ភ្នំពេញៈ ក្រុម​អ្នកបើកបរ​ឡានធំ​ដឹក​ខ្សាច់​លើស​ទម្ងន់​កំណត់​នៃ​ច្បាប់ ចំនួន ៣៥ នាក់​បាន​រួមគ្នា​ផ្ដិតមេដៃ​ដាក់​ញត្តិ បន្ត​ការតវ៉ា​ទាមទារ​សុំ​យក​រថយន្ត​ដែល​សមត្ថកិច្ច​បាន​ឃាត់ទុក ព្រោះតែ​អំពើ​ល្មើសច្បាប់​នាពេល​កន្លងមក ដោយ​ព្រម​ទទួលកំហុស និង​សុំ​ការអនុគ្រោះ​ពី​ផ្លូវច្បាប់។

ក្រុមអ្នកតវ៉ា​បាន​ព្យាយាម​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​សាធារណការ ខុទ្ទកាល័យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រះបរមរាជវាំង ដើម្បី​ស្នើសុំ​ឱ្យជួយ​អន្តរាគមន៍​លើកលែងទោស និង​សុំឱ្យ​ប្រគល់​រថយន្ត​មក​បន្តធ្វើ​អាជីវកម្ម​វិញ។

ញត្តិ​របស់​ពួកគេ​ដែល​បានដាក់​ជូនទៅ​ស្ថាប័ន​ទាំង ៣ នោះ​បាន​ឱ្យដឹងថា៖ «យើងខ្ញុំ​ពិតជា​មាន​ការសោកស្តាយ​ណាស់​ចំពោះ​ការប្រព្រឹត្ត​ខុស ដូច្នេះ​យើងខ្ញុំ​ទាំងអស់គ្នា ព្រម​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដោយបាន​បង់​លើ​ការពិន័យ​ជា​ទឹកប្រាក់​រួចមកហើយ។ ប៉ុន្តែ​ករណី​រក្សា​រថយន្ត​នៅ​កន្លែង (សមត្ថកិច្ច) យើងខ្ញុំ​ស្នើសុំ​មេត្តា​លើកលែង​ និង​អនុញ្ញាតឱ្យ​យក​រថយន្ត​ទៅ​ប្រកបរបរ​រកស៊ី​ត្រឹមត្រូវ​តាមផ្លូវច្បាប់​វិញ ដោយ​ក្តី​អនុគ្រោះ»។

លោក លឹម មុនី តំណាង​ម្នាក់​ដែល​បាន​ចូលរួម​ការដាក់​ញត្តិ​នេះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៤ សីហា​ថា មូលហេតុ​ដែល​ពួកគេ​ទាមទារ​សុំឱ្យ​ប្រគល់​រថយន្ត​មកវិញ ព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ជំពាក់​លុយ​ធនាគារ ហើយ​បាត់បង់​អាជីវកម្ម​ដោយសារ​តែ​រថយន្ត​ជាប់​នៅក្នុង​ដែន​សមត្ថកិច្ច។

លោក មុនី បាន​ថ្លែងថា៖ «ប្រសិន​បើ​រង់ចាំ​ក្នុង​រយៈពេល ១ ឆ្នាំ​នៃ​ការឃាត់ទុក (តាមច្បាប់​កំណត់ ហើយ​ទើប​ប្រគល់​រថយន្ត​មកវិញ) នោះ​ធនាគារ​នឹង​រឹបអូស​យក​អចលនទ្រព្យ​របស់​ពួកយើង​អស់​ជាមិនខាន ហើយ​រថយន្ត​ដែល​ទុកចោល​យូរ​ត្រូវ​រង​ការខូចខាត និង​ជួសជុល​ឡើងវិញ ដូច្នេះ​យើងខ្ញុំ​គ្មាន​លទ្ធភាព​សម្រាប់​ជួសជុល​នោះទេ»។

លោក​បាន​បញ្ជាក់ថា៖ «ពួកខ្ញុំ ពិតជា​ទទួលកំហុស និង​សន្យា​ឈប់​ប្រព្រឹត្តល្មើស​នឹង​ការដឹក​លើស​ទម្ងន់​នេះ​ទៀតហើយ»។

កាលពី​ថ្ងៃទី ២០ ខែកក្កដា អ្នក​បើកឡាន និង​ម្ចាស់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ប្រមាណ ២០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ម្តង​រួចមកហើយ ប៉ុន្តែ​សំណើ​របស់​ពួកគេ​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បដិសេធ ព្រោះ​ផ្ទុយ​ច្បាប់ មិនអាច​អនុញ្ញាត​បាន​នោះទេ។

លោក គង់ ចំរើន តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៤ សីហា​ថា លោក​មិន​ហ៊ាន​ទទួល​ញត្តិ​របស់​ក្រុម​អ្នកតវ៉ា​នោះទេ ដោយសារ​តែ​ពិនិត្យឃើញ​ថា សំណើ​ដែល​ពួកគាត់​ស្នើសុំ គឺ​ខុស​នឹង​ច្បាប់។

លោក​ថ្លែងថា៖ «គាត់​មក​ដាក់​ហើយ តែ​ខ្ញុំ​មិន​ហ៊ាន​ទទួល​ទេ ព្រោះ​ទម្រង់​នៃ​លិខិត​នេះ​គឺ​ខុសច្បាប់។ កាលណា​ក្រសួងសាមី គេ​ថា​ខុសច្បាប់​អ៊ីចឹង បើ​យើង​អន្តរាគមន៍​ទទួល​បន្តទៀត គឺ​កាន់តែ​ខុសច្បាប់»។

ទោះជា​យ៉ាងណា​ក៏ដោយ លោក គង់ ចំរើន ពន្យល់​ណែនាំ​ឱ្យ​ពលរដ្ឋ​​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ព្រោះ​ច្បាប់​បាន​ផ្សព្វផ្សាយ​ទៅកាន់​ពលរដ្ឋ​ហើយ។

លោក ប៉ាល់ ច័ន្ទតារា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៤ សីហា​ថា ក្រសួង​មិនមាន​គោលការណ៍​ដោះស្រាយ​លើ​សំណើ​ស្នើឱ្យ​ប្រគល់​រថយន្ត​ទៅ​ពួកគេ​វិញ​បានទេ។

លោក​អះអាង​ថា៖ «ផ្ទុយទៅវិញ យើង​នឹង​នៅតែ​បន្ត​វិធានការ​ក្តៅ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​បទល្មើស​ដឹក​លើស​ទម្ងន់​នេះ​បន្តទៀត ដើម្បី​ធានា​ដល់​ការគោរព និង​អនុវត្ត​ច្បាប់»។

តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បានឱ្យដឹងថា ក្នុង​រយៈពេល ១ ឆ្នាំ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុងពេល កន្លងមកនេះ មន្ត្រី​បាន​ឃាត់​យានយន្ត​ដឹក​លើស​ទម្ងន់​នៃ​ច្បាប់​កំណត់​ជិត ២០០ គ្រឿង ដើម្បី​យកមក​រក្សាទុក រយៈពេល ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៅតាម​កម្រិត​នៃ​បទល្មើស៕

វីដេអូ៖