ភ្នំពេញៈ វ៉ាក់​សាំង​ Oxford AstraZeneca ដែលជាការ​បរិច្ចាគ​របស់​ចក្រ​ភព​អង់​គ្លេស ​ចំនួន ៤១​៥ ០០០ ដូ​ស ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគីជូន​រាជរដ្ឋាភិ​បាល​កម្ពុជាបាន​មក​ដល់​ព្រលាន​យ​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ប្រកាស​ដាក់​ចេញ​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​បង្កា​រជំងឺ​កូ​វីដ ១៩ ​ដូស​ទី​៣ ឬ​ដូស​ជំរុញ ស្រប​ជា​មួយ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូ​វីដ​ ១៩ ​ដល់​កុមារ​។

នា​រសៀល​ម៉ោង ២ រសៀល​នេះ ​ថ្ងៃទី ៥ ​សីហា​នេះ ​វ៉ាក់​សាំង​ Oxford AstraZeneca បាន​ដឹក​មក​ដល់​កម្ពុជា និង​បាន​ធ្វើ​ពិធី​ប្រគល់និង​ទទួល​រវាង​ឯកអគ្គ​រាជ​ទូត​ស្តីទីរបស់ចក្រ​ភព​អង់​គ្លេសប្រចាំ​កម្ពុជានិងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​។

ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ ហ៊ុន សែន បាន​ស្នើ​ទៅ​ចក្រ​ភព​អង់​គ្លេសឲ្យ​បន្ត​ផ្តល់​ជំនួយ​ជា​វ៉ាក់​សាំង​ប្រភេទ​នេះ មក​កាន់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​កម្ពុជា​អាច​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​ជា​ដូ​ស​ជំរុញ​ជូន​ដល់​ប្រជា​ពលរដ្ឋឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់បន្ថែម​ពី​វ៉ាក់​សាំង​ដែល​បាន​ចាក់​ហើយ​ចំនួន ២ ​លើក។

ស្រប​ពេល​ជា​មួយ​នេះ​ផង​ដែរ លោក​នាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​ថា រាជ​រដ្ឋាភិ​បាល​កម្ពុជាក៏​បាន​សម្រេច​ដាក់​ចេញ​នូវ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បង្កា​រជំងឺ​កូ​វីដ ១៩ ដូ​ស​ទី៣ ឬ​ដូ​ស​ជំរុញជូន​មន្ត្រី​សេវា​សាធា​រណៈ​ជួរ​មុខ​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​បណ្តា​ខេត្ត​នានា ​ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​មេរោគ​ដែល​តាបបំប្លែង​ថ្មី​កំពុង​វាយ​លុក ស្រប​ជាមួយ​យុទ្ធ​នា​ការចា​ក់​វ៉ាក់​សាំង​កូ​វីដ ១៩ ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨​ ឆ្នាំ។

លោក ​ហ៊ុន ​សែន បាន​បញ្ជាក់​ថា​វ៉ាក់​សាំង​ដែល​ទទួល​បាន​ក្នុង​ពេល​នេះគឺជា​វ៉ាក់​សាំង​សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​យុទ្ធនា​ការ​ចាក់​ដូ​ស​ទី៣ ក្នុង​ពេល​នេះ​។

លោក​បញ្ជាក់​ថា៖ «អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ អនុវត្ត​វិធានកា​រ ៣ កុំ ៣ ការពារ និង​ចូលរួម​ក្នុង​យុទ្ធ​ន​ការ​ចាក់​វ៉ាក់​សាំង​ ដើម្បី​ការពារ​សុវត្ថិ​ភាព សុខ​ភាព ក៏ដូច​ជា​សុខ​មា​ភាព​របស់​គ្រួសារ​ សហ​គ​ញ​មន៍ និង​សង្គម​ជាតិ​ទាំង​មូល»​៕