
សមត្ថកិច្ចស្រុកទឹកឈូ ចុះទៅហាមឃាត់គ្រឿងចក្រក្រុមហ៊ុន កំពតផត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ រូបថត ហ្វេសប៊ុក
កំពតៈ អាជ្ញាធរស្រុកទឹកឈូ កំពុងធ្វើរបាយការណ៍ដាក់ជូនទៅអាជ្ញាធរខេត្តកំពត ដើម្បីមានវិធានការលើក្រុមហ៊ុនកំពតផត បន្ទាប់ពីបានចុះទៅហាមឃាត់ក្រុមហ៊ុននេះ ឲ្យផ្អាកសកម្មភាពឈូសឆាយប៉ះពាល់ដល់ដីពលរដ្ឋ ១៩ គ្រួសារ នៅចំណុចភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ កាលពីថ្ងៃទី ៣ ខែសីហា។
លោក អ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ ថ្លែងពីម្សិលមិញថា ពេលនេះអាជ្ញាធរស្រុកកំពុងធ្វើរបាយការណ៍ ដើម្បីដាក់ជូនទៅរដ្ឋបាលខេត្ត រកវិធានការដោះស្រាយបន្ត បន្ទាប់ពីបានចុះទៅធ្វើការហាមឃាត់គ្រឿងចក្រក្រុមហ៊ុនកំពតផតឲ្យផ្អាកសកម្មភាពឈូឆាយដីប៉ះពាល់ចូលដល់ដីប្រជាពលរដ្ឋ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូកាលពីថ្ងៃទី ៣ ខែសីហា។
លោកអភិបាលរងស្រុកបន្តថា ការចុះទៅហាមឃាត់សកម្មភាពឈូសឆាយដី នៅទីតាំងនោះធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ បានចោទប្រកាន់ថា ក្រុមហ៊ុនកំពតផតកំពុងធ្វើសកម្មភាពរំលោភលើដីរបស់ខ្លួន។
លោកថ្លែងថា៖ «ការចុះមកពេលនេះ យើងធ្វើការហាមឃាត់សកម្មភាពគ្រឿងចក្រឲ្យផ្អាកសិន។ រង់ចាំការដោះស្រាយ ពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធរួចរាល់ ទើបអាចឲ្យបន្តធ្វើ សកម្មភាពបាន»។
លោកបានបញ្ជាក់ថា កន្លងមកអាជ្ញាធរបានកោះអញ្ជើញតំណាងក្រុមហ៊ុនជាច្រើនសារឲ្យចូលរួមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តែត្រូវខាងក្រុមហ៊ុនបដិសេធ និងបន្តធ្វើសកម្មភាពឈូសឆាយលើដីប្រជាពលរដ្ឋដែលនៅជាប់ក្បែរនោះដោយសំអាងថា ជាដីរបស់ក្រុមហ៊ុន។
លោក ចំរើន ចាន់នុំ តំណាងប្រជាពលរដ្ឋ ១៩ គ្រួសារ និយាយថា ដីពួកគាត់ មានបណ្ណកាន់កាប់ត្រឹមត្រូវ និងបានអាស្រ័យផលជាច្រើនឆ្នាំ ដែលកន្លងមក មិនដែលមានបញ្ហាអ្វីកើតឡើងទេ។ ប៉ុន្តែចាប់តាំងពីដីនៅខេត្តកំពតឡើងថ្លៃនៅឆ្នាំ ២០១៩ រហូតមក ក្រុមហ៊ុនចេះតែវាទព្រំរបស់ខ្លួនកាន់តែធំទៅៗ រំលងភ្នំ ឆ្លងអូរ រហូតមកដល់ដីពលរដ្ឋ។
លោកថ្លែងថា៖ «ពួកខ្ញុំស្នើសុំឲ្យអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ជួយជំរុញ និងពន្លឿនការដោះស្រាយជូនពួកគេឱ្យបានឆាប់រហ័សបំផុត។ ព្រោះបច្ចុប្បន្នក្រុមហ៊ុន មិនត្រឹមតែបំផ្លាញដំណាំ និងវាយកម្ទេចរបងព្រំដីនោះទេ ថែមទាំងយកគ្រឿចក្រមកឈូសឆាយតាមអំពើចិត្តទៀតផង»។
បើតាមលោក ចាន់នុំ ក្រុមហ៊ុននៅតែបន្តឲ្យគ្រឿងចក្រឈូសឆាយថែមទៀត បើទោះបីជាអាជ្ញាធរស្រុកបានចុះទៅណែនាំឲ្យមានការផ្អាកដើម្បីដោះស្រាយក៏ដោយ ។ លោកថា ក្រុមហ៊ុនបានឈូសឆាយចូលដីពលរដ្ឋប្រមាណ ជិត ៤០ ហិកតាហើយ គិតមកដល់ថ្ងៃទី ៥ ខែសីហា។
លោក គិត វុធ ប្រធានការិយាល័យដែនដីស្រុកទឹកឈូ ថ្លែងពីម្សិលមិញថា លោកមិនបានដឹងពីរឿងនេះទេ ថ្វីបើលោកអភិបាលរងស្រុក បានចុះទៅផ្ទាល់ដល់ទីតាំងនោះក្តី។
លោកថ្លែងថា៖«បើមានបេសកកម្ម (ចុះទៅមើលដីជម្លោះ) ទោះបីខ្ញុំមិនបានចុះទៅ ក៏មានមន្ត្រីខ្ញុំចុះទៅដែរ ប៉ុន្តែនេះខ្ញុំអត់បានដឹងផង ហើយមកដល់ថ្ងៃនេះ [ថ្ងៃទី ៥ ខែសីហា] មិនទាន់ឃើញក្រុមហ៊ុន ធ្វើការទាក់ទងមកខាងជំនាញខ្ញុំ ដើម្បីបំពេញបែបបទទៅតាមផ្លូវច្បាប់នោះដែរ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកប្រភព ដើម្បីទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនកំពតផតបានទេ នៅថ្ងៃទី ៥ ខែសីហា៕
វីដេអូ៖