មណ្ឌលគិរីៈ ​ការិយាល័យ​ ​WWF-​Cambodia​ ប្រចាំ​ខេត្តមណ្ឌល​គិរី ​នៅ​ព្រឹក​ថ្ងៃទី​ ០៥ ​ខែ សីហា ​ឆ្នាំ ​២០២១ ​បានផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ និង​លិខិត​សរសើរ​ជូន​មន្រ្តី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ចំនួន ៦​ នាក់​ ​បាន​ទទួល​ជ័យ​លាភី​ជា​មន្ត្រី​ឧទ្យានុរក្ស​មាន​ស្នាដៃ​ឆ្នើម នៅ​ក្នុង​ឆ្នាំ​នេះ។​

លោក​ កែវ ​សុភគ៌​ ប្រ​ធាន​មន្ទីរ​បរិស្ថាន ​ខេត្ត​មណ្ឌល​គិរី ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពីធីផ្ដល់​រង្វាន់​ និង​លិខិត​សរសើរ​ដល់​ម្ចាស់​ជ័យ​លាភី​ជា​ឧទ្យានុ​រក្ស​ឆ្នើម​ទាំង​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ពិធី​នេះ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​ក្នុងមួយ​ឆ្នាំៗ​មាន​អ្នកឈ្នះ​ចំនួន ៦ ​នាក់​។​ ​សម្រាប់​អ្នក​ឈ្នះ​នៅ​ក្នុង​ឆ្នាំ​នេះ​ រួម​មាន​ឈ្មោះ សា​ន​ ​ធួន,​ អ៊ឹង រដ្ឋា​,​ ​ម៉ៃ ​សាម៉ន​,​ ​រ៉េត​ ​ភារុន,​ ​ផាត​ស្នា ​និង​ឈ្មោះ ​អឿន ​សំរិត​។​

លោក​បាន​បញ្ជាក់​ថា​៖​ «ការវាយត​ម្លៃ​ និង ​ការផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ឧទ្យានុរក្ស​ទាំង៦​នាក់​នេះ ​ធ្វើ​ឡើង ​ដោយ​មាន​ការចូលរួម​ពីថ្នាក់​ដឹកនាំ​អង្គភាព​និង ​អង្គការ ​WWF-Cambodia ដែល​ជា​ដៃ​គូ ​និង​ជា​អ្នក​ឧបត្ថម្ភ​លើ​កម្មវិធី​នេះ។​ ការ​វាយតម្លៃ ​និងជ្រើស​រើស​ពួកគាត់​ឲ្យ​ឈ្នះ​លើក​ម្មវិធី ​ជា​មន្ត្រី​ឧទ្យា​នុរក្ស​មាន​ស្នា​ដៃ​ឆ្នើម​នៅ​ឆ្នាំ​នេះ​មិន​សំដៅ​លើ​តែ​សកម្មភាព​ការ​ងារ​ការពារ​ អភិរក្ស និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ​តែ​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ ​សកម្មភាព​ចុះ​សិក្សាស្រា​វ​ជ្រាវ​ ​និង​ ផ្សព្វផ្សាយ​អប់រំ​ ដោយ​បំផុស​ចលនា​ប្រជា​ពលរ​ដ្ឋ​ ​ឲ្យ​ចូល​រួម​ការពារ​បរិស្ថាន​ផង​ដែរ​»​។​​

បើ​តាមលោ​ក​ ​សុភគ៌​ មន្ត្រី​ឧទ្យានុ​រក្ស​នៅទូ​ទាំង​ខេត្ត​មណ្ឌល​គិរី មាន​ចំនួន​សរុប ​១១៥​ នាក់​ ​ក្នុង​នោះ ​៩៦ នាក់​ ជា​មន្ត្រី​ឧទ្យា​នុរក្ស​ក្រសួង​បរិស្ថាន​ ​ចំណែក​ ១៥ នាក់​ទៀត​ ​គឺ​ជា​កម្លាំង​សហការ ​ដែល​មក​ពី​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​

អ្នក​ឈ្នះ​ពាន​រង្វាន់​ជា​មន្ត្រី​ឧទ្យា​នុរក្ស​មានស្នា​ដៃ​ឆ្នើម​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ឈ្នះ ​៦ នាក់ ​នៅ​ក្នុង​ឆ្នាំនេះ ​លោក​ ម៉ៃ ​សាម៉ន​ អាយុ ​៤១ ឆ្នាំ​ ​ជា​មន្ត្រី​ឧទ្យា​នុរក្ស​ មកពី​ដែនជ​ម្រកស​ត្វ​ព្រៃ​ភ្នំ​ព្រេច បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ​លោក​នឹង​បន្តខិត​ខំ​ប្រឹងប្រែង​​លើកិច្ច​ការ​ងារ​បន្ថែម​ទៀត​ ដើម្បី​ទទួលបាន​ជ័យ​លាភី​ជាថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំក្រោយ។​

លោក​​ សាម៉ន​ ដែល​មាន​ជំនាញ​ខាង​ផ្នែក​សិក្សា​ស្រាវជ្រាវ​ជីវចម្រុះ ​និង​បាន​ចូលបំពេញ​ការងារ​ជាមន្ត្រី​ឧទ្យានុរក្ស ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០២​ មក​ ​បាន​ថ្លែង​ថា​៖​ «​ខ្ញុំពិត​ជា​រីករាយ​ណាស់​ នៅ​ពេល​ក្រុម​គណៈ​កម្មការ​បាន​វាយ​តម្លៃខ្ពស់​លើ​កិច្ចខិត​ខំប្រឹង​ប្រែង​​របស់​ខ្ញុំនៅក្នុ​ង​ការងារ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវចម្រុះ​នៅ​ក្នុង​ដែន​ជម្រក​ស​ត្វ​ព្រៃ​ភ្នំព្រេច ​និ​ងការងារ​ស្នូល​មួយ​ចំនួន​ទៀត ​ទាក់​ទង​និង​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ដល់ពលរដ្ឋ​ ​ព្រម​ទាំងការ​ការពារ ​អភិរក្ស ​និងបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់នេះ។ ​ខ្ញុំ​នឹង​បន្តខិតខំ​ថែម​ទៀត ដើម្បី​ឈ្នះពាន​រង្វាន់​នេះ​នៅ​ឆ្នាំ​បន្តប​ន្ទាប់​ទៀត​»។​

លោក​ ​ម៉ី ​ផល្លា​ ប្រធាន​កម្មវិធី​អភិរក្ស​តំប​ន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​នៃ​អង្គការ ​WWF-Cambodia ​បាន​និយាយ​ថា អង្គការ​ WWF​ បាន​នឹង​កំពុង​បន្ត​ការគាំ​ទ្រ​លើការ​ងារ​អភិរក្ស​ ដល់​មន្រ្តីឧទ្យា​នុរក្ស​ ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃស្រែពក​ ​និង​ដែន​ជម្រកសត្វព្រៃ​ភ្នំព្រេច​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ លើ​ផ្នែក​ថវិកា ​បច្ចេក​ទេស ​សម្ភារ​ និង​បណ្តុះបណ្តាល​ផង​ដែរ។ ​

ទន្ទឹម​និង​ស្ថាន​ភាព​នៃ​ជម្ងឺ ​COVID-19​ ​កំពុង​រីករាល​ដាល​ក្នុង​សហគមន៍​ ​មន្រ្តី​ឧទ្យានុរក្ស​ ដែល​ជាវិរៈ​បុរស​ការពារ​ធនធាន​ធម្មជាតិ​ ​កំពុង​តែ​នៅ​ក្នុង​ព្រៃ ​ដើម្បី​ទប់​ស្កាត់​បទល្មើស​ដូច​ជា​ការ​ដាក់​អន្ទាក់ ​បរបាញ់​សត្វព្រៃ ​កាប់​ឈើ និង​រាន​ដី​ព្រៃ​ជា​ដើម។ ​ពួក​គាត់​មិន​ត្រឹម​តែ​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​ទេ តែ​ពួក​គាត់​ត្រូវ​ទប់ទល់​នឹង​ការ​ឆ្លង​នៃ​ជម្ងឺ​ ​COVID-19​ មក​លើ​ខ្លួន​គាត់​ ​និង​ក្រុម​គ្រួសារ​ផង​ដែរ​។​

បាន​ថ្លែង​ថា​៖​ «​កម្មវិធី​ផ្ដល់​ពានរង្វាន់​ និ​ង​លិខិត​សរសើរ​ ដល់​មន្រ្តី​ឧទ្យានរុក្ស​ឆ្នើម​នេះ​ គឺ​ដើម្បី​លើក​ទឹកចិត្ត​ នូវ​កិច្ចខិត​ខំប្រឹងប្រែង​ក្នុង​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ពួកគាត់»​។​

បើ​តាម​លោ កា​ ​ផល្លា ​កិច្ច​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​ធាតុ​ស្នូល​មួយ​នៃ​ការ​គ្រប់គ្រង​តំបន់​ការពារធម្មជាតិ​ និង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​មន្រ្តីឧទ្យា​នុរក្ស​ចំនួន​ ១១៤ ​រូប ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃស្រែពក​ និង​ដែនជម្រក​សត្វព្រៃភ្នំព្រេច​នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត។​ ប​ន្ថែម​ពី​លើកា​រ​អនុវត្ត​ភារកិច្ច​ដោយ​មន្រ្តី​ល្បាត ​សមាជិក​សហគមន៍​សរុប​ចំនួន​ ៥៨៨ នាក់​ផ្សេង​ទៀត​ក៏​បាន​ និង​កំពុង​ចូលរួម​ក្នុង​សកម្មភាព​ល្បាត​ជា​ប្រចាំ​នៅក្នុង​តំបន់​ការពារ​ព្រៃ​សហគមន៍​របស់ខ្លួន​ផងដែរ​៕​​