បន្ទាយមានជ័យៈ រហូតមក​ទល់​​ពេល​នេះមា​នព​លករ​ខ្មែរ​ចំនួន​ ៥៤ ​នាក់ ក្នុងចំណោម ២៤៥​ នាក់ ដែល​បាន​វិល​ត្រឡប់​ពី​​ថៃមក​កម្ពុជា​វិញ​ ហើយ​ជាប់​គាំង​នៅតាម​ព្រំដែន​ដោយសា​រ​បម្រាម​បិទ​ខ្ទប់​ព្រំដែន ត្រូវ​បាន​សមត្ថ​កិច្ច​កម្ពុជាបញ្ជូន​ទៅមណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​ក្នុង​វិទ្យាល័យ​សិរី​សោ​ភណ្ឌ​ខេត្តប​ន្ទាយមា​នជ័យ ​បន្ទាប់ពី​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ​ក្នុងនោះ​មាន​ប្រភេទបំ​ប្លែង​ថ្មី​ Delta ផង។ នេះ​បើ​តាម​មន្ត្រីន​គរ​បាល​ការពារ​ព្រំដែន​ប្រចាំ​តំបន់​ច្រក​បឹង​ត្រកួន។

លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ច្រក​បឹង​ត្រកួន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃទី៥សីហា​​​ថា នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ​ទាំង​អស់ ​ត្រូវបាន​បិទ​ខ្ទប់​មិនឱ្យ​​ឆ្លង​កាត់​ចា​ប់តាំងពី​​យប់​ថ្ងៃទី ២៩ ​ខែ កក្ក​ដា ឆ្នាំ ២០២១​ មក។ ក្នុង​រយៈពេល​ជិត​ ១​ សប្ដាហ៍ ​[២​៩ កក្កដា-៤ សីហា ២០២១] នៃ​ការបិទ​ខ្ទប់​ព្រំដែន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩ នេះ គឺមាន​ពលករ​ខ្មែរ​ចំនួន​ ២៤៥ នា​​ក់​ បាននាំគ្នា​វិលត្រឡប់​ចូល​កម្ពុជា​វិញ​ តាម​ច្រក​របៀង​តូចៗជិត​ច្រក​តំបន់​បឹង​ត្រកួន​ ប៉ុន្តែ​ត្រូវ​បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​ក្នុង​ទឹកដី​ថៃ​ដោយ​សារ​ការ​បិទ​ព្រំដែន​​កំពុង​បន្ត​​។

លោក​ ដា​រ៉ា​ន់​ បាន​បញ្ជាក់​ថា៖​«ដោយមា​ន​កិច្ច​អន្តរា​គមន៍​ពី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេ​ត្ត​សា​កែវនិងពី​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ ពួកគេ​ចំនួន​ ៥៤​ នាក់ក្នុ​ងចំណោម ​២៤៥ នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ជូន​ទៅកាន់​មណ្ឌល​ព្យា​បាល​ជំងឺ​កូ​វីដ ១៩​ ដែលមាន​ទីតាំង​ក្នុង​វិ​ទ្យាល័យ​សិរី​សោ​ភណ្ឌ ​ខេត្តប​ន្ទាយមា​នជ័​យបន្ទា​ប់ពី​រកឃើញ​មាន​វិជ្ជមាន​ជំងឺកូ​វីដ ១៩​ដោយមា​នទាំង​ប្រភេទបំប្លែង​ថ្មី ​Delta ផង»​។

បើតាម​លោក ដា​រ៉ា​ន់ ​ពលករ​ខ្មែរដែល​បាត់​បង់​ការងារ​នៅប្រ​ទេស​ថៃដោយសា​រ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ នៅតែ​បន្ត​សម្រុក​វិល​ត្រឡប់​មក​កម្ពុជា​តាម​ច្រករ​បៀងជិត​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ជា​រៀងរា​ល់ថ្ងៃ​។ អ្នកខ្លះ​ត្រូវបានគេ​ដឹក​មក​ទម្លាក់​ក្នុង​តំបន់​ព្រៃ​ចម្ការ​មីនជា​ប់​ព្រំដែន​ក៏មាន។ យ៉ាងណា​ក្ដីពួ​កគេ​ត្រូវបាន​អាជ្ញាធរខេត្ត​សា​កែវ​ប្រ​ទេស​ថៃ ជួយ​នាំយកទៅ​ទីតាំង​ប្រមូល​ផ្ដុំ​១កន្លែង​ក្នុង​ទឹកដី​ថៃទ​ល់មុ​ខ​ច្រក​តំបន់​បឹង​ត្រកួនរបស់កម្ពុជា​ ប៉ុន្តែ​ការ​ផ្គត់​ស្បៀង​អាហា​រនិងសម្ភា​រប្រើប្រាស់​ដូចជា ដំបូល​តង់ ​កន្ទេល​ភួយ​មុង ​រួមទាំង​ថ្នាំ​ព្យាបាល​ជំងឺ​ទូទៅ​និងសា​ប៊ូនិង​​អាល់​កុល​សម្រាប់​លាង​ដៃជើង​ដើម្បី​បង្កា​រការឆ្លង​ជំងឺ​កូ​វីដ ១៩​ គឺជា​បន្ទុក​របស់​រដ្ឋ​បាល​ខេត្ត​បន្ទាយ​មានជ័យ​។

លោក​បាន​បន្ថែម​ថា៖ «រដ្ឋបាលខេត្ត​បន្ទាយមា​នជ័យ​ តាមរយៈ​គណៈ​កម្មការ​បង្កា​រទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ស្រុក​ថ្មពួក បាន​ផ្ដល់​អាហារ៣​ពេល​​ ក្នុង ​១ ថ្ងៃ ​ដល់​ពលករ​ខ្មែរដែល​កំពុង​ជាប់​គាំង​ក្នុង​ទឹកដី​ថៃមុខ​ច្រក​តំបន់​បឹង​ត្រកួនព្រមទាំង​​បាន​សហការ​ជាមួយ​ភាគី​ថៃចុះ​ត្រួត​ពិនិត្យ​សុខភាព​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​ផងដែរ។ក្នុង​ស្ថានភា​ពសង្ស័យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ​យើង​​ប្រមូល​សំណាក​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ ១៩ ភ្លា​មៗ ហើយ​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​បាល​ជំងឺ​កូ​វីដ​ ក្នុង​ខេត្តប​ន្ទាយមា​នជ័យ​រប​ស់​យើង​ភ្លាម​ផង​ដែរ ក្នុង​ករណី​រកឃើញ​មាន​អ្នក​វិជ្ជ​មាន​»។

លោក​ដា​រ៉ា​ន់​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរដែល​កំពុង​ជាប់គាំ​ង​ក្នុង​ទឹកដៃ​ថៃ​ទាំងនោះ​ ​នឹងត្រូវ​បញ្ជូន​ទៅកា​ន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​អស់​ ក្រោយ​ឱសាន​វាទ​នៃ​ការបិ​ទ​ខ្ទប់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​បញ្ចប់​ ។

កាលពី​​ថ្ងៃទី ៣ ខែសីហា ក្រុម​ការងារ​​ស្ថាន​អគ្គ​កុងស៊ុ​លកម្ពុជា​ប្រចាំខេត្ត​សា​កែវ​របស់​ថៃ បាន​ចុះ​សួរសុ​ខទុ​ក្ខ​និង​ផ្ដល់​អំណោយ​ដល់​បងប្អូន​ពលករ​ខ្មែរដែល​កំពុង​ជាប់​គាំង​នៅតាម​ព្រំដែន​កម្ពុជា-​ថៃ ក្នុងភូមិ​សាស្ត្រស្រុ​ក​តា​ប្រា​យ៉ា ខេត្ត​សា​កែវ ឈម​នឹង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមា​ន​ជ័យ​។រីឯនៅថ្ងៃទី ៥ សីហា ក្រុម​ការងារ​ដដែ​លនេះក៏បា​ននាំ​ស្បៀងអាហា​​រចែក​ជូន​បន្ថែម​ផងដែ​រ​។

លោក​ ​កុយ គួ​ង អ្នកនាំ​ពាក្យ​ក្រសួងការបរទេ​សនិ​ង​កិច្ចសហ​ប្រតិប​ត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ប្រាប់​អ្នកសារ​ព័ត៌​មាន​តាម Telegram កាលពី​ថ្ងៃទី ៤ ខែសីហា​ ថា៖«ក្រៅពី​ផ្ដល់ជំនួយ​​សង្គ្រោះ​បឋម...ក្រុ​មការ​ងារ​​ក៏បានសហ​ការ​ជាមួយ​​ជា​អាជ្ញា​ធរ​ពាក់ព័ន្ធទាំ​ង​កម្ពុ​ជា-ថៃ នៃ​ស្រុក-ខេត្ត​ខាងលើ​ ដើម្បី​ដឹកជ​ញ្ជូន​ និង​រៀបចំ​កន្លែង​ស្នាក់នៅ​ដែលមា​ន​សុវត្ថិភាព​ជូន​ពួកគាត់​នៅ​ខាង​ទឹកដី​ថៃ នៅ​ចំណុច​ច្រក​ព្រំដែន​តា​ប្រា​យ៉ា-បឹង​ត្រកួន ​ផង​ដែរ​»៕