The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទីលាន​ចាក់សំរាម​ខេត្តកំពង់ឆ្នាំង​លើ​ផ្ទៃដី​ជាង ១២ ហិកតា​ នឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំនេះ




ទីលាន​ចាក់សំរាម​ខេត្តកំពង់ឆ្នាំង​លើ​ផ្ទៃដី​ជាង ១២ ហិកតា​ នឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំនេះ

Content image - Phnom Penh Post
ទីលាន​ចាក់សំរាម​របស់​ក្រុង​កំពង់ឆ្នាំង​ដែល​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ១២ ហិកតា។ រូបថត រដ្ឋបាលខេត្ត​កំពង់ឆ្នាំង

ទីលាន​ចាក់សំរាម​ខេត្តកំពង់ឆ្នាំង​លើ​ផ្ទៃដី​ជាង ១២ ហិកតា​ នឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំនេះ

កំពង់ឆ្នាំងៈ ទីលាន​ចាក់សំរាម​ថ្មី​លើ​ផ្ទៃដី​ជាង ១២ ហិកតា​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​សាងសង់​ទៅតាម​ស្តង់ដា​នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ ២០២១ នេះ​ ខណៈ​អភិបាលខេត្ត​រំពឹងថា ទីលាន​ថ្មី​នេះ​នឹង​ចូលរួម​លើកកម្ពស់​សោភណភាព​អនាម័យ​បរិស្ថាន​ទីក្រុង​ និង​ទីប្រជុំជន។

កាលពី​ថ្ងៃទី ៣ ខែសីហា លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ដំណើរការ​សាងសង់​ទីលាន​ចាក់សំរាម​របស់​ក្រុង​កំពង់ឆ្នាំង រួមជាមួយ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ភូមិ​ត្រពាំងស្បូវ ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​នេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ១២ ហិកតា គឺជា​គម្រោង​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក្រោម​គម្រោង​កែលម្អ​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ដែល​បានចាប់ផ្ដើម​សាងសង់​កាលពី​ខែមេសា ឆ្នាំ ២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ ២០២១ នេះ។

លោក​បន្តថា ទីលាន​ចាក់សំរាម​នេះ​នឹង​អាច​ផ្ទុក​សំរាម​បាន​រយៈពេល ៣០ ឆ្នាំ​ទៅមុខ ហើយ​អាច​គ្របដណ្តប់​ក្នុង​ការផ្ទុក​សំរាម​ដែល​ប្រមូលបាន​ទូទាំង​ក្រុង​កំពង់ឆ្នាំង​តែម្តង។

លោក​បាន​បញ្ជាក់ថា៖ «គម្រោង​ទាំងមូល​រួមមាន​ស្រះសម្អាត​ទឹកកខ្វក់​ចេញពី​សំរាម ស្រះ​ត្រងទឹកកខ្វក់ អគារ​រដ្ឋបាល អណ្ដូង​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក ផ្លូវ​ចូល​ទីលាន​កប់​សំរាម​បន្ទប់​ម៉ាស៊ីនភ្លើង ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង របង​ព័ទ្ធជុំវិញ​ទីលាន​ចាក់សំរាម និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត»។

លោក​ថា៖ «មកដល់​ម៉ោង​នេះ ទីលាន​ចាក់សំរាម​នេះ គឺ​យើង​បាន​សាងសង់​បាន​ប្រមាណ ៨៥ ភាគរយ​ហើយ។ ចំពោះ​ការសាងសង់​មូលដ្ឋាន​គ្រឹះ​ហ្នឹង គឺ​យើង​ស្ទើរតែ​សាងសង់​បាន​ដល់​ទៅ ៩០ ភាគរយ​ហើយ នៅតែ​បន្តិចបន្តួច ដូចជា​ការរៀបចំ​ដាំ​ដើមឈើ សួនច្បារ​អីហ្នឹង»។

ទីលាន​នេះ​បើ​សាងសង់​ហើយ​នឹង​ក្លាយទៅជា​ទីលាន​គំរូ​ល្អ​មួយ​សម្រាប់​ខេត្ត​ព្រោះ​ការរៀបចំ​គឺ​គោរព​តាម​ស្តង់ដា​ល្អ។ លោក​រំពឹងថា ទីលាន​ចាក់សំរាម​ថ្មី​នេះ នឹងចូលរួម​ផ្ដល់​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង ដើម្បី​លើកកម្ពស់​សោភណភាព អនាម័យ បរិស្ថាន​ទីក្រុង​ទីប្រជុំជន ធានាបាន​សុខុមាលភាព​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ និង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

បើតាម​លោក ស៊ុន សុវណ្ណារិទ្ធិ គម្រោង​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក្រោម​គម្រោង​កែលម្អ​បរិស្ថាន​ក្រុង​ជុំវិញ​បឹងទន្លេសាប​នេះ គឺមាន​ទឹកប្រាក់​ប្រមាណ ៣០ លាន​ដុល្លារ​ដោយ​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការសាងសង់​ទីលាន​ចាក់សំរាម​ថ្មី និង​ការសាងសង់​ទំនប់ទឹក​ក្នុង​តំបន់​នោះ។

អ្នកស្រី អ៊ិម សុខុន ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុងស្រុក​រលាប្អៀរ បានបង្ហាញ​ក្តីសប្បាយ​រីករាយ ចំពោះ​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ថ្មី ទៅតាម​ស្តង់ដា​នេះ។ អ្នកស្រី​និយាយថា នៅពេល​មាន​ទីលាន​ចាក់សំរាម​នេះ​គឺ​បញ្ហា​ក្លិន និង​បញ្ហា​សំរាម ដែល​កន្លងទៅ​តែងតែ​ជា​ក្តី​បារម្ភ​ចំពោះ​ពលរដ្ឋ​នៅ​ជុំវិញ​ទីលាន និង​ពលរដ្ឋ​ទូទៅ​នឹង​កាត់បន្ថយ។

បន្ថែម​ឱ្យ​ការសាងសង់​ទីលាន​ចាក់សំរាម​ថ្មី អ្នកស្រី​និយាយថា ការបង្កើន​ការប្រមូល​សំរាម​ពី​គ្រប់​ខ្នង​ផ្ទះ​ឱ្យបាន​ទៀងទាត់ និង​ការទុកដាក់​សំរាម​របស់​ពលរដ្ឋ​ក៏​នឹងចូលរួម​បន្ថែមទៀត សម្រាប់​បរិស្ថាន​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត។

អ្នកស្រី​បន្តថា៖ «ខ្ញុំ​សប្បាយចិត្ត​ណាស់ បានឃើញ​ទីលាន​ចាក់សំរាម​នៅ​ខេត្តកំពង់ឆ្នាំង។ ដល់​ធ្វើ​អ៊ីចឹងទៅ វា​មាន​របៀបរបប​ដូច​ថា ទី ១ សុខភាព ទី ២ វា​លែងមាន​ការបោះ​សំរាម​ចោល​អត់​សណ្តាប់ធ្នាប់​ទៀត​ទេ។ ខ្ញុំ អរគុណ ដែល​យើង​មាន​កន្លែង​ចាក់សំរាម​តាម​ក្បួនខ្នាត​អ៊ីចឹង ខ្ញុំ​សប្បាយចិត្ត​ណាស់»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍