ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី-ខេត្ដ​បាន​ជាង ៧៣ ភាគរយ​នៃ​ជន​ជាប់ឃុំ​សរុប​ជាង ៣៧ ០០០ នាក់​ហើយ ក៏​កំពុង​បន្ដ​ការចាក់​វ៉ាក់សាំង​ប្រភេទ Johnson & Johnson ដល់​ជន​ជាប់ឃុំ តាម​ពន្ធនាគារ​ចំនួន ៧ ខេត្ដ និង​គ្រោង​បញ្ចប់​ឱ្យបាន​ឆាប់។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី ៣ ខែសីហា លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានធ្វើ​ដំណើរ​ទៅ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ ដែលមាន​មន្ទីរពេទ្យ ១៦ ឧសភា​ ជា​សេនាធិការ​ផ្នែក​សុខាភិបាល ដើម្បី​ស្នើសុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ប្រភេទ Johnson & Johnson ចាក់​ជូន​ដល់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន ៧ បន្ថែមទៀត ដើម្បី​បង្គ្រប់​ឱ្យ​ជន​ជាប់ឃុំ​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ បាន​គ្រប់ៗ​គ្នា។

លោក​ថ្លែងថា៖ «កាលពី​ថ្ងៃទី ៣ ខែសីហា នេះ​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ប្រភេទ Johnson & Johnson នេះ​ដល់​ពន្ធនាគារ​ខេត្ដ​ត្បូងឃ្មុំ​រួចហើយ»។ លោក​បន្តថា៖ «សម្រាប់​ពន្ធនាគារ​ចំនួន ៧ ទីតាំង​ទៀត គឺ​ពន្ធនាគារ​ខេត្ដ​សៀមរាប ឧត្ដរមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ក្រចេះ ស្ទឹងត្រែង និង​ខេត្ដ​មណ្ឌលគិរី​យើង​នឹង​បន្ត​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ប្រភេទ Johnson & Johnson នេះ​ជូន​ជនជាប់ឃុំ​សរុប​ដែលមាន​ចំនួន ៤ ៩០៧ នាក់»។ បើតាម​លោក សវនា រហូតមកដល់​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​សរុប​បាន​ប្រមាណ ៧៣ ភាគរយ​នៃ​ជនជាប់ឃុំ​សរុប​ជាង ៣៧ ០០០ នាក់។

លោក​ថា៖ «ការចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ជិត ៥ ពាន់​នាក់​ទៀត​នេះ យើង​សង្ឃឹមថា យើង​នឹង​សម្រេចបាន​តាម​ផែនការ​ក្នុងពេលឆាប់ៗ»។

លោក សវនា បញ្ជាក់ថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ គ្រប់គ្រាន់​សម្រាប់​ចាក់​ដល់​ជន​ជាប់ឃុំ ហើយ​នៅមាន​វ៉ាក់សាំង​សេសសល់​ប្រភេទ​វ៉ាក់សាំង AstraZeneca ផងដែរ។

លោក​បន្តថា តាមរយៈ​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី ៥ ខែ​សីហា ​​លោក ឆែម សាវុធ បាន​ដឹកនាំ​ប្រជុំ។ ដូច្នេះ​ចំពោះ​វ៉ាក់សាំង​ដែល​នៅ​សេសសល់​នឹង​អាច​យកទៅ​ចាក់​ដល់​មន្ដ្រី​ជួរមុខ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ។ តាម​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន វីរុស​កូវីដ ១៩ ប្រភេទ​ថ្មី (Delta) បាន​វាយលុក​ចូលដល់​ក្នុង​សហគមន៍​ហើយ។ ដូច្នេះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​សិក្សា​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​រឹតបន្ដឹង​បន្ថែម​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​ទប់ស្កាត់​កុំឱ្យ​វីរុស​ប្រភេទ​ថ្មី​នេះ​ហូរ​ចូល​បាន។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងពេល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី ៣ ខែ​សីហា ថា កន្លងមក​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​យកចិត្ដ​ទុកដាក់​ខ្លាំងណាស់ ទោះបីជា​ជន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក៏​ត្រូវ​ផ្ដល់​វ៉ាក់សាំង​ចាក់​ជូន​ឱ្យបាន​មួយចំនួន​ហើយ​ដែរ។

លោកស្រី​ថ្លែងថា៖ «បងប្អូន​យើង​មួយចំនួន​នៅក្នុង​ពន្ធនាគារ​តាម​បណ្ដា​ខេត្ដ​បានទទួល​វ៉ាក់សាំង​រួចហើយ។ បងប្អូន​យើង​គាត់​ទទួលបាន​វ៉ាក់សាំង​ទៅតាម​ពេលវេលា​ដែលមាន​វ៉ាក់សាំង ព្រោះ​យើង​មិនអាច​អង្គុយចាំ កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ទេ។ កាលណា​មាន​វ៉ាក់សាំង​អី យើង​ជំរុញ​ទៅដល់​ពួកគាត់​ឱ្យធ្វើ​ការចាក់។ ដូច្នេះ​ខេត្ដ​មួយចំនួន​ក៏​គាត់​បាន​ប្រើ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម ស៊ីណូវ៉ាក់​រួច​ហើយ​ដែរ»។

លោកស្រី​បន្តថា៖ «យើង​សង្ឃឹមថា​នៅតាម​វគ្គ​នេះ​ទៀត [ការទទួល​បាន​វ៉ាក់សាំង​លើកក្រោយ​នេះ] អ្នក​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​គាត់​នឹង​ទទួលបាន​វ៉ាក់សាំង​គ្រប់ៗ​គ្នា​មិនមាន​អ្នក​ណាមួយ​ដែលថា​អត់​ទេ»។

អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​មិនត្រឹម​តែ​ទទួលបាន​វ៉ាក់សាំង Johnson & Johnson នោះទេ កាលពី​វគ្គ​មុន [ពេល​ទទួលបាន​វ៉ាក់សាំង​កន្លងមក] លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​យកចិត្ដ​ទុកដាក់​ណាស់ ទោះបីជា​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក៏ដោយ​គឺ​បាន​ផ្ដល់នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ជូន​ដល់​ពួកគាត់​ឱ្យបាន​ចាក់​គ្រប់ៗ​គ្នា។ នេះ​ជាការ​បញ្ជាក់​របស់​លោកស្រី​ វណ្ណឌីន។

បើតាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ​រហូត​មក​ដល់​បច្ចុប្បន្ន មាន​ជន​ជាប់ឃុំ​ចំនួន ៥ នាក់​បាន​ស្លាប់​ដោយសារ​កូវីដ ១៩ តាម​ពន្ធនាគារ​រាជធានី-ខេត្ដ ក្រោយពី​វីរុស​កូវីដ ១៩ បាន​ឆ្លង​រីករាលដាល​ចូល​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្រោយ​ផ្ទុះ​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមក៕