ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចាប់ផ្តើម​ជួសជុល​សំណង់​អគារ​ប្រវត្តិសាស្ត្រ សារមន្ទីរ​ជាតិ​នៅ​ផ្នែក​ដំបូល​ផ្នែក​ខាងជើង និង​ខាងត្បូង​នៃ​អគារ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ខណៈ​បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​អាច​បង្ក​ការបាក់​ធ្លាក់​លើ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

តាម​ការផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ National Museum of Cambodia នៅ​ថ្ងៃទី ៣ ខែសីហា ឱ្យដឹងថា អស់​រយៈកាល​ជាង ១០០ ឆ្នាំ​កន្លងមក អគារ​ប្រវត្តិសាស្ត្រ​នេះ​មាន​បេសកកម្ម​ចម្បង គឺ​អភិរក្ស បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​វប្បធម៌​ដ៏រុងរឿង​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

បច្ចុប្បន្ន ស្ថានភាព​នៃ​សំណង់​អគារ​ទាំងមូល​កំពុង​ប្រឈម​នឹង​ភាពទ្រុឌទ្រោម​យ៉ាងខ្លាំង បើទោះជា​អគារ​បេតិកភណ្ឌ​ជាតិ​មួយ​នេះ​ធ្លាប់​បាន​ជួសជុល និង​កែលម្អ​ជាច្រើនលើក​ច្រើនសា​តាំងពី​សម័យ​អាណានិគម​បារាំង​មក​ក៏ដោយ ក៏​ទំហំ​នៃ​ការខូចខាត​នៅ​មិនបាន​ថមថយ​ឡើយ ដ្បិត​ការខូចខាត​ទាំងនោះ​ទាមទារ​ថវិកា​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើការ​ជួសជុល និង​ពង្រឹង​រចនាសម្ព័ន្ធ​នៃ​អគារ​ទាំងមូល​ឡើងវិញ។

ហ្វេសប៊ុស​នេះ​បន្តថា ស្ថានភាព​នៃ​ការខូចខាត​ជាង ១ សតវត្សរ៍​នេះ​ពិតជា​មាន​ទំហំធំធេង​ណាស់​ជាពិសេស គឺ​គ្រឿង​ផ្គុំ​ដំបូល​ធ្វើ​អំពី​ឈើ ជញ្ជាំង​ឥដ្ឋ​ពុកផុយ ការស្រុត និង​ប្រេះ​គ្រឹះ​អគារ។ល។

កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​ការខូចខាត គឺ​មកពី​កត្តា​ធម្មជាតិ កត្តា​សំណើម កត្តា​សត្វ​កណ្តៀរ កត្តា​សត្វ​ប្រចៀវ និង​កត្តា​សត្វព្រាប​ជាដើម។ សំណើម សត្វកណ្តៀរ និង​សត្វ​ប្រចៀវ ជា​កត្តា​ចម្បង​ដែល​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​រចនាសម្ព័ន្ធ​នៃ​អគារ។

ដោយ​មើលឃើញ​អគារ​សារមន្ទីរ​ជាតិ​ស្ថិតក្នុង​ស្ថានភាព​ខូចខាត​គួរឱ្យ​ព្រួយ​បារម្មណ៍​បែបនេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដែល​ទទួលបន្ទុក​គ្រប់គ្រង និង​មើលថែ​សារមន្ទីរ​ជាតិ បានស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ថវិកាជាតិ ក្នុង​គោលដៅ​ជួសជុល​ដំបូល​ផ្នែក​ខាងជើង និង​ខាងត្បូង។

បើទោះ​ជា​រាជរដ្ឋាភិបាល​កំពុងស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក​នាពេល​បច្ចុប្បន្ន​យ៉ាងណា​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​កញ្ចប់​ថវិកាជាតិ​សម្រាប់​ការងារ​ជួសជុល​នេះ។ ដោយឡែក​បញ្ហា​ប្រឈមផ្សេងៗ​ទៀត​ក៏​នៅតែ​កើត​ឡើង​ជា​ហូរហែ រួមមាន​ស្ថានភាព​ប្រេះ​គ្រឹះ​អគារ ជញ្ជាំង​ពុកផុយ និង​ឃ្លាំង​ខាងក្រោម​ត្រូវ​ទឹកជន់​លិច​នៅ​រដូវវស្សា ដែលជា​ហេតុ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវខិតខំ​ស្វះស្វែង​រក​ជំនួយ​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ព្រមទាំង​សប្បុរសជន ជាតិ និង​អន្តរជាតិ។

លោក ឆាយ វិស្សុត នាយកសារមន្ទីរ​ជាតិ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​គ្រឿង​ដំបូល​ត្រូវបាន​ខូចខាត​ទាំងស្រុង។ ជាពិសេស​រចនាសម្ព័ន្ធ​ដែល​បង្កឡើង​ដោយ​សត្វកណ្តៀ​វាស៊ី ស្ថានភាព​សំណើម​ និង​ការប្រែប្រួល​អាកាសធាតុ។ បច្ចុប្បន្ន ក្រសួង​កំពុង​ជួសជុល​នៅ​ស្លាប​ផ្នែក​ខាងជើង និង​ខាងត្បូង​ដែល​ត្រូវ​ចំណាយពេល​ពេញ ១ ឆ្នាំ​នេះ​ក្នុង​ការជួសជុល។

លោក​ប្រាប់ថា ចំពោះ​ការជួសជុល​នេះ ក្រសួង​នឹង​ប្រើប្រាស់​រចនាសម្ព័ន្ធ​ឈើ​ដូចគ្នា​នឹង​របស់​ចាស់​ទាំងអស់ និង​ទំហំ​ក៏​ដូចនឹង​របស់​ចាស់។ ការជួសជុល​ក្រោយនេះ​ត្រូវបាន​រំពឹងថា អាច​បន្ត​រក្សាបាន​រហូត ៣០ ទៅ ៥០ ឆ្នាំ​ទៅមុខទៀត។ លោក​ថ្លែងថា៖ «លើក​នេះ យើង​ធ្វើឱ្យបាន​គង់វង្ស​ព្រោះនេះ ១០០ ឆ្នាំ​ហើយ។ កន្លងមកនេះ យើង​ជួសជុល​ដែរ ប៉ុន្តែ​វា​មិនមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​ពេលនេះ​ទេ។ នេះ​ជា​លើក​ទី ១ ដែល​យើង​ធ្វើការ​ជួសជុល​ទ្រង់ទ្រាយ​ធំ។ ព្រោះ​មិនដែល​នោះទេ ១០០ ឆ្នាំ​មកនេះ»។

លោក ឆាយ វិស្សុត បញ្ជាក់ថា បើ​ក្រសួង​មិន​ចាប់ផ្តើម​ធ្វើការ​ជួសជុល​នៅពេលនេះ វា​នឹង​ធ្លាក់​សង្កត់​លើ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ថ្ងៃ​ណាមួយ​មិនខានឡើយ។ ជាពិសេស​ការជួសជុល​ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ នេះ គឺជា​ឱកាសល្អ​មួយ​សម្រាប់​ធ្វើឱ្យមាន​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពេល​ស្ថានការណ៍​ត្រឡប់​មក​រកភាព​ដើម​វិញ៕

វីដេអូ៖