
ក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញព្រៃឈើ កាលពីថ្ងៃទី ៣១ កក្កដា។ រូបថត សហការី
ស្ទឹងត្រែងៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរស ៥ នាក់ក្នុងពន្ធនាគារនៅថ្ងៃទី ៣ ខែសីហា ក្រោយពីតំណាងអយ្យការចោទប្រកាន់ពាក់ព័ន្ធនឹងករណីបទល្មើសកាប់បំផ្លាញព្រៃឈើ។ នេះបើតាមលោក ជា សុភគ៌ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
លោក ជា សុភគ៌ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានថ្លែងកាលពីម្សិលមិញថា ជនទាំង ៥ នាក់ដែលពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ ត្រូវបានតំណាងអយ្យការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយនៅថ្ងៃទី ៣ ខែសីហា ហើយករណីនេះចៅក្រមបានសម្រេចឃុំខ្លួនជនទាំងនោះផងដែរ។
យ៉ាងណាក្ដី ជា សុភគ៌ មិនបានបញ្ជាក់ច្បាស់ថា ជនទាំង ៥ នាក់នោះត្រូវចោទពីបទអ្វី ហើយចៅក្រមមួយណា ជាអ្នកសម្រេចឃុំខ្លួននោះទេ។
លោកថ្លែងថា៖ «អធ្យាស្រ័យដោយសារការស៊ើបអង្កេតជាការសម្ងាត់ អ៊ីចឹងនៅមានការពាក់ព័ន្ធទៀត ខ្ញុំមិនអាចបញ្ជាក់បានទេ»។
ជនសង្ស័យទាំង ៥ នាក់នេះត្រូវបានមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបញ្ជូនទៅតុលាការខេត្តកាលពីល្ងាចថ្ងៃទី ២ ខែសីហា ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សបានឃាត់ខ្លួននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៣១ ខែកក្កដា។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ឱ្យដឹងថា ជនសង្ស័យទាំង ៥ នាក់ត្រូវបានមន្ត្រីឧទ្យានុរក្សបញ្ជូនមកដល់មន្ទីរបរិស្ថានខេត្តនៅថ្ងៃទី ១ ខែសីហា។ លុះដល់ល្ងាចថ្ងៃទី ២ ខែសីហាមន្ត្រីជំនាញបរិស្ថានបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់តែម្តង។
លោកបានបញ្ជាក់ថា៖ «ករណីនេះប្រជាជនគឺនៅខាងខេត្តព្រះវិហារឯនោះទេ ប៉ុន្តែគាត់បានមកកាប់ឈើស្រឡៅនៅក្នុងតំបន់ព្រៃឡង់ ដោយអារឈើសម្រាប់ធ្វើផ្ទះគរឈើចោលក្នុងព្រៃហ្នឹង ហើយមន្ត្រីយើងបានចុះល្បាតក៏ជួបបទល្មើសហ្នឹងជាក់ស្តែងរួចហើយឃាត់ខ្លួនយកមកដោះស្រាយតាមច្បាប់តែម្តងទៅ»។
លោក ស្រេង ជាហេង បានឱ្យដឹងទៀតថា មន្ត្រីឧទ្យានុរក្សដែលល្បាតដែនជម្រកសត្វព្រៃ ព្រៃឡង់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះទៅចំណុចព្រៃស្រះ ៣ នៃព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៣១ ខែកក្កដា។
លោកប្រធានមន្ទីរបរិស្ថានបានបន្តថាពេលកំពុងល្បាតនៅទៅទីនោះ ក៏ប្រទះឃើញអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែងរួចសមត្ថកិច្ចបរិស្ថានក៏បានឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់នោះភ្លាមតែម្ដង។ លុះក្រោយសាកសួរទើបដឹងថា ពួកគេរស់នៅភូមិច្រេត ឃុំច្រេត ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ស្រេង ជាហេង បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៥ នាក់កាលពីថ្ងៃទី ៣១ កក្កដា រួមនឹងវត្ថុតាងរណារយន្ត ៤ គ្រឿង សមត្ថកិច្ចក៏បញ្ជូនមកស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ និងនៅថ្ងៃទី ១ សីហា ហើយកម្លាំងឧទ្យានុរក្សក៏បានបញ្ជូនបន្តមកមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។
លោក ប៊ី វ៉ាន់នី មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែងបានគាំទ្រចំពោះការអនុវត្តច្បាប់របស់មន្ត្រីបរិស្ថាន ប៉ុន្តែលោកចង់ឱ្យការអនុវត្តច្បាប់នោះមានវិសាលភាពកាន់តែទូលាយជាងនេះ ព្រោះការអារឈើខុសច្បាប់ក្នុងខេត្តស្ទឹងត្រែង មិនមែនមានតែនៅក្នុងឃុំអន្លង់ជ្រៃនោះទេ។
លោកថ្លែងថា៖ «ក្រៅពីឃុំអន្លង់ជ្រៃនៅមានឃុំចម្ការលើ ឃុំកាំងចាម នៅខាងស្រុកសៀមបូកអីហ្នឹង ក៏មានការកាប់ឈើខុសច្បាប់ដែរ។ អ៊ីចឹងឃុំដែលស្ថិតក្នុងផែនទីតំបន់ព្រៃឡង់ហ្នឹងគឺសុទ្ធតែមានសកម្មភាពអារឈើខុសច្បាប់រហូតដល់មានសិប្បកម្ម ខុសច្បាប់នៅតាម ឃុំហ្នឹងទៀតផង»៕