ព្រះវិហារៈ អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ នៅ​ថ្ងៃទី ៥ សីហា​ បាន​ចោទប្រកាន់​បុរស ៤ នាក់ ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​នគរបាល​ បញ្ជូន​ដល់​តុលាការ​ ពាក់ព័ន្ធ​បទ​ជួញដូរ​គ្រឿង​ញៀ​ង​មេ​តំ​ហ្វេ​តា​មីន​ជាង ៣០ ក្រាម​ ប្រព្រឹត្ត​នៅ​ភូមិ​រលំ​ថ្ម ក្នុង​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត។

លោក​ ស៊ុន ចលនា នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ឱ្យដឹង​នៅ​ថ្ងៃទី ៥ សីហា​ថា​ ជន​ទាំង ៤ នាក់​ ទី១-ឈ្មោះ វែង គ្រឹ​ស្នា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជា​អតីត​យោធា ទី២ ឈឿន ចាន់ ដា ភេទ ប្រុស អាយុ​ ២៤ ឆ្នាំ មាន​របរ​ជាជាង​អ៊ុត​ស្គុ​ត​ម៉ូតូ ទី៣ ខឿ​ត ឈុន ណា ភេទ​ប្រុស អាយុ ២០ ឆ្នាំ​ មាន​របរ​មិន​ពិតប្រាកដ​ និង​ឈ្មោះ ប៊ុត ឆើត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​ជា​កសិករ។

លោក​ប្រាប់ថា៖ «ជន​ទាំង ៤ នាក់​ ត្រូវ​​តំណាង​អយ្យការ​ ចោទ​ពីបទ​រក្សាទុក ជួញដូរ និង​ប្រើប្រាស់​តាម​មាត្រា ៤០ និង ៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន»។

លោក​រំឭកថា​ កាលពី​ថ្ងៃទី ៣ សីហា​ មុន​មានការ​ឃាត់ខ្លួន​ គឺ​កម្លាំង​សមត្ថកិច្ច​ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បាន​តាមដាន​មុខសញ្ញា​នេះ​ជាច្រើន​ថ្ងៃ​មកហើយ។

លុះ​នៅ​ថ្ងៃទី ៣ សីហា​ ក្រុម​ជនសង្ស័យ​ បាន​កំពុងធ្វើការ​ចែកចាយ​គ្រឿងញៀន​ ហើយដោយ​មានការ​តាមដាន​ពួកគេ​យ៉ាងប្រកិតៗនោះ ​កម្លាំង​សមត្ថកិច្ច ​របស់លោក ​ក៏​ធ្វើការ​ឃាត់ខ្លួន​ពួកគេ​ជាក់ស្តែង​ ស្ថិតនៅ​ភូមិ​រលំ​ថ្ម ក្នុង​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

បើតាម​លោក ចលនា​ ថា​ ពេល​ឃាត់ខ្លួន​ដំបូង​ឈ្មោះ វែង គ្រឹ​ស្នា អះអាង​ប្រាប់​សមត្ថកិច្ចថា​ ជា​យោធា​នៅ​អង្គភាព​កងពល​លេខ ៩ ឈរជើង​នៅ​ខេត្តព្រះវិហារ។

ប៉ុន្តែ​ពេល​លោក​ទៅ​សួរ​នៅ​អង្គភាព​កងពល​លេខ ៩ នោះ​ ត្រូវបាន​មេបញ្ជាការ​អង្គភាព​ថា​ ឈ្មោះ ​វែង គ្រឹ​ស្នា​ ម្នាក់នេះ ​ត្រូវបាន​បណ្តេញចេញ និង​លុបឈ្មោះ​ពី​អង្គភាព​យូរ​មកហើយ​ ព្រោះ​ជន​ម្នាក់នេះ ​មិន​គោរព​វិន័យ​អង្គភាព។

លោក​បញ្ជាក់ថា ​ចំពោះ​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១៣ កញ្ចប់​ធំ និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿង​ញៀ មួយចំនួន ​ព្រមទាំង​ទូរស័ព្ទដៃ​ចំនួន ចំនួន ៣ គ្រឿង៕