សៀមរាបៈ ក្រុម​អ្នក​បច្ចេកទេស​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាននិង​កំពុង​ជួសជុល​តួ​អាគ្នេយ៍​របស់​ប្រាសាទលលៃ ដែល​ទទួលរង​នូវ​ការដួលរលំ​ស្ទើរ​ទាំងស្រុង អស់​រយៈពេល​រាប់រយឆ្នាំ​មក​ហើយ ដោយសារ​កត្តា​អាយុកាល កត្តា​ធម្មជាតិ និង​កង្វះ​ការថែទាំ។

តាម​ការចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ម្សិលមិញ​បាន​ឱ្យដឹងថា ប្រាសាទលលៃ​នេះ​ស្ថិតនៅ​ខាងជើង​ផ្លូវជាតិ​លេខ ៦ (សៀមរាប-ភ្នំពេញ) ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ ១៣ បត់​ចុះ​ចម្ងាយ ៥០០ ម៉ែត្រ​ពី​ផ្លូវជាតិ​ក្នុង​ភូមិ​លលៃ ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ទៀតថា​ការងារ​ជួសជុល​បាន​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ឆ្នាំ ២០២១ នេះ​គឺ​មិនបាន​ជួសជុល​ឡើងវិញ​នូវ​តួ​ប្រាសាទ​ទាំងមូល​ទេ គឺ​គ្រាន់តែ​ធ្វើ​កំណាយ​ពំនូក​កម្ទេច​ឥដ្ឋ​ចេញ​ ដើម្បី​បើក​បង្ហាញ​តួប្រាង្គ​ឡើងវិញ និង​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​តួប្រាសាទ​ដែល​សេសសល់ ដើម្បី​បង្ការ​ទប់ស្កាត់​ការបង្ក​គ្រោះថ្នាក់​ខូចខាត​បន្តទៀត​ប៉ុណ្ណោះ។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​នៅក្នុង​ចុង​សតវត្សរ៍​ទី ៩ ដោយ​ព្រះបាទ​យសោវរ្ម័នទី ១ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះឥសូរ ក្នុង​សាសនាព្រាហ្មណ៍។ ប្រាសាទ​នេះ សាងសង់ឡើង​អំពី​ឥដ្ឋ និង​មាន​អាយុកាល​នៃ​សំណង់​យូរណាស់​មកហើយ បណ្តាល​ឱ្យ​រលេះ​ផ្នែក​ខ្លះ ដែល​ចាំបាច់​ត្រូវតែមាន​ការថែទាំ និង​ជួសជុល​ឱ្យបាន​ត្រឹមត្រូវ។

លោក​បាន​ថ្លែងថា៖ «អ្វីដែល​ក្រុមការងារ​កំពុង​ធ្វើ គឺ​ដក​ឥដ្ឋ​ដែល​រលុះ​នោះ​ចេញពី​ប្រាង្គ​ ដើម្បី​ធ្វើ​កិច្ចការងារ​បន្តទៀត។ កិច្ចការងារ​នេះ​ត្រូវធ្វើ​តែ​ប៉ុណ្ណឹង​សិន រហូតដល់​ចុងឆ្នាំ​នេះ»។

បើតាម​លោក ឡុង កុសល អាជ្ញាធរ​ជាតិអប្សរា​បាន​ជួសជុល​ស្ទើរតែ​គ្រប់​ទីតាំង​ប្រាសាទ​នៅក្នុង​មូលដ្ឋាន​ខេត្តសៀមរាប ដោយ​មិន​បន្ធូរដៃ​ឡើយ បើ​ទោះ​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក៏ដោយ។

លោក​ពន្យល់ថា ការជួសជុល​ប្រាសាទ​បុរាណ​នីមួយៗ​ក៏​មិន​ខុសពី​ការមើលថែ​មនុស្ស​ចាស់​នោះទេ និង​ប្រុងប្រយ័ត្ន​ជាទីបំផុត ហើយ​ការជួសជុល​ប្រាសាទ​នេះ​ទៀតសោត​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង និង​ក្រៅពីនេះ​ក៏មាន​ជំនួយ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ក្នុង​ការជួសជុល​នេះ​ផងដែរ។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា គម្រោងការ​ជួសជុល​តួអាគ្នេយ៍​នៃ​ប្រាសាទលលៃ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ៕