ភ្នំពេញៈ ​សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស ១៨ នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ខណៈ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ធ្វើបាន​ចំនួន ១ ៦៩១ ទីតាំង និង​អនុវត្ត​វិធានការ​ច្បាប់​បាន ៨២២ ករណី ហើយ​បាន​អប់រំ និង​ពិន័យ​បាន​ចំនួន​ជាង ១ ០០០ នាក់​ កាលពី​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១។

តាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) ចុះ​ថ្ងៃទី ៤ ខែ​សីហា​បាន​ឱ្យដឹងថា សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស ១៨ នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​បាន​រកឃើញថា ពួកគេ​ពាក់ព័ន្ធ​នឹង​បទល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ១ ៦៩១ ទីតាំង និង​អនុវត្ត​វិធានការ​ច្បាប់​មាន​ចំនួន ៨២២ ករណី ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​មក​អប់រំ និង​ពិន័យ​ចំនួន ១ ៣៥៤ នាក់ និង​ឃាត់​យានយន្ត​ចំនួន ៧៣៤ គ្រឿង ពិន័យ​ជា​ប្រាក់ ចំនួន ៣០ ៧០០ ០០០ លាន​រៀល​ផងដែរ។

លោក សាន សុខសីហា អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​នគរបាល​រាជធានី-ភ្នំពេញ​ក្នុងការ​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មាន​ការថយចុះ​ជា​បន្តបន្ទាប់។

លោក​បាន​ថ្លែងថា៖ «យប់មិញ​នេះ[យប់​ថ្ងៃទី ៤ ខែ​សីហា] យើង​ឃាត់​បាន​យានយន្ត ១២១ គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត ៣៩ គ្រឿង ហើយ​យើង​បាន​ផាកពិន័យ​នៅនឹងកន្លែង​ចំនួន ៤១ គ្រឿង​ក្នុង​នោះ​មាន​រថយន្ត ១៥ គ្រឿង​សល់​ប៉ុន្មាន​ទៀត​យើង​យកទៅ​រក្សាទុក​នៅតាម​ខណ្ឌ​ដើម្បី​ផាកពិន័យ​បន្ត»។

លោក​ សាន សុខសីហា បានបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី ៤ ខែសីហា សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស ១៦ នាក់​ទាក់ទង​ការល្មើស​បម្រាម​គោចរផ្សេងៗ​ផងដែរ ដើម្បី​យកមក​ខណ្ឌ​សាកសួរ​បន្ត។ លោក​ថា ប្រសិនបើ​ករណី​ត្រឹមតែ​ល្មើស​ធម្មតា សមត្ថកិច្ច​អាច​ផាកពិន័យ​តាមច្បាប់ ប៉ុន្តែ​បើ​សួរនាំ​ដឹងថា ល្មើស​ធ្ងន់ធ្ងរ បង្ក​បាតុភាព ឬ​បញ្ហា​អ្វីផ្សេងៗ នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

ដោយឡែក​នៅ​ក្រុង​តាខ្មៅ លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ​បាន​ថ្លែងថា ការចុះ​ប្រតិបត្តិការ​នៅ​យប់​ថ្ងៃទី ៤ ខែសីហា សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​បាន ១៤ នាក់​បញ្ជូន​ទៅ​ខណ្ឌ​ដើម្បី​សួរនាំ និង​រៀបចំ​សំណុំរឿង​ជាក់ស្តែង​ទៅ​តុលាការ។

លោក​បាន​ថ្លែងថា៖ «លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឱ្យ​ជួបជុំ​ហូបចុក​ផឹកស៊ី​ល្មើស​វិធានការ​សុខាភិបាល​ទេ ហើយ​ជាពិសេស​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៩ យប់​ទៅ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ការធ្វើដំណើរ​នៅលើ​ដងផ្លូវ ដើម្បី​ការពារ​ជំងឺឆ្លង​កូវីដ ប៉ុន្តែ​នៅក្នុង​ក្រុង​តាខ្មៅ​ពលរដ្ឋ​លោក​សហការ​បានល្អ ព្រោះ​ខ្ញុំ​ដើរ​មើល​ត្រឹម​ម៉ោង ៩ អីហ្នឹង​គឺ​ស្ងាត់ឈឹង​អស់ហើយ»៕