កំពតៈ មន្ត្រី​ជំនាញ​ផ្នែក​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (ក.ប.ប) សាខា​ខេត្តកំពត​បានឱ្យដឹង​កាលពី​ថ្ងៃទី ៣ សីហា​ថា មន្ទីរពិសោធន៍​ជាតិ​នៃ​អគ្គលេខាធិការដ្ឋាន ក.ប.ប បាន​រកឃើញ​សារធាតុ​មេតាណុល​កម្រិត​ខ្ពស់​នៅក្នុង​សំណាក​ស្រាស និង​ស្រាថ្នាំ​ចំនួន ១២ ក្នុងចំណោម ២២ សំណាក ​ដែល​ត្រូវបាន​បញ្ជូន​មកពី​ឃុំ​ដូនយ៉យ ស្រុក​ឈូក ខេត្តកំពត ជាទី​ដែលមាន​មនុស្ស​យ៉ាងតិច ៥ នាក់​បាន​ស្លាប់ និង​ជាង ១០ នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​កាលពី​ចុងខែ​កក្កដា។

លោក សុទ្ធ ណារឿន ​ប្រធាន​សាខា ក.ប.ប ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្រិត​សារធាតុ​មេតាណុល ដែល​ត្រូវបាន​រកឃើញ​ក្នុង​សំណាក​ស្រាស និង​ស្រាថ្នាំ​ចំនួន ១២ ក្នុង​ចំណោម ២២ សំណាក ដែល​នាំ​មកពី​តំបន់​ដូនយ៉យ ស្រុក​ឈូក​ខេត្តកំពត​នោះ​គឺមាន​ចន្លោះ​ពី ១០,៩ ភាគរយ ដល់ ១៨,៦ ភាគរយ​ដែល​អាច​បង្ក​ឱ្យ​អ្នកទទួលទាន​ស្លាប់​បាន។

លោក​បាន​ថ្លែងថា៖ «ជាទូទៅ​នៅក្នុង​ផលិតផល​ស្រា​ដែលមាន​សុវត្ថិភាព​សម្រាប់​អ្នកនិយម​ទទួលទាន​ស្រា គឺមាន​សារធាតុ​មេតាណុល​មិន​លើសពី ០,២ ភាគរយ​ឡើយ។ ប៉ុន្តែ​សំណាក​ស្រាស និង​ស្រាថ្នាំ​ដែល​យើង​បាន​ប្រមូលយក​ពី​តំបន់​ដូនយ៉យ ជា​ទី​ដែលមាន​មនុស្ស ៥ នាក់​ស្លាប់ និង ១៤ នាក់​ទៀត ធ្លាក់ខ្លួន​ឈឺ​កាលពី​ចុងខែ​កក្កដា​នោះ មាន​កម្រិត​សារធាតុ​មេតាណុល​ពី ១០,៩ ភាគរយ​រហូត​ដល់ ១៨,៦ ភាគរយ»។

លោក​បាន​បន្ថែមថា៖ «កម្រិតនេះ​អាច​ធ្វើឱ្យ​អ្នក​ទទួលទាន​ស្លាប់​ ឬ​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ ប្រសិនបើ​ទទួលទាន​វា​លើសពី ១៥ មិល្លីលីត្រ សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ខ្សោយបេះដូង និង​លើសសម្ពាធ​ឈាម​ប្រចាំកាយ»។

បើតាម​លោក ណារឿន សារធាតុ​មេតាណុល​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ឧស្សាហកម្ម ថ្នាំលាប​ផ្ទះ ក្ដារបន្ទះ និង ឧស្សាហកម្ម​មួយចំនួន​ទៀត។ សារធាតុ​នេះ​អាច​បង្ក​ឱ្យ​រមាស់​ស្បែក ឈឺក្បាល រលាក​ផ្លូវដង្ហើម ជាពិសេស​ដំបៅ​មហារីកក្រពះ។

ជាមួយ​លទ្ធផល​តេស្ត​ពី​មន្ទីរពិសោធន៍​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​កាលពី​ថ្ងៃទី ២ សីហា​បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ ២ នាក់​រួមមាន​ឈ្មោះ​ គង់ ធាន និង​ឈ្មោះ ផាន់ ចេង ដែលជា​អាជីវករ​លក់​ស្រាស និង​ស្រាថ្នាំ នៅ​ឃុំ​ដូនយ៉យ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី។ នេះ បើតាម​លោក លក ញ៉ាវ ស្នងការរង​ខេត្តកំពត​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ។

លោក​ថ្លែងថា៖ «យើង​បាន​បញ្ជូន​សំណុំរឿង​ពុល​ស្រា​នោះ​ និង​ជនសង្ស័យ ២ នាក់ ទៅ​តុលាការ​ហើយ»។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត លោក ខា ដែនណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ទាំង ២ នោះ​ត្រូវបាន​តុលាការ​ខេត្តកំពត​សម្រេច​ចោទប្រកាន់​ពីបទ «ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការអះអាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា ៤៣ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់» និង​បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នាំយក​ពួកគេ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ជា​បណ្ដោះអាសន្ន​តាំងពី​ថ្ងៃទី ២ ខែ​សីហា​មក​ម្ល៉េះ។

ក្នុង​រយៈពេល ៣ ខែ​ចុងក្រោយ​នេះ ខេត្តកំពត​មាន​ករណី​ពុលស្រា​កើតឡើង​ចំនួន ៣ លើក​ដោយ​បាន​បង្ក​ឱ្យ​មនុស្ស​សរុប​ចំនួន ១៨ នាក់​ស្លាប់ និង ១៥០ នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ។

ទន្ទឹមនឹងនេះ​ រដ្ឋបាល​ខេត្តកំពត​បាន​ចេញ​បម្រាម​ហាមឃាត់​ការទិញ​លក់ និង​ផលិត​ស្រាស និង​ស្រាថ្នាំ​នៅ​ទូទាំង​ខេត្ត ដើម្បី​ទប់ស្កាត់​ការទទួល​ទាន​ស្រាស និង​ស្រាថ្នាំ ដែលមាន​កម្រិត​ជាតិ​មេតាណុល​ខ្ពស់​បង្កឱ្យ​មាន​គ្រោះថ្នាក់ ស្រប​ពេលដែល​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​បាន​ចុះបង្ក្រាប​ចាប់​រឹបអូស​អាល់កុល​ក្លែងក្លាយ​ ឬ​សារធាតុ​មេតាណុល​រាប់សិប​ពាន់​លីត្រ ពី​គ្រប់​បណ្ដា​ខេត្ត​ និង​រាជធានី មក​ដុត​បំផ្លាញចោល​ស្ទើរតែ​រៀងរាល់ខែ៕

វីដេអូ៖