ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបាត់ដំបង​បានសម្រេច​ផ្តល់​អាហារូបករណ៍ ៦ ០០០ កន្លែង លើ​វគ្គ​បំប៉ន​ស្វ័យ​សិក្សា​ពី​ចម្ងាយ​រយៈពេល ២ ខែ ចាប់ពី​ខែកញ្ញា ដល់​ចុងខែ​តុលា សម្រាប់​សិស្សានុសិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​ថ្នាក់​ទី ១២ ក្នុង​ឆ្នាំ​សិក្សា ២០២១ ក្នុង​ខេត្ត​បាត់ដំបង។

លោក សុខ វាសនា តំណាង​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបាត់ដំបង ថ្លែងប្រាប់​ភ្នំពេញ- ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា វគ្គ​សិក្សា​នេះ​នឹងមាន​ការណែនាំ​ពី​សាស្ត្រាចារ្យ​ដោយផ្ទាល់ តាម​អនឡាញ។ ក្នុងនោះ​សិស្សានុសិស្ស​នឹង​អាច​សិក្សា​ជាមួយ​លោកគ្រូ-អ្នកគ្រូ​មកពី​សាលារៀន​ជំនាន់​ថ្មី ទទួល​បាន​នូវ​មេរៀន លំហាត់​វិញ្ញាសា និង​កិច្ចការ​ផ្ទះ។ សិស្សានុសិស្ស​ក៏​នឹង​អាច​ពិភាក្សា សួរ​សំណួរ​ប្រឡង និង​អាច​មើល​អត្រា​កំណែ​តាម Mobile App។

លោក​បាន​ថ្លែងថា៖ «នៅពេល​បព្ចាប់​ការសិក្សា​នឹង​មាន​ការប្រឡង​រួមមួយ ដូចនឹង​ការប្រឡង​ថ្នាក់ជាតិ និង​មាន​លទ្ធផល​ជា​និទ្ទេស​សម្រាប់ប្អូន។ ហើយ​សិស្សានុសិស្ស​ទាំងអស់​អាច​សិក្សា​ភាសា​អង់គ្លេស នៅលើ​បណ្ណាល័យ​អេឡិចត្រូនិក អមដោយ​ឯកសារ និង​សៀវភៅ​ជាច្រើន​ព្រមទាំង​ការស្វ័យ​សិក្សា​តាមរយៈ​វីដេអូ​របស់​ក្រសួង និង​សាលារៀន​ជំនាន់​ថ្មី​ផងដែរ»។

បើតាម​លោក វាសនា សិស្សានុសិស្ស​នៅ​ខេត្តបាត់ដំបង ឬ​អាណាព្យាបាល​ដែល​ចាប់អារម្មណ៍​អាច​ទាក់ទង​មក​ក្រុម​ការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបាត់ដំបង។

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ បានចេញ​សេចក្ដី​ណែនាំ​កំណត់​យក​ថ្ងៃទី ១៥ ខែវិច្ឆិកា ជា​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់​ទី ៩) និង​ថ្ងៃទី ៦ ខែធ្នូ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) នៅតាម​សាលា​រដ្ឋ​នានា​ទូទាំងប្រទេស សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១។

ចំណែក គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវបាន​ក្រសួង​អនុញ្ញាត​ឱ្យ​រៀបចំ​ការប្រឡង​នៅតាម​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន ដោយ​កំណត់​យក​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់​ទី ៩) និង​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។

លោក សុខ វាសនា បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​កន្លងទៅ​មិនទាន់​មាន​ការផ្ទុះ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ លោក ស ខេង តាមរយៈ​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបាត់ដំបង​ក៏បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ដោយផ្ទាល់​ដល់​សិស្សានុសិស្ស ត្រៀមប្រឡង​បាក់ឌុប​ដែរ។

ប៉ុន្ដែ​ឆ្នាំនេះ​ ដោយសារ​តែ​បញ្ហា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ទើប​សម្រេច​រៀបចំ​ការបណ្ដុះបណ្ដាល​នេះ​តាម​អនឡាញ​វិញ។ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ នេះ​នៅ​ខេត្ដ​បាត់ដំបង​មាន​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ជាង ៦ ពាន់​នាក់ ដូច្នេះ​ការផ្ដល់​អាហារូបករណ៍​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​បន្ថែមទៀត​សម្រាប់​ត្រៀមខ្លួន៕