កំពង់ឆ្នាំៈ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាននិង​កំពុង​ចុះ​ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​ចំនួន ៥ នាក់ ​ដែលជា​ម្ចាស់​ស្រែ នៅក្បែរ​តំបន់​ដីព្រៃ​លិចទឹក​បាន​លួច​ឈូសឆាយ​ពង្រីក ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ចំនួន​ជិត ១០ ហិកតា​ ស្ថិតនៅ​ក្នុង​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។

លោក លី ឡា នាយខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៥ ខែ​ កក្កដា ឆ្នាំ ២០២១ ថា ក្រុមអ្នក​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នេះ ត្រូវបាន​សន្និដ្ឋាន​ដំណាក់កាល​ដំបូង​គឺជា​ប្រជាពលរដ្ឋ​ដែលមាន​ដីស្រែ​នៅ​ទីនោះ ហើយ​បាន​រុករាន និង​ឈូសឆាយ​កន្ទុយ​ដីស្រែ​របស់គាត់​ចូលទៅ​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ។

លោក​បាន​ថ្លែងថា៖ «យើង​សង្ស័យថា ម្ចាស់​ស្រែ​ហ្នឹង​ជា​អ្នក​ទន្ទ្រាន ប៉ុន្តែ​យ៉ាងណា​យើង​កំពុង​ស្រាវជ្រាវ​រកមើល ដើម្បី​ធ្វើ​កំណត់ហេតុ​ឱ្យ​ច្បាស់ ដើម្បី​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ»។

លោក លី ឡា ថ្លែង​ថា កន្លងមកនេះ​សមត្ថកិច្ច​បាន​បញ្ជូន​ករណី​ប្រជាពលរដ្ឋ ដែល​ចូលទៅ​ទន្ទ្រាន​រាន​យក​ដីព្រៃ​លិចទឹក​មាន​ចំនួន​ជាង ៣០ នាក់ ហើយ​អ្នកខ្លះ​ក៏ត្រូវ​បានឱ្យ​នៅក្រៅ​ឃុំ​ដោយ​តុលាការ​យល់ឃើញ​ពួកគាត់​ធ្វើ​ ដើម្បី​តែ​ក្រពះ និង​អ្នក​ខ្លះទៀត​ក៏​ស្ថិតនៅក្នុង​ពន្ធនាគារ​នៅឡើយ​ទេ។

លោក លី ឡា ថ្លែងថា ដីព្រៃ​លិច​ទឹក​ជា​ទីតាំង​សម្រាប់​ជម្រក​ត្រី​ពង​ និង​កូន បន្ទាប់ពី​ទឹកឡើង​មកម្តង។ ប៉ុន្តែ​ពលរដ្ឋ​មិនបាន​ដឹង​ពី​បញ្ហា​នេះ​នោះ​ទេ ពួកគាត់​តែងតែ​ចូលទៅ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​សម្រាប់​ធ្វើ​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់។

អ្នកសម្របសម្រួល​អង្គការ អាដហុក ប្រចាំខេត្ត​កំពង់ឆ្នាំង​លោក សំ ច័ន្ធគា បានបង្ហាញ​ការគាំទ្រ ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ការចុះ​ស្រាវជ្រាវ ស្វែងរក​ជនល្មើស​ដែល​ចូលទៅ​ទន្ទ្រានរាន​យក​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ ដែល​ជា​ជម្រក​ត្រី​ពង​កូន​របស់​មច្ឆជាតិ​នៅក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​នេះ៕