ភ្នំពេញៈ ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម​កាលពី​ថ្ងៃទី ៣ ខែសីហា បាន​ចុះហត្ថលេខា​លើ​អត្ថបទ​បំពេញបន្ថែម​ទៅលើ​ខ្លឹមសារ​នៃ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ ២០២០ សម្រាប់​អនុវត្ត​បន្ត​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ ២០២១ និង​បាន​ឯកភាព​យកចិត្តទុកដាក់​បន្ត​អនុវត្ត​កិច្ចការសំខាន់ៗ​មួយចំនួន​បន្ថែមទៀត​ ដើម្បី​បង្កើន​កិច្ចសហការ​ធានា​សន្តិសុខ​តាម​ព្រំដែន បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​ជាង ១ ឆ្នាំ​កន្លងមក​នេះ ដោយសារ​ស្ថានភាព​ប្រឈម​ដ៏ស្មុគស្មាញ​បង្កឡើង​ដោយ​ជំងឺ​កូវីដ ១៩។

ពិធី​ចុះហត្ថលេខា​លើ​អត្ថបទ​បំពេញបន្ថែម​ទៅលើ​ផែនការ​សហប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​រវាង លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក តូ ឡឹម សមាជិក​ការិយាល័យ​នយោបាយ និង​ជា​រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០២១។

តាមរយៈ​កិច្ចប្រជុំ​នេះ ភាគី​ទាំង ២ បាន​ប្តេជ្ញា​ជំរុញ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការចេញចូល​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បន្ត​កិច្ចសហការ​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​តំបន់​ព្រំដែន ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ បង្កើន​កិច្ចសហការបង្ការ និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ប្រព្រឹត្ត​ដោយ​បុគ្គល ឬ​បទល្មើស​មាន​អង្គការ​ចាត់តាំង ជាពិសេស​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ដោយ​អនុលោម​តាមច្បាប់​នៃ​ប្រទេស​នីមួយៗ។

ក្រៅពីនេះ ភាគី​ទាំង ២ ក៏បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ក្នុង​ការផ្លាស់ប្តូរ​បទពិសោធ និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព បម្រើឱ្យ​ការប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​សំខាន់ៗ​ដែល​ប្រទេស​ទាំង ២ ត្រូវ​រៀបចំ ឬ​ធ្វើជា​ម្ចាស់ផ្ទះ។

ស្របតាម​ស្មារតី​នៃ​ទំនាក់ទំនង​ដ៏ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​នៃ​ប្រទេស​ទាំង ២ លោក ស ខេង និង លោក តូ ឡឹម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​ការងារ​ថែរក្សា​បាន​យ៉ាងរឹងមាំ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ទោះបី​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​នាពេល​បច្ចុប្បន្ន ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ ១៩។

ភាគី​ទាំង ២ ក៏បាន​កត់សម្គាល់​នូវ​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​កន្លង​ទៅនេះ​ក្នុង​នោះ​រួមមាន ការជួយ​គាំទ្រ​គ្នា​ទៅវិញ​មក​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ការជួយឧបត្ថម្ភ​គាំទ្រ​ផ្នែក​សម្ភារ​បច្ចេកទេស ការងារ​កសាង​សមត្ថភាព​កងកម្លាំង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ប្រតិភូ​ជំនាញ និង​កិច្ចសហការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស​ឆ្លងដែន។

ភាគី​ទាំង ២ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​ជិតស្និទ្ធ​រវាង​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដែល​តែង​ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ការថែរក្សា​បរិយាកាស​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​បានល្អ​ប្រសើរ ដែល​រួមចំណែក​បង្ក​លក្ខខណ្ឌ​សមស្រប​ដល់​ការប្រកប​អាជីវកម្ម​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បម្រើ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង ២៕