ភ្នំពេញៈ ត្រឹម​ថ្ងៃទី ៤ ខែសីហា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៧,៧ លាន​នាក់ ក្នុង​នោះបាន​ចាក់​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ បាន​ជាង ១៦ ម៉ឺន​នាក់ ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​កំពុង​ពង្រីក​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ និង​យុវវ័យ​បន្ថែម។

តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ដល់​ថ្ងៃទី ៤ ខែសីហា ឆ្នាំនេះ​អ្នក​ចាក់​វ៉ាក់សាំង​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ចាក់​បាន​ចំនួន​ជាង ៧,៥ លាន​នាក់​ស្មើនឹង ៧៥,៤២ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់ និង​កុមារ​យុវវ័យ អាយុ​ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ​ចាក់​បាន​ចំនួន​ជាង ១៦ ម៉ឺន​នាក់ ស្មើនឹង ៨,២៩% ធៀប​នឹង​ប្រជាជន​គោលដៅ​ប្រមាណ ២ លាន​នាក់។ បើ​សរុប​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​គឺ​មាន​ជាង ៧,៧ លាន​នាក់។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃទី ៥ ខែសីហា ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី ១៩ ដែលជា​ជំនួយ​របស់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ជាង ៤ សែនដូស​បាន​ថ្លែងថា ដោយ​យល់​យ៉ាងច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង រាជរដ្ឋាភិបាល​បាន​ខិតខំ និង​ព្យាយាម​ស្វែងរក​វ៉ាក់សាំង​តាម​យន្តការ​ដែល​មាន​ជា​ទ្វេភាគី​ក្តី ជា​ពហុភាគី​ក្តី ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា៖ «ចាប់តាំងពី​ថ្ងៃទី ១០ ខែកុម្ភៈ​ឆ្នាំ ២០២១ កម្ពុជា​បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ហើយ​ចាប់ពី​ថ្ងៃទី ១ ខែ​សីហា ២០២១ កម្ពុជា ក៏បាន​សម្រេច​បោះ ១ ជំហាន​ទៀត គឺ​ការចាប់ផ្ដើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ​ដែល​មាន​ប្រមាណ ២ លាន​នាក់​បន្ថែមទៀត»។

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៤ ខែសីហា ក៏បាន​សម្រេច​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយទៀត​ក្នុង​ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់ អាយុ​ពី ១២ ឆ្នាំ​ដល់ ១៧ ឆ្នាំ។ ទីតាំង​ថ្មី​ដែល​បន្ថែម​នេះ ស្ថិតនៅ​មន្ទីរ​សម្រាក​ព្យាបាល អូឡាំព្យ៉ា មេឌីខល នៅ​ខណ្ឌ ៧ មករា។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា កន្លងមក​ធ្លាប់បាន​ជូនដំណឹង​អំពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ នៅតាម​មណ្ឌលសុខភាព និង​មន្ទីរពេទ្យបង្អែក សរុប​ចំនួន ៣៩ ទីតាំង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង ១៤ ចាប់ពី​ថ្ងៃទី ១ រហូត​ដល់​ថ្ងៃទី ១៤ សីហា ឆ្នាំ ២០២១ សម្រាប់​ដូស​ទី ១។

បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​មាតាបិតា និង​អាណាព្យាបាល​ជាច្រើន​បាន​នាំ​បុត្រធីតា និង​សាច់ញាតិ​របស់ខ្លួន​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​យ៉ាងច្រើន​កុះករ​ដែលជា​ការរួមចំណែក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ទាំងអស់ ដែលមាន​បំណង​ចង់​ចូលរួម​ផ្ដល់​សេវា​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខឿន​សុខុមាលភាព​សាធារណៈ ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ​អាច​ធ្វើការ​ស្នើសុំ​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​គតិយុត្ត និង​លិខិតបញ្ជាក់ផ្សេងៗ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បានឱ្យដឹង​ពី​ម្សិលមិញ​ថា កុមារ និង​យុវវ័យ ក្នុង​ខេត្ដ​ព្រះសីហនុ ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ ១៩ គិត​ត្រឹម​ថ្ងៃទី ៤ ខែ​សីហា មាន​ចំនួន​សរុប ១៩ ៦៦៤ នាក់ ស្មើនឹង ៧៩,៥ ភាគរយ​បើ​ធៀប​នឹង​ចំនួន​កុមារ និង​យុវវ័យ​គោលដៅ​សរុប​ដែល​ត្រូវ​ចាក់​ប្រមាណ ២៤ ៧២៦ នាក់។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ នេះ ប្រកាស​ពី​ការរកឃើញ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ចំនួន ១៩ នាក់​បន្ថែមទៀត ខណៈ​អ្នកឆ្លង​ថ្មី​ក្រសួង​បន្ត​រកឃើញ​ចំនួន ៥៩១ នាក់ និង​អ្នកជំងឺ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៦១៨ នាក់។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី ៥៩១ នាក់​នេះ គឺមាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ១៨៣ នាក់ និង​ឆ្លង​ក្នុង​សហគមន៍​ចំនួន ៤០៨ នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ១៩ នាក់។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ៨០ ២២៥ នាក់​ក្នុង​នោះ​អ្នក​ជាសះស្បើយ​សរុប​មាន ៧៣ ៤២១ នាក់ និង​អ្នកស្លាប់​សរុប​កើនឡើង​ដល់​ចំនួន ១ ៥០៧ នាក់៕