កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​គ្រោង​កាត់​ឃុំ​ចំនួន ៤ ក្នុងស្រុក​រលាប្អៀរ ដើម្បី​ដាក់បញ្ចូល​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​គម្រោង​នេះ​នឹង​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ក្នុង​ពេលឆាប់ៗ ដើម្បី​ពង្រីក​ទីក្រុង និង​រៀបចំ​ផែនការមេ​ទីក្រុង​ជាថ្មី ឈាន​ទៅ​រក​ការអភិវឌ្ឍ​បន្ថែមទៀត ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរីកចម្រើន​របស់​ប្រជាជន។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៤ ខែសីហា​ថា តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត គឺ​គ្រោង​នឹង​កាត់​ឃុំ​មួយចំនួន​ក្នុងស្រុក​រលាប្អៀរ ដើម្បី​ដាក់បញ្ចូល​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​រួមទាំង​រៀបចំ​ប្លង់​មេ​ថ្មី ទូទាំង​ក្រុង​ផងដែរ។ ការពង្រីក​ក្រុង​កំពង់ឆ្នាំង​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​ទីក្រុង​ឱ្យស្រប​តាម​ស្តង់ដា។

លោក​បញ្ជាក់ថា គម្រោង​នេះ​រដ្ឋបាលខេត្ត​បាន​សិក្សា​មួយរយៈ​ហើយ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ព្រោះ​ក្រុង​កំពង់ឆ្នាំង ត្រូវតែ​ពង្រីក ដោយសារ​តែ​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ។ លោក​បន្តថា៖ «ដូច្នេះ យើង​បាន​សិក្សា​រួចហើយ​ថា ក្រុង​ត្រូវ​ពង្រីក​យក​ប៉ុន្មាន​ឃុំ​បន្ថែមទៀត បង្កើតជា​សង្កាត់​ថ្មី ១ ដែលមាន​ឈ្មោះថា ភ្នំ​ក្រាំងដីមាស។ យើង​កំពុងធ្វើការ​បន្តបន្ទាប់​ទៀត»។

បើតាម​លោក ស៊ុន សុវណ្ណារិទ្ធិ តាម​គម្រោង​ការកាត់​ឃុំ​ចំនួន ៤ របស់​ស្រុក​រលាប្អៀរ គឺមាន​ឃុំ​ជ្រៃបាក់ ឃុំ​ស្រែថ្មី ឃុំ​ស្វាយជ្រុំ ឃុំ​ពង្រ ដែល​នឹងត្រូវ​បញ្ចូល​ជា​ឃុំ ១ ថ្មី ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង។

លោក​បញ្ជាក់ថា៖ «មកដល់ពេលនេះ ប្លង់​មេថ្មី​សម្រាប់​ក្រុង​កំពង់ឆ្នាំង គឺ​ត្រូវ​បានរៀបចំ​បាន​ប្រមាណ ៩០ ភាគរយ​ហើយ ហើយ​ក្នុងករណី​ដែល​បញ្ចប់​ការរៀបចំ​ប្លង់​មេថ្មី​នេះ រដ្ឋបាលខេត្ត​នឹង​ដាក់​សំណើសុំ​គោលការណ៍​សម្រេច​ពី​រដ្ឋាភិបាល ដើម្បី​អនុម័ត​ប្លង់មេ និង​ការកាត់​បញ្ចូល​បន្ថែម​នូវ​ឃុំ​ចំនួន ៤ នេះ»។

គម្រោង​ពង្រីក និង​រៀបចំ​ប្លង់​មេ​ទីក្រុង​កំពង់ឆ្នាំង គឺមាន​ការចូលរួម​ពី ADB និង​អង្គការ GIZ ដោយ​បាន​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា។

បើតាម​លោក​ ស៊ុន សុវណ្ណារិទ្ធិ គម្រោង​នេះ​បាន​សិក្សា​ជាច្រើន​ឆ្នាំ​រួចមកហើយ អម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ដទៃទៀត។

លោក យិន សាវេន អភិបាលក្រុង​កំពង់ឆ្នាំង បាន​និយាយថា នេះ​គឺជា​ភាព​រីកចម្រើន​មួយ​សម្រាប់​ក្រុង​កំពង់ឆ្នាំង​ទាំងមូល ដែល​ទាមទារ​ឱ្យមាន​ការពង្រីក​វិសាលភាព និង​ផ្ទៃដី ដើម្បីឱ្យ​ស្របទៅនឹង​ភាពរីកចម្រើន​របស់​ក្រុង​ក្នុងពេល​បច្ចុប្បន្ន។

ក្រុង​កំពង់ឆ្នាំង​ គឺមាន​សង្កាត់​ចំនួន​ ៤ រួចមកហើយ ហើយ​បើ​មាន​ការបង្កើត​សង្កាត់​ថ្មី ដើម្បី​ពង្រីក​ផ្ទៃដី និង​ប្រជាជន​បន្ថែមទៀត គឺ​កាន់តែ​ប្រសើរ ដោយ​លោក​ សាវេន បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការគ្រប់គ្រង​ឱ្យបាន​កាន់តែ​ល្អ​បន្ថែមទៀត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់ថា៖ «ជា​គំនិត​របស់ខ្ញុំ បើ​រដ្ឋបាលខេត្ត​លោក​រៀបចំ ខ្ញុំ​សូម​អរគុណ​ណាស់ ដើម្បី​យើង​បាន​ពង្រីក​ក្រុង​ឱ្យមាន​វិសាលភាព​ធំ ទៅតាម​ស្តង់ដា​របស់​រាជរដ្ឋាភិបាល។ ការពង្រីក​នេះ ធំ​ប៉ុនណា​ក៏​ខ្ញុំ​នឹង​ព្យាយាម​ធ្វើការ​គ្រប់គ្រង​ឱ្យបាន​ល្អ​ទៅ​តាម​ការសម្រេច​របស់​ថ្នាក់ដឹកនាំ»។

ខេត្ដ​កំពង់ឆ្នាំង​ត្រូវបាន​បែងចែក​ជា​ក្រុង ១ ស្រុក​ចំនួន ៧ សង្កាត់​ចំនួន ៤ ឃុំ​ចំនួន ៦៦ និង​ភូមិ​ចំនួន ៥៦៩ ភូមិ។ ខេត្ដ​ដែល​នៅជាប់​បឹង​ទន្លេសាប​មួយ​នេះ មាន​ផ្ទៃដី​សរុប ៥៥២ ១០០ ហិកតា មាន​ប្រជាជន​ចំនួន ១៣០ ៩៧៨ គ្រួសារ ស្មើនឹង ៥៥០ ៨៩០ នាក់ ហើយ​អត្រាកំណើន​ប្រជាជន​ប្រចាំឆ្នាំ​មាន​ចំនួន ១,២៨ % ខណៈ​ទំហំ​គ្រួសារ​ជា​មធ្យម ៤,២១ នាក់/គ្រួសារ។ នេះ​បើតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត៕