

ការបាត់​ខ្លួន​របស់​បុរស​ខាងលើនេះ ស្រប​ពេលដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្រមាន​អំពី​ភាពមិនប្រក្រតី​នៃ​ខ្យល់អាកាស និង​រលក​សមុទ្រ​ក្នុង​តំបន់ឆ្នេរ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ជាពិសេស​អ្នកទេសចរ​ចូលចិត្ត​លេង​ទឹក​កម្សាន្ត​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ។

លោក ហេង សុភណ្ឌរិទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលថា កាល​ថ្ងៃទី ៣ ខែសីហា មាន​ខ្យល់អាកាស​បក់បោក​ខ្លាំង​ និង​មាន​ល្បឿន​លឿន​ព្រមទាំង​មាន​រលក​សមុទ្រ​ធំៗ​ដែល​មាន​កម្ពស់​រហូតដល់​ជាង ២ ម៉ែត្រ។ ក្នុងស្ថានភាព​នេះ ក្រុមការងារ​របស់លោក​ក៏បាន​ផ្សព្វផ្សាយ​ភ្លាមៗ ដើម្បីឱ្យ​ពលរដ្ឋ​ក៏ដូចជា​អ្នកទេសចរ​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​បញ្ហា​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង និង​រលក​សមុទ្រខ្ពស់ៗ​នេះ​ផងដែរ។

លោក​ថ្លែងថា៖ «ក្រុមការងារ​របស់​យើង​បាន​ផ្សព្វផ្សាយ​ជូនដំណឹង​ម្ដង​ហើយ ម្ដងទៀត អំពី​ស្ថាន​ភាពមិនប្រក្រតី​នៃ​អាកាសធាតុ និង​បាន​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​ដែលជា​អ្នកទេសចរ​ហាក់ដូចជា មិន​យកចិត្ត​ទុកដាក់​អំពី​សុវត្ថិភាព​របស់ខ្លួន​នោះទេ​ពួកគេ​តែងតែ​រឹងរូស​ចង់​ចុះ​ងូត​លេង​ទឹកសមុទ្រ អ៊ីចឹង​ហើយ​ទើប​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បែបនេះ»។

យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣ ខែ​សីហា​ ឆ្នាំ​ ២០២១ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ពិសេស​តំបន់​មាត់សមុទ្រ​ និង​តំបន់​ទំនាប​ជុំវិញ​បឹងទន្លេសាប នឹងមាន​ខ្យល់​បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ១០ ខែសីហា​ខាងមុខនេះ៕